របកគំហើញទាំងនេះបង្ហាញថា កំណត់ត្រានៃជីវិតរបស់សាវ័ក ប៉ុល ដែលបានសរសេរនៅក្នុងកណ្ឌគម្ពីរកិច្ចការ និងនៅក្នុងកណ្ឌសំបុត្ររបស់គាត់ត្រូវគេកត់ត្រាយ៉ាងត្រឹមត្រូវ។ មនុស្ស ទីកន្លែង និងព្រឹត្តិការណ៍ជាច្រើនដែលមានឈ្មោះក្នុងកណ្ឌគម្ពីរកិច្ចការបានបញ្ជាក់តាមរយៈបុរាណវត្ថុវិទ្យា។

សូមចំណាំ៖ នេះជាវីដេអូប្លុក ដែលដកស្រង់ចេញចេញពីភាគទី១៣៩ នៃកម្មវិធីទូរទស្សន៍មួយ ដែលមានឈ្មោះថា «ការជជីករកសេចក្ដីពិត» ដោយសមាគមន៍សម្រាប់ការស្រាវជ្រាវនៃផ្នែកព្រះគម្ពីរ។
សាវ័ក ប៉ុល ជាគ្រីស្ទបរិស័ទមួយរូបដ៏មានឥទ្ធិពលបំផុតក្នុងសតវត្សរ៍ទីមួយ ដែលបានធ្វើដំណើរបេសកកម្មចំនួនបីលើក ដែលបានដាំក្រុមជំនុំនៅក្នុងទីក្រុងផ្សេងៗគ្នាទូទាំងចក្រភពរ៉ូម ព្រមទាំងបានសរសេរកណ្ឌគម្ពីរចំនួនយ៉ាងហោចណាស់ ១៣កណ្ឌ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ទោះបីមានអ្នករិះគន់ខ្លះបានចោទសួរពីភាពជាអ្នកនិពន្ធរបស់សាវ័ក ប៉ុល ទាក់ទងនឹងកណ្ឌគម្ពីរមួយចំនួនក្នុងចំណោមកណ្ឌគម្ពីរទាំងនេះក្ដី ក៏មិនមានអ្នកប្រាជ្ញណាម្នាក់ចោទសួរអំពីប្រវត្តិរបស់សាវ័ក ប៉ុល ឡើយ។ ជាងនេះទៅទៀត កំណត់ត្រានៃការធ្វើដំណើររបស់គាត់ ដូចដែលលោក លូកា បានសរសេរនៅក្នុងកណ្ឌកិច្ចការ បានបង្ហាញឲ្យឃើញម្តងហើយម្តងទៀតថា មានភាពត្រឹមត្រូវ។ នេះគឺជារបកគំហើញកំពូលទាំងដប់ដែលទាក់ទងនឹងសាវ័ក ប៉ុល។

ផ្លូវ វីអា តារូស (Via Taurus)ខាងជើង។ សាវ័ក ប៉ុល ទំនងជាធ្លាប់បានដើរឆ្លងកាត់ផ្លូវនេះ នៅពេលធ្វើដំណើរបេសកកម្មលើកទី២ និងលើកទី៣។ ប្រភពរូបភាព៖ Courtesy of Jerrell Jobe
លក្ខណៈពិសេសមួយដែលគេមើលរំលងក្នុងសម័យនៃគម្ពីរសញ្ញាថ្មី គឺផ្លូវថ្នល់។ ចក្រភពរ៉ូមបានចំណាយថវិកា និងពេលវេលាអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីសាងសង់ប្រព័ន្ធផ្លូវថ្នល់ទូទាំងចក្រភពរបស់ខ្លួន។ តាមពិត ពួកអ្នកប្រាជ្ញបានប៉ាន់ស្មានថា ពួករ៉ូម៉ាំងបានសាងសង់ផ្លូវបានជាង ៨៥២៩៥.២៣គ.ម. នៅសម័យអធិរាជ ឌីយ៉ូក្លេធៀន (Diocletian) ចន្លោះឆ្នាំ៣០០ នៃគ.ស.។1
ពួករ៉ូម៉ាំងកសាងផ្លូវនេះឡើង ដើម្បីចល័តទាហានទៅកាន់ទីកន្លែងណាមួយនៅក្នុងចក្រភពឲ្យបានលឿន។ សម្រាប់សាវ័ក ប៉ុល ផ្លូវទាំងនេះបានផ្តល់ជាមធ្យោបាយសម្រាប់គាត់ក្នុងការធ្វើដំណើរបេសកកម្ម ដើម្បីផ្សព្វផ្សាយដំណឹងល្អ។ អ្នកបុរាណវត្ថុវិទ្យាខាងគម្ពីរសញ្ញាថ្មីឈ្មោះលោក វីលៀម រ៉ាមសេ (William Ramsay) បានសន្និដ្ឋានថា៖ «ផ្លូវរបស់ពួករ៉ូម៉ាំងប្រហែលជាល្អបំផុតក្នុងកំឡុងសតវត្សរ៍ទី១ បន្ទាប់ពីលោក អូហ្គុស្តុស (Augustus) បានបញ្ចប់សង្គ្រាម និងភាពអណាធិបតេយ្យ…។ ហេតុដូច្នេះហើយ សាវ័ក ប៉ុល បានធ្វើដំណើរនៅសម័យកាលដ៏ល្អ និងមានសុវត្ថិភាពបំផុត។2

Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ស្ពានមួយរបស់ពួករ៉ូម៉ាំង ផ្លូវវីអា សេបាស្តេ (Via Sebeste) សាវ័ក ប៉ុល ទំនងជាបានដើរចន្លោះរវាងផ្លូវ អ៊ីកូនាម (Iconium) និងផ្លូវ ពីស៊ីឌា អន់ទីយ៉ូក (Pisidian Antioch) សម្រាប់ដំណើរបេសកកម្មលើកទី១របស់លោក។ ប្រភពរូបភាព៖ រូបភាពនេះបានមកពីលោក ម៉ាក វិលសុន (Mark Wilson)។ លោកអ្នកអាចសិក្សាបន្ថែមស្ដីពីផ្លូវ វីអា សេបាស្តេ តាម៖
https://www.anatolianroads.org/via-sebaste/
សំណល់ផ្លូវពួករ៉ូម៉ាំងមួយចំនួនដែលសាវ័ក ប៉ុល បានធ្វើដំណើរឆ្លងកាត់នោះ នៅតែមានរហូតដល់សព្វថ្ងៃនេះ។ គាត់បានដើរកាត់តាមផ្លូវ វីអា សេបាស្តេ (Via Sebeste) ពេលគាត់ធ្វើដំណើរឆ្លងកាត់រវាងក្រុងអ៊ីកូនាម និងទីក្រុងអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា ក្នុងដំណើរបេសកកម្មដំបូងបង្អស់របស់គាត់ (កិច្ចការ ១៣:៥១)។ គាត់បានធ្វើដំណើរតាមផ្លូវវីអា តារូស (Via Taurus) នៅពេលគាត់បានចាប់ផ្ដើមដំណើរបេសកកម្មលើកទីពីរ និងទីបីរបស់គាត់ (កិច្ចការ ១៥:៤១-១៦:១; ១៨:២៣)។3 ផ្លូវវីអា អ៊ីហ្គណាតៀ (Via Ignatia) គឺជាផ្លូវចម្បងរបស់ទីក្រុងរ៉ូមទៅកាន់ភាគខាងកើត ហើយសាវ័ក ប៉ុល បានដើរកាត់តាមផ្លូវនេះក្នុងដំណើរបេសកកម្មលើកទីពីររបស់គាត់ នៅពេលដែលគាត់បានធ្វើដំណើរទីក្រុងណាប៉ូលិស ទៅដល់ទីក្រុងភីលីព។ ទីបំផុត បន្ទាប់ពីសាវ័ក ប៉ុល បានអំពាវនាវទៅកាន់ស្ដេច សេសារ (កិច្ចការ ១៦:១១-១២; ២៥:១១) គាត់បានធ្វើដំណើរទៅទីក្រុងរ៉ូម។ ក្នុងដំណាក់កាលចុងក្រោយនៃការដំណើរនោះ គាត់បានដើរកាត់តាមផ្លូវ អាប់ភាស (Appian Way) សំណល់ផ្លូវនេះនៅតែឃើញមានរហូតដល់សព្វថ្ងៃនេះនៅក្បែរទីក្រុងរ៉ូម។
លោក ប៉ុល និងលោក បាណាបាស បានជួបលោក ស៊ើគាស-ប៉ូឡូស ជាកុងស៊ុលនៃកោះគីប្រុស ក្នុងអំឡុងពេលធ្វើដំណើរបេសកកម្មលើកដំបូងរបស់ពួកគេ។ គាត់ត្រូវគេពណ៌នាថាជា «អ្នកឆ្លៀវឆ្លាត លោកក៏ហៅបាណាបាស នឹងសុលមក ដើម្បីចង់ស្តាប់ព្រះបន្ទូល» (កិច្ចការ ១៣:៧)។ នៅទីបំផុត លោក ស៊ើគាស-ប៉ូឡូស បានទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ (កិច្ចការ ១៣:១២) ហើយបន្ទាប់ពីចាកចេញពីកោះគីប្រុស លោក ប៉ុល និងលោក បាណាបាស បានធ្វើដំណើរទៅកាន់ក្រុងអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា (កិច្ចការ ១៣:១៤)។
សិលាចារឹកជាច្រើនបាននិយាយអំពីមន្ត្រីរ៉ូម៉ាំងម្នាក់ឈ្មោះ ស៊ើគាស-ប៉ូឡូស ត្រូវគេរកឃើញ។ សិលាចារឹកទាំងនេះអាចសំដៅទៅលើបុរសដែលសាវ័ក ប៉ុល បាននាំឲ្យជឿលើព្រះគ្រីស្ទ។4 សិលាចារឹកទាំងនោះរួមមាន៖

ថ្មនេះដែលមានឈ្មោះលោក ស៊ើគាស-ប៉ូឡូស (Sergius Paulus) គេបានរកឃើញនៅជិតទីក្រុង អាន់ទីយ៉ូក នៅស្រុក ពីស៊ីឌា ដែលជាទីតាំងនៃទ្រព្យសម្បត្តិគ្រួសាររបស់គាត់។ប្រភពរូបភាព៖ HolyLandPhotos.org
សិលាចារឹកទាំងនេះបង្ហាញថា ពិតជាមានមន្ត្រីរ៉ូម៉ាំងដ៏សំខាន់ម្នាក់ឈ្មោះ ស៊ើគាស-ប៉ូឡូស នៅពាក់កណ្ដាលសតវត្សរ៍ទីមួយ។ គ្រួសាររបស់គាត់បានកាន់កាប់អចលនទ្រព្យមួយនៅភាគពាយព្យនៃទីក្រុង អាន់ទីយ៉ូក នៅស្រុកពីស៊ីឌា5 ដែលអាចជាមូលហេតុនៃទីកន្លែងសំចតបន្ទាប់របស់សាវ័ក ប៉ុល ក្រោយពីគាត់បាននាំលោក ស៊ើគាស-ប៉ូឡូស ឲ្យជឿលើព្រះគ្រីស្ទ។ មន្ត្រីកុងស៊ុលរូបនោះប្រហែលជាបានសុំឲ្យសាវ័ក ប៉ុល ចែកចាយដំណឹងល្អជាមួយនឹងគ្រួសាររបស់គាត់។
អ្នកប្រាជ្ញព្រះគម្ពីរសញ្ញាថ្មីឈ្មោះ បេន វីធើរីងតុនទី៣ (Ben Witherington III) បានសន្និដ្ឋានថា៖ «សរុបមក ភស្តុតាងសិលាចារឹកបង្ហាញយ៉ាងច្បាស់ថា ស៊ើហ្គី-ប៉ូល៉ូស នៅលើកោះគីប្រុស ហើយសិលាចារឹកជាភាសាឡាតាំងអំពីលោក លូស៊ុស នៃគ្រួសារនោះអាចនិយាយសំដៅដល់លោកតែម្ដង។ ដោយសារអ្វីដែលយើងបានដឹងអំពីដំណើររបស់ពួករ៉ូម៉ាំងនាពេលនោះ វាពិតជាអាចទៅរួចដែល [លោក ស៊ើគាស-ប៉ូឡូស បានធ្វើការជា] អ្នកមើលការខុសត្រូវនៃតំបន់ទន្លេ ធីប៊ើរ អាចមានមុន ឬក្រោយការគ្រប់គ្រងរបស់គាត់ក្នុងតួនាទីជាកុងស៊ុលនៅកោះគីប្រុស»។6

សិលាចារឹកអេរ៉ាស្ទុសនៅក្រុងកូរិនថូស៖ អក្សរដែលមានកំពស់ ១៧សង់ទីម៉ែត្រ ត្រូវបានគេចាក់បំពេញដោយសំរឹទ្ធពីមុន។
ប្រភពរូបភាព៖ Farrell Jenkins https://ferrelljenkins.blog/2013/10/23/the-erastus-inscription-at-corinth/
សាវ័ក ប៉ុល បានសរសេរសំបុត្រទៅកាន់ពួកអ្នកជឿនៅទីក្រុងរ៉ូម នៅពេលដែលគាត់កំពុងនៅទីក្រុងកូរិនថូស។ នៅចុងបញ្ចប់នៃសំបុត្រ គាត់បានផ្ញើការសួរសុខទុក្ខពីលោក អេរ៉ាស្ទុស «ជាអ្នកកាន់ឃ្លាំងប្រាក់របស់ក្រុង» (គកស១៦) ឬ «ជាមេត្រួតត្រាក្នុងទីក្រុង» (រ៉ូម ១៦:២៣ ពគប)។ ពាក្យជាភាសាក្រិកដែលគេប្រើគឺ អយកូណូម៉ុស (oikonomos) ដែលមានន័យថា «អ្នកគ្រប់គ្រង» ឬ«អ្នកត្រួតត្រា» ។ វាជាពាក្យទូទៅដែលសាវ័ក ប៉ុល ទំនងជាប្រើដើម្បីពណ៌នាអំពីតួនាទីរបស់លោក អេរ៉ាស្ទុស មិនមែនជាពាក្យផ្លូវការនោះទេ។
នៅឆ្នាំ១៩២៩ សិលាចារឹកមួយត្រូវគេរកឃើញនៅទីក្រុងកូរិនថូសនៅលើថ្មដ៏ធំមួយនៅជិតរោងមហោស្រពមួយ។ វាមានអាយុកាលនៅពាក់កណ្ដាលសតវត្សរ៍ទីមួយនៃគ.ស. ហើយអានដូច្នេះថា៖ «អេរ៉ាស្ទុស ជាថ្នូរនឹងភាពជាអ្នកត្រួតត្រាទីក្រុងរបស់គាត់ បានសាងសង់ [ផ្លូវ] ដោយចំណាយប្រាក់ផ្ទាល់ខ្លួន»។7 ទោះសព្វថ្ងៃនេះវាមានប្រហោងក៏ដោយ អក្សរដែលមានកម្ពស់ ១៧សង់ទីម៉ែត្រនេះ ទំនងជាត្រូវគេចាក់បំពេញដោយលង្ហិន។ មេត្រួតត្រាក្នុងទីក្រុង (ភាសាឡាតាំង អេដេល “aedile”) គឺជាមន្ត្រីជាប់ឆ្នោតជាផ្លូវការដែលមានមុខងារជាអ្នកគ្រប់គ្រងអាជីវកម្មរបស់ទីក្រុង ដោយមើលការខុសត្រូវអគារ ផ្លូវថ្នល់ ផ្សារ និងមូលនិធិសាធារណៈរបស់ទីក្រុង។8
មានហេតុផលល្អៗមួយចំនួនដើម្បីជឿថា សិលាចារឹកអេរ៉ាស្ទុស សំដៅទៅលើលោក អេរ៉ាស្ទុស ក្នុងសំបុត្ររបស់សាវ័ក ប៉ុល ដែលបានផ្ញើទៅកាន់ពួកអ្នកជឿនៅទីក្រុងរ៉ូម។ ទីមួយ អេរ៉ាស្ទុស គឺជាឈ្មោះដ៏កម្រមួយ ហើយសិលាចារឹកពីក្រុងកូរិនថូស គឺជាវត្ថុបុរាណតែមួយគត់ដែលមានឈ្មោះនេះ។ ទីពីរ សិលាចារឹកមានកាលបរិច្ឆេទយ៉ាងជាក់លាក់នៅក្នុងសម័យកាលដែលលោក អេរ៉ាស្ទុស នៅក្នុងព្រះគម្ពីររ៉ូម គាត់ធ្វើជាមន្ត្រីម្នាក់។ ហើយជាចុងក្រោយ ភស្តុតាងសិលាចារឹកពីទីក្រុងផ្សេងទៀតដូចជា ភីឡាដិលភា (Philadelphia), ស្មឺន៉ា (Smyrna) និង ហេរ៉ាប៉ូល (Hierapolis) បានបង្ហាញថាពាក្យ អយកូណូម៉ុស (oikonomos) អាចពិពណ៌នាអំពីមុខតំណែងរបស់មេត្រួតត្រាទីក្រុង។9 សរុបមក លោក អេរ៉ាស្ទុស នៅក្នុងសំបុត្ររបស់សាវ័ក ប៉ុល ទំនងជាមន្ត្រីជាន់ខ្ពស់នៅទីក្រុងកូរិនថូស ដែលដាក់ថ្មក្រាលធ្វើផ្លូវដោយចំណាយថវិកាផ្ទាល់ខ្លួនរបស់គាត់។

សិលាចារឹក ប៉ូលិថាច (Politarchs) មកពីទីក្រុងថែស្សាឡូនីច។ ប្រភពរូបភាព៖ HolyLandPhotos.org
មានមុខតំណែង និងតួនាទីខាងនយោបាយជាច្រើននៅទូទាំងចក្រភពរ៉ូមក្នុងសតវត្សរ៍ទីមួយ។ សាវ័ក ប៉ុល បានជួបនឹងមន្ត្រីមានមុខតំណែងផ្សេងៗគ្នាក្នុងអំឡុងពេលធ្វើដំណើរបេសកកម្មរបស់គាត់ ហើយលោក លូកា ដែលធ្វើដំណើរជាមួយគាត់បានកត់ត្រាទំនាក់ទំនងទាំងនេះយ៉ាងត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ពាក្យមួយចំនួនរបស់គាត់ដូចជា ពួកចៅហ្វាយ (politarchs) និងអាជ្ញាធរក្រុង (asiarchs) គឺកម្រមានណាស់នៅខាងក្រៅព្រះគម្ពីរ ដែលនាំឲ្យអ្នករិះគន់ក្នុងសតវត្សរ៍ទីដប់ប្រាំបួន និងទីម្ភៃបានចោទសួរអំពីកម្រិតភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្ររបស់លោក លូកា។ បុរាណវត្ថុវិទ្យាបានបញ្ជាក់ពីវេជ្ជបណ្ឌិតដ៏ល្អម្នាក់នោះ ហើយឥឡូវនេះយើងមានឧទាហរណ៍ជាច្រើនទាក់ទងនឹងពាក្យទាំងនេះ។
នៅក្រុងថែស្សាឡូនីច សាវ័ក ប៉ុល និងលោក ស៊ីឡាស បាននាំមនុស្សជាច្រើនឲ្យជឿលើព្រះគ្រីស្ទ រួមទាំងជនជាតិក្រិកដ៏ស្ម័គ្រស្មោះ និងស្ត្រីមានកេរ្តិ៍ឈ្មោះមួយចំនួនផងដែរ។ ពួកយូដានៅក្នុងទីក្រុងបានញុះញង់ឲ្យមានកុប្បកម្ម ហើយបានទៅផ្ទះរបស់លោក យ៉ាសុន ជាកន្លែងដែលសាវ័ក ប៉ុល និងលោក ស៊ីឡាស កំពុងស្នាក់នៅក្នុងគោលបំណង ដើម្បីចាប់ពួកគេ។ កណ្ឌគម្ពីរ កិច្ចការ ១៧:៦ បានចែងថា៖ «លុះរកមិនឃើញ ក៏ចាប់យ៉ាសុន នឹងពួកជំនុំខ្លះ កន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុង [Gk. politarchs] ដោយស្រែកថា ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ»។ នៅឆ្នាំ ១៨៧៦ សិលាចារឹកមួយត្រូវគេរកឃើញនៅលើក្លោងទ្វាររ៉ូម៉ាំងនៅសតវត្សរ៍ទី២ នៅពីលើច្រកទ្វារ វ៉ាដារ (Vardar Gates) នៅទីក្រុងថែស្សាឡូនីច។ សិលាចារឹកនោះចាប់ផ្តើមដោយការសរសេរដូច្នេះថា៖ «បម្រើជាអាជ្ញាធរក្រុង…» ហើយរាយឈ្មោះអ្នកដែលមានតំណែងជាអាជ្ញាធរក្រុងទាំងនោះ។10
កណ្ឌគម្ពីរ កិច្ចការ ១៩:៣១ យើងបានឃើញថា សាវ័ក ប៉ុល មានមិត្តភ័ក្ដិមួយចំនួនក្នុងចំណោមពួកចៅហ្វាយ (asiarchs) នៅក្រុងអេភេសូរ។ ពាក្យនេះត្រូវគេបកប្រែថា «ពួកចៅហ្វាយនៅស្រុកអាស៊ី» (ពគប) និង «មន្ត្រីក្រុង» (គខប) នៅក្នុងការបកប្រែព្រះគម្ពីរជាភាសាខ្មែរ។ ឥឡូវនេះ សិលាចារឹកអំពីពួកចៅហ្វាយ (asiarch) ត្រូវគេរកឃើញនៅក្នុងទីក្រុងជាង៤០ នៅទូទាំងទ្វីបអាស៊ី រួមទាំងទីក្រុងជាច្រើននៅក្នុងទីក្រុងអេភេសូរ ដែលមានអាយុកាល៥០ឆ្នាំ នៃសម័យសាវ័ក ប៉ុល។ រហូតមកដល់ពេលនេះពួកចៅហ្វាយចំនួន ១០៦នាក់ ទាំងបុរស និងស្ត្រី ដែលគេបានស្គាល់នៅក្នុងទីក្រុងអេភេសូរ។11
សាវ័ក ប៉ុល ត្រូវពួកយូដាចាប់ខ្លួននៅក្រុងយេរូសាឡិមដោយយល់ច្រឡំថាគាត់បាននាំសាសន៍ដទៃម្នាក់ចូលទៅក្នុងទីធ្លាខាងក្នុងព្រះវិហារ។ ព្រះគម្ពីរកត់ត្រាយ៉ាងដូច្នេះថា «នោះពួកសាសន៍យូដាពីស្រុកអាស៊ី គេឃើញប៉ុលក្នុងព្រះវិហារ ក៏ញុះញង់ដល់បណ្តាមនុស្សទាំងប៉ុន្មាន រួចលូកដៃទៅចាប់យកគាត់ ហើយស្រែកថា នែ អ្នករាល់គ្នា ជាសាសន៍អ៊ីស្រាអែលអើយ មកវ៉ឺយជួយគ្នា នេះហើយជាមនុស្សដែលបង្រៀនដល់មនុស្សទាំងអស់ នៅគ្រប់ទីតំបន់ ឲ្យទាស់នឹងសាសន៍យើង នឹងក្រឹត្យវិន័យ ហើយទីនេះដែរ ឥឡូវនេះ បាននាំទាំងសាសន៍ក្រេកចូលមកក្នុងព្រះវិហារ ធ្វើបង្អាប់ទីបរិសុទ្ធនេះថែមទៀតផង ដំណើរនេះ គេស្មានថា គាត់នាំសាសន៍ក្រេកនោះទៅក្នុងព្រះវិហារ ដោយព្រោះពីថ្ងៃមុន គេឃើញទ្រភីម ជាអ្នកស្រុកអេភេសូរ នៅជាមួយនឹងគាត់ក្នុងទីក្រុង» (កិច្ចការ ២១:២៧-២៩)។

បច្ចុប្បន្ននេះ សិលាចារឹកពីបម្រាមនៅក្នុងព្រះវិហារត្រូវគេដាក់នៅក្នុងសារមន្ទីរបុរាណវត្ថុវិទ្យានៅទីក្រុងអ៊ីស្តង់ប៊ុល។ ប្រភពរូបភាព៖ Tamar Hayardeni/Wikimedia Commmons
អ្នកដែលមិនមែនជាសាសន៍យូដា និងពួកមិនស្អាតបានអនុញ្ញាតឲ្យចូលទៅក្នុងបរិវេណព្រះវិហារ មិនអនុញ្ញាតឲ្យហួសពីទីលានរបស់សាសន៍ដទៃឡើយ។ លោក យ៉ូសែហ្វឹស (Josephus) ពិពណ៌នាអំពីសញ្ញាបម្រាមដែលនាំទៅដល់តំបន់ខាងក្នុងព្រះវិហារជាភាសាក្រិក និងឡាតាំង ដែលហាមសាសន៍ដទៃមិនឲ្យចូលហួសពីចំណុចនោះ បើមិនដូច្នោះទេ នោះពួកគេនឹងត្រូវស្លាប់។12
ស្លាកសញ្ញាបម្រាបធ្វើពីថ្មកំបោរមួយត្រូវគេរកឃើញនៅឆ្នាំ១៨៧១ ដោយបុរាណវត្ថុវិទូជនជាតិបារាំងឈ្មោះ ឆាលស៍ ក្លើរម៉ុន ហ្គានណូ (Charles Clermont-Ganneau)។ សិលាចារឹកនោះបានសរសេរដូច្នេះថា៖ «គ្មានជនបរទេសណាម្នាក់ត្រូវចូលក្នុងរបងព័ទ្ធជុំវិញព្រះវិហារនោះទេ។ ហើយអ្នកណាដែលត្រូវចាប់ខ្លួន នឹងទទួលខុសត្រូវចំពោះការស្លាប់របស់ខ្លួនគាត់ផ្ទាល់»។13 នៅឆ្នាំ១៩៣៥ សិលាចារឹកអំពីបម្រាមក្នុងព្រះវិហារដែលជាបំណែកទីពីរត្រូវគេរកឃើញនៅខាងក្រៅទីក្រុងចាស់នៃក្រុងយេរូសាឡឹម នៅជិតច្រកទ្វារតោ (Lion's Gate)។
បម្រាមលើសិលាចារឹកក្នុងព្រះវិហារ គឺជាការរំឭកមួយអំពីកំហឹងដែលពួកសាសន៍យូដាមាន នៅពេលដែលពួកគេចាប់សាវ័ក ប៉ុល នៅឯព្រះវិហារ។ ពួកគេក៏ទំនងដូចជាចូលចិត្តអ្វីដែលសាវ័ក ប៉ុល លើកឡើងដែរ ពេលសាវ័ក ប៉ុល ពណ៌នាអំពី «ជញ្ជាំងដែលខាន់កណ្ដាល» ដែលត្រូវរុះចេញរវាងសាសន៍យូដា និងសាសន៍ដទៃក្នុងព្រះគ្រីស្ទ (អេភេសូរ ២:១៤)។

ភ្នំអើរីយ៉ូស ឬភ្នំម៉រស៍ (Areopagus or Mars' Hill) នៅទីក្រុងអាថែន។ ប្រភពរូបភាព៖ HolyLandPhotos.org
ការឈប់សម្រាករបស់សាវ័ក ប៉ុល នៅក្រុងអាថែន ក្នុងដំណើរបេសកកម្មជាលើកទីពីររបស់គាត់គឺខ្លី ប៉ុន្តែមានព្រឹត្តិការណ៍ជាច្រើនបានកើតមានឡើង។ គាត់មានសេចក្តីរំជួលក្នុងចិត្តនៅពេលគាត់បានឃើញទីក្រុងពោរពេញទៅដោយរូបព្រះ ហើយគាត់បានចាប់ផ្ដើមផ្សាយដំណឹងល្អនៅតាមសាលាប្រជុំ និងនៅទីផ្សារ។ ដោយព្រោះតែសេចក្ដីទាំងនេះហើយ បានជាគេនាំគាត់ទៅនិយាយនៅឯភ្នំអើរីយ៉ូស (កិច្ចការ ១៧:១៦-៣៤)។

ទីប្រជុំជនដែលនៅសល់នៅទីក្រុងរ៉ូម នៅទីក្រុងអាថែន ទីផ្សារ (ឬទីសាធារណៈ) នៅសម័យកាលសាវ័ក ប៉ុល។ ប្រភពរូបភាព៖ George E. Koronaios/Wikimedia Commons/Public Domain
នៅទីក្រុងអាថែនក្រិកចាស់ អាហ្គោរ៉ា (ទីសាធារណៈ) និងវេទិការ៉ូម៉ាំងថ្មី បានខណ្ឌចែកជាពីផ្នែក ដោយអាគារ ស្តូអា អាតាឡុស (Stoa of Attalos)។14វេទិការ៉ូម៉ាំង គឺជាទីសាធារណៈនៅសម័យសាវ័ក ប៉ុល ហើយនៅទីនោះគាត់បានជជែកពន្យល់ដល់បណ្ដាជនជារៀងរាល់ថ្ងៃ (កិច្ចការ ១៧:១៧)។ នៅពាក់កណ្ដាលសតវត្សរ៍ទី១ អាហ្គោរ៉ាក្រិកបានក្លាយទៅជាសារមន្ទីរមួយ ដែលពោរពេញទៅដោយអាសនា រូបសំណាក និងប្រាសាទនានា។15 រូបភាព និងរូបព្រះជាច្រើនត្រូវគេរកឃើញនៅជុំវិញទីក្រុង រួមទាំងរូបសំណាក អាថែណា (Athena) ដែលជាទេពធីតានៃទីក្រុងអាថែន ក៏ដូចជាព្រះផ្សេងៗទៀតដែលគេស្គាល់ថា គេបានគោរពបូជានៅសម័យនោះ ពោលគឺព្រះអ័ប៉ុឡូ ព្រះអ័ប្រូឌីត ព្រះហេរ៉ា ព្រះដេមេទ័រ និងព្រះឌីអាន (Apollo, Aphrodite, Hera, Demeter, Artemis) ជាដើម។ គេក៏មានទាំងអាសនាដល់ «ព្រះដ៏ពុំស្គាល់» ផ្សេងទៀតដែលមានពាសពេញនៅក្នុងសម័យបុរាណ (កិច្ចការ ១៧:២៣)។
«ភ្នំអើរីយ៉ូស» សំដៅលើក្រុមប្រឹក្សា ដែលមានសិទ្ធិអំណាចខាងតុលាការនៅទីក្រុងអាថែនផង16 និងសំដៅទៅលើផ្ទាំងថ្មដ៏លេចធ្លោមួយដែលមានទីតាំងនៅខាងក្រោមសាលាប្រជុំអាក្រូប៉ូលិស (the Acropolis) ចម្ងាយ ៤២.៦៧ម៉ែត្រផងដែរ។ នៅសម័យកាលរបស់សាវ័ក ប៉ុល ភ្នំម៉រស៍ (Mars Hill) គឺជាកន្លែងប្រជុំរបស់ក្រុមអើរីយ៉ូស ដែលជាស្ថាប័នគ្រប់គ្រងដ៏សំខាន់នៃទីក្រុង17 ហើយនៅទីនេះហើយដែលគាត់ទំនងជាបានសេចក្ដីអធិប្បាយដ៏ល្បីល្បាញរបស់គាត់ (កិច្ចការ ១៧:២២-៣៤)។ អ្នកទៅលេងក្រុងអាថែនសព្វថ្ងៃអាចឡើងទៅលើកំពូលភ្នំអើរីយ៉ូស ហើយមើលសំណល់នៃទីក្រុងដែលសាវ័ក ប៉ុល បានទៅដល់។

វិមានសមុទ្រនៅក្រុងសេសារា ម៉ារីទីម៉ា ត្រូវសាងសង់ឡើងដោយស្ដេច ហេរ៉ូឌ ដ៏អស្ចារ្យ ប៉ុន្តែត្រូវគេប្រើប្រាស់ជាលំនៅឋានរបស់មន្ត្រីរ៉ូម៉ាំង បន្ទាប់ពីស្រុកយូដាបានក្លាយជាខេត្តមួយរបស់ពួករ៉ូម៉ាំងនៅឆ្នាំទី៦ មុនគ.ស។ សាវ័ក ប៉ុល ទំនងជាបានបង្ហាញខ្លួននៅចំពោះមុខលោក ភេស្ទុស ស្ដេច អគ្រីប៉ា និងព្រះនាងបេរេនីស (Bernice) ក្នុងអគារនេះ (កិច្ចការ ២៦)។ ប្រភពរូបភាព៖ ABRAHAM GRAICER/Wikimedia Commons/CC BY-SA 4.0
សាវ័ក ប៉ុល បានជាប់គុកពីរឆ្នាំនៅក្រុង សេសារា ម៉ារីទីម៉ា ក្រោមការគ្រប់គ្រងរបស់អភិបាលរ៉ូម៉ាំងឈ្មោះលោក ភេលីច និងលោក ភេស្ទុស (កិច្ចការ ២៤:២៧)។ កណ្ឌគម្ពីរ កិច្ចការ ២៣:៣៥ បានកត់ត្រាថា គាត់ត្រូវគេយាមនៅក្នុង «សាលាជំនុំរបស់ស្តេច ហេរ៉ូឌ» (ពគប) ឬ «វិមានរបស់ព្រះបាទហេរ៉ូដ» (គខប)។
ស្ដេច ហេរ៉ូឌ ដ៏អស្ចារ្យ បានសាងសង់ទីក្រុងសេសារានៅលើទីតាំងប៉មស្ត្រាបូ (Strabo's Tower) ដោយដាក់ឈ្មោះវាដូច្នេះ ដើម្បីផ្ដល់ការគោរពដល់ស្ដេច សេសារ-អូគូស្ទ។ កំពង់ផែនៃទីក្រុងតាមឆ្នេរសមុទ្រស្ថិតនៅលើផ្លូវសំខាន់រវាងក្រុងទីរ៉ុស និងប្រទេស អេស៊ីព្ទ។18 នៅទីបំផុត នគររបស់ស្ដេចហេរ៉ូឌ បានប្រែទៅជាខេត្តរបស់ពួករ៉ូម៉ាំង ហើយក្រុងសេសារា ម៉ារីទីម៉ា បានក្លាយជាកំពង់ផែដ៏សំខាន់ និងជារាជធានីរដ្ឋបាល។ រាជវាំងរបស់ស្ដេច ហេរ៉ូឌ បានក្លាយជាទីលំនៅផ្លូវការរបស់អភិបាលក្រុងរ៉ូម៉ាំង ហើយនៅទីនោះហើយដែលសាវ័ក ប៉ុល ត្រូវគេឃុំឃាំង។19 សំណល់នៃរាជវាំងតាមមាត់សមុទ្ររបស់ស្ដេច ហេរ៉ូឌ ដែលគេហៅថា រាជវាំង ប្រូម៉ូនតូរី (Promontory Palace) ដែលមានអាងទឹកនៅកណ្ដាល គឺគេនៅតែអាចមើលឃើញនៅសព្វថ្ងៃនេះនៅក្រុងសេសារា ម៉ារីទីម៉ា។

រោងមហោស្រពដ៏អស្ចារ្យនៃក្រុងអេភេសូរគឺជាទីតាំងនៃព្រឹត្តិការណ៍ចលាចលដែលបានកត់ត្រានៅក្នុងកណ្ឌគម្ពីរ កិច្ចការជំពូក១៩។
ប្រភពរូបភាព៖ Todd Bolen, BiblePlaces.com
សាវ័ក ប៉ុល បានយកទីក្រុងអេភេសូរ ជាមជ្ឈមណ្ឌលនៃព័ន្ធកិច្ចរបស់គាត់អស់រយៈពេលជាងពីរឆ្នាំ។ ក្នុងអំឡុងពេលនោះ ដំណឹងល្អ «បានចំរើនកើនឡើង ហើយបានឈ្នះដោយអំណាច» (កិច្ចការ ១៩:២០) ដូច្នេះ «បានជាអស់អ្នក ដែលនៅស្រុកអាស៊ីបានឮព្រះបន្ទូលព្រះអម្ចាស់» (កិច្ចការ ១៩:១០)។ ការនេះបានគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកអ្នកដែលប្រកបរបរចិញ្ចឹមជីវិតពីការថ្វាយបង្គំព្រះនាងឌីអាន (កិច្ចការ ១៩:២៧-២៧)។ ភាពចលាចលបានកើតឡើង ដែលញុះញង់ដោយមនុស្សម្នាក់ឈ្មោះ ដេមេទ្រាស ជាជាងប្រាក់ដែលនៅក្នុងភាពចលាចលនោះ «ក៏កើតមានវឹកវរពេញក្នុងក្រុង គេស្រុះចិត្តគ្នា…នាំម្នីម្នាចូលទៅក្នុងរោងជំនុំ» ដែលអស់រយៈពេលពីរម៉ោង ហើយពួកគេបានស្រែកប្រកាសថា «ព្រះនាងឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស» (កិច្ចការ ១៩:២៩, ៣៤)។

រូបចម្លងខ្នាតតូចនៃព្រះវិហារព្រះនាងឌីអានក្រុងអេភេសូរនៅឧទ្យាន មីណាធើក (Minaturk) ដែលជាឧទ្យានខ្នាតតូចមួយនៅទីក្រុងអ៊ីស្តង់ប៊ុល។ ប្រភពរូបភាព៖ Lee Prime/Wikimedia Commons/CC BY-SA 3.0
ចំណុចជាច្រើននៅក្នុងកំណត់ត្រានេះបានបញ្ជាក់ដោយបុរាណវត្ថុវិទ្យា។ របកគំហើញពីសម័យបុរាណជាច្រើនបញ្ជាក់ពីសារៈសំខាន់នៃការថ្វាយបង្គំព្រះនាងឌីអាននៅក្រុងអេភេសូរ។ ព្រះវិហាររបស់ព្រះនាងឌីអានបានរកឃើញដោយលោក ជេ. ធី. វូដ (J.T. Wood) បន្ទាប់ពីគាត់បានស្វែងរកអស់រយៈពេលប្រាំមួយឆ្នាំ។ នៅពេលមួយនោះ ប្រាសាទនេះត្រូវគេចាត់ទុកថាជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុទាំងប្រាំពីរនៃពិភពលោកពីសម័យបុរាណ ដូច្នេះហើយបានជាលោក អាន់ទីប៉ាតឺរ នៃក្រុងស៊ីដូន (Antipater of Sidon) ដែលរស់នៅពីសតវត្សទី២-ទី១ មុនគ.ស. បានប្រកាសនៅពេលដែលគាត់បានឃើញវិហារព្រះឌីអាន យ៉ាងដូច្នេះថា «អច្ឆរិយវត្ថុផ្សេងទៀតទាំងនោះបានបាត់បង់ភាពស្រស់ស្អាតរបស់ពួកវាហើយ»។20 នៅពេលមួយនោះ ប្រាសាទនេះមានសសរចំនួន ១២៧ដើម ហើយវាជាអគារសាសនាដ៏ធំបំផុតនៅក្នុងពិភពលោកនៅសម័យបុរាណ។ សព្វថ្ងៃនេះ នៅសល់តែគ្រឹះ និងសសរតែមួយដើមប៉ុណ្ណោះដែលឈរនៅទីតាំងនេះ ទោះបីជាសសរចម្លាក់មួយចំនួនពីប្រាសាទនេះស្ថិតនៅក្នុងសារមន្ទីរអង់គ្លេសក៏ដោយ។
លើសពីនោះទៅទៀត រូបសំណាកដ៏អស្ចារ្យចំនួនបីរបស់ព្រះនាងឌីអាន ត្រូវគេរកឃើញនៅកណ្ដាលទីក្រុងផ្នែកខាងលើ ហើយឥឡូវនេះស្ថិតនៅក្នុងសារមន្ទីរក្រុងអេភេសូរ។21

សំណល់នៃព្រះវិហារព្រះនាងឌីអាន នៅទីក្រុងអេភេសូរសព្វថ្ងៃនេះ។
ប្រភពរូបភាព៖ Todd Bolen, BiblePlaces.com
ម៉្យាងវិញទៀត រោងមហោស្រពដ៏អស្ចារ្យនៃក្រុងអេភេសូរ (The Great Theater of Ephesus) នៅតែគ្របដណ្ដប់ទេសភាពទីក្រុងអេភេសូរ។ រោងមហោស្រពនេះត្រូវគេសាងសង់ឡើងនៅផ្នែកខាងលិចនៃភ្នំភាន (Mt. Pion) ដូច្នេះគេឃើញទិដ្ឋភាពនៃកំពង់ផែពីរោងនោះដែរ។ វាត្រូវគេសាងសង់ឡើងកំឡុងសម័យកាលហេលេន (Hellenistic era) ឆ្នាំ៣២៣-៣០ មុនគ.ស. ក្នុងរចនាបថក្រិកធម្មតា។ ការជួសជុលរោងមហោស្រពនេះបានចាប់ផ្តើមនៅឆ្នាំ៤០ នៃគ.ស ហើយគេបានចំណាយពេលចិតសិបឆ្នាំ ដើម្បីបញ្ចប់ការជួសជុលនោះ ដូច្នេះគេកំពុងតែសាងសង់វាឡើងនៅពេលដែលសាវ័ក ប៉ុល រស់នៅទីនោះ។22 រោងមហោស្រពនេះអាចផ្ទុកមនុស្សបានជាង ២០០០០នាក់ ហើយកៅអីជួរខាងលើបំផុតស្ទើរតែ ៣០.៤៨ម៉ែត្រ នៅលើអាកាស។ អ្នកទេសចរសព្វថ្ងៃនេះអាចរកឃើញមហោស្រពដ៏អស្ចារ្យនេះ ដោយពួកគេដឹងថា វាជាទីតាំងពិតប្រាកដនៃព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុងកណ្ឌគម្ពីរកិច្ចការជំពូកទី១៩។

ផ្ទៃខាងមុខទីជំនុំជម្រះនៃក្រុងកូរិនថូសអមជាមួយនឹងថ្មអាក្រូកូរិធ (Acrocorint) នៅផ្ទៃខាងក្រោយ។
ប្រភពរូបភាព៖ Todd Bolen: BiblePlaces.com
នៅពេលដែលសាវ័ក ប៉ុល នៅក្រុងកូរិនថូស ក្នុងអំឡុងពេលធ្វើដំណើរបេសកកម្មលើកទីពីររបស់គាត់ ពួកយូដានៅក្នុងទីក្រុងបានចោទប្រកាន់គាត់នៅចំពោះមុខអគ្គកុងស៊ុលឈ្មោះ កាលីយ៉ូ (Gallio)។ កិច្ចការ ១៨:១២-១៦ កត់ត្រាព្រឹត្តិការណ៍នេះ៖
«កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តីចោទថា អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះខុសច្បាប់ តែកាលប៉ុលរៀបនឹងបើកមាត់ដោះសាខ្លួន នោះលោកកាលីយ៉ូនិយាយទៅពួកសាសន៍យូដាថា នែ ពួកសាសន៍យូដាអើយ បើសិនណាជាមានការទុច្ចរិតណា ឬទោសកំណាចអ្វីដទៃ នោះតាមទំនងខ្ញុំត្រូវតែទទួលស្តាប់អ្នករាល់គ្នា ប៉ុន្តែ បើសិនជាកើតក្តីពីដំណើរពាក្យសំដី ឬពីនាមឈ្មោះ ឬពីក្រឹត្យវិន័យរបស់អ្នករាល់គ្នាវិញ នោះស្រេចនឹងអ្នករាល់គ្នាចុះ ខ្ញុំមិនចូលចិត្តនឹងជំនុំជម្រះចំពោះការយ៉ាងនោះទេ លោកក៏បណ្តេញគេចេញពីសាលាជំនុំជម្រះទៅ» (ពគប)។
ពាក្យ សាលាជំនុំជម្រះ (tribunal) គឺជាពាក្យ ប៊ីម៉ា (bema) ក្នុងភាសាក្រិក។ វាគឺជាវេទិកាសម្រាប់គេអានសេចក្ដីថ្លែងការណ៍ផ្លូវការជាសាធារណៈ និងជាទីកន្លែងដែលប្រជាពលរដ្ឋបានបង្ហាញខ្លួននៅចំពោះមុខមន្ត្រីរាជការ។23 ប៊ីម៉ា នៃក្រុងកូរិនថូសត្រូវគេរកឃើញនៅឆ្នាំ១៩៣៥ ហើយត្រូវគេកំណត់អត្តសញ្ញាណបានដោយសារតែសិលាចារឹកជាភាសាឡាតាំងដែលសរសេរថា «…គាត់បានកែលំអទីជំនុំជម្រះ ហើយបានចំណាយប្រាក់ផ្ទាល់ខ្លួនលើការផលិតថ្មម៉ាបរបស់វាទាំងអស់»។24 ទីជំនុំជម្រះនៃក្រុងកូរិនថូស គឺជាវេទិកាធ្វើពីថ្មដ៏ធំសម្រាប់អ្នកឡើងធ្វើសន្ទរកថា ដែលមានកម្ពស់ ២,៣ម៉ែត្រ ពីលើចិញ្ចើមផ្លូវនៃផ្សារ។ គឺនៅទីនេះហើយដែលលោក កាលីយ៉ូ បានដោះលែងសាវ័ក ប៉ុល។ សាវ័ក ប៉ុល ទំនងជានឹកឃើញហេតុការណ៍នេះ ទើបគាត់បានព្រមានពួកអ្នកក្រុងកូរិនថូសថា «ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី» (២កូរិនថូស ៥:១០)។
ភស្តុតាងខាងបុរាណវត្ថុវិទ្យាសម្រាប់លោក កាលីយ៉ូ (Gallio) ដែលជាកុងស៊ុលរបស់ស្រុកអាខៃ និងក៏ជាអ្នកបានកាត់ទោសសាវ័ក ប៉ុល នៅក្រុងកូរិនថូស ត្រូវគេរកឃើញនៅទីក្រុង ដេលភី (Delphi) ប្រទេសក្រិកក្នុងឆ្នាំ១៩០៥។ «សិលាចារឹកកាលីយ៉ូ» ឬ «សិលាចារឹកដេលភី» គឺជាក្រុមមួយមានបំណែកទាំងប្រាំបួន ដែលពីមុនទំនងជាផ្នែកមួយនៃជញ្ជាំងព្រះវិហារព្រះអាប៉ូឡូ (Apollo) នៅក្រុងដេលភី។25វាគឺជាការចម្លងនៃសំបុត្រមួយច្បាប់របស់អធិរាជ ក្លូឌាស (Claudius) ដែលនៅក្នុងសំបុត្រនោះ គាត់បាននិយាយរៀបរាប់អំពីការចៀសចេញពីការថ្វាយបង្គំព្រះអាប៉ូឡូនៅក្រុងដេលភី ហើយបានលើកឡើងថា «ជូនាស កាលីយ៉ូ (Junius Gallio) ជាមិត្តរបស់ខ្ញុំ និងជាកុងស៊ុល»។26

សិលាចារឹកមកពីទីក្រុងដេលភី (Delphi) ប្រទេសក្រិក ព្រះចៅអធិរាជរ៉ូម៉ាំង ក្លូឌាស ហៅលោក ជូនាស កាលីយ៉ូ (L. Junius Gallio) ថា «មិត្តសម្លាញ់ និងលោកមន្ត្រីកុងសុល»។ ប្រភពរូបភាព៖ Todd Bolen, BiblePlaces.com (នេះគឺជាធនធានរូបភាពដ៏សំខាន់មួយ ដែលគេស្គាល់ថាជាគូនឹងព្រះគម្ពីរ)–https://www.bibleplaces.com/acts18/
សិលាចារឹកនោះចែងថា លោក ក្លូឌាស ត្រូវគេ «សាទរជាអគ្គមេបញ្ជាការលើកទី២៦» ហើយគេបានកំណត់កាលបរិច្ឆេទនោះនៅចន្លោះខែមករា និងខែសីហា ឆ្នាំ៥២ នៃគ.ស.។ អ្នកប្រាជ្ញព្រះគម្ពីរ បណ្ឌិត អ៊ែនឌ្រូ ស្តេនម៉ាន់ (Andrew Steinmann) មកពីសាកលវិទ្យាល័យខុនខរឌា នៅទីក្រុងឈីកាហ្គោ (Concordia University Chicago) បានកត់សម្គាល់ថា ការនេះបញ្ជក់យ៉ាងច្បាស់លាស់នូវកាលបរិច្ឆេទនៃការធ្វើជាកុងស៊ុលរបស់លោក កាលីយ៉ូ ដោយព្រោះជាធម្មតាកុងស៊ុលបានចូលកាន់តំណែងនៅថ្ងៃទី១ ខែឧសភា ហើយបានបម្រើការត្រឹមតែមួយឆ្នាំប៉ុណ្ណោះ នោះយើងដឹងថា កាលីយ៉ូ បានបម្រើការជាកុងស៊ុលនៅស្រុកអាខៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ៥១ ដល់ចុងខែមេសា ឆ្នាំ៥២ នៃគ.ស។27
សិលាចារឹកកាលីយ៉ូដើរតួនាទីជាយុថ្កាមួយដែលរៀបរៀងតាមកាល ដោយថាយើងអាចកំណត់បាននូវពេលវេលានៃការបម្រើរបស់សាវ័ក ប៉ុល នៅក្រុងកូរិនថូស៖ គាត់ប្រហែលជាត្រូវពួកយូដានាំមកចំពោះមុខលោក កាលីយ៉ូ នៅពាក់កណ្ដាលឆ្នាំ៥១ នៃគ.ស។ នេះជាចំណុចសម្គាល់ជាក់លាក់ដែលយើងអាចកំណត់ពេលវេលាទៅមុខ និងថយក្រោយបានទាក់ទងនឹងការបម្រើរបស់សាវ័ក ប៉ុល ភាគច្រើន និងប្រវត្តិសាស្ត្រពួកជំនុំដើមជាច្រើនទៀត។
របកគំហើញទាំងនេះបង្ហាញថា កំណត់ត្រានៃជីវិតរបស់សាវ័ក ប៉ុល ដែលបានសរសេរនៅក្នុងកណ្ឌគម្ពីរកិច្ចការ និងនៅក្នុងកណ្ឌសំបុត្ររបស់គាត់ត្រូវគេកត់ត្រាយ៉ាងត្រឹមត្រូវ។ មនុស្ស ទីកន្លែង និងព្រឹត្តិការណ៍ជាច្រើនដែលមានឈ្មោះក្នុងកណ្ឌគម្ពីរកិច្ចការបានបញ្ជាក់តាមរយៈបុរាណវត្ថុវិទ្យា។ ប្រសិនបើយើងអាចជឿជាក់លើអ្វីដែលគេសរសេរអំពីជីវិតរបស់គាត់ នោះខ្ញុំជឿថា យើងក៏អាចជឿជាក់បានថាការបង្រៀនរបស់សាវ័ក ប៉ុល ត្រូវគេកត់ត្រាយ៉ាងត្រឹមត្រូវផងដែរ។ គាត់បានសរសេរទៅកាន់ក្រុមជំនុំនៅទីក្រុងរ៉ូមថា «តែឯព្រះ ទ្រង់សម្ដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ដូច្នេះដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្ដីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត» (រ៉ូម ៥:៨-៩)។ សេចក្ដីពិតនេះបានជំរុញឲ្យសាវ័ក ប៉ុល ផ្សាយដំណឹងល្អគ្រប់ទីកន្លែងដែលគាត់បានទៅដល់ ដោយប្រកាសប្រាប់ថាមនុស្សទាំងអស់ត្រូវ «ប្រែចិត្តទៅឯព្រះ ហើយ…ជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា» (កិច្ចការ ២០:២១)។ នៅក្នុងរយៈពេលជាង ២០០០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីសាវ័ក ប៉ុល បានរស់នៅរហូតមកដល់ពេលបច្ចុប្បន្ននេះ គ្រីស្ទបរិស័ទនៅតែបន្តប្រកាសសារដូចគ្នានេះផងដែរ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។