កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។

«នេះជាភស្តុតាងពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្ដិសមនឹងព្រះរាជ្យរបស់ព្រះ ដែលអ្នករាល់គ្នាកំពុងរងទុក្ខលំបាកដោយព្រោះព្រះរាជ្យនេះឯង។ ដ្បិតនេះជាសេចក្ដីសុចរិតរបស់ព្រះ ដែលទ្រង់នឹងសងសេចក្ដីវេទនា ដល់អស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា ហើយប្រោសប្រទានឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខនោះ បានសម្រាកជាមួយយើងវិញ នៅពេលព្រះអម្ចាស់យេស៊ូវលេចមកពីស្ថានសួគ៌ ជាមួយពួកទេវតាដ៏មានឫទ្ធានុភាពរបស់ព្រះអង្គ នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ គេនឹងទទួលទោសជាសេចក្ដីអន្តរាយអស់កល្បជានិច្ច គឺឃ្លាតពីព្រះភក្ត្រព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ នៅពេលព្រះអង្គយាងមក ដើម្បីទទួលសិរីល្អក្នុងចំណោមពួកបរិសុទ្ធរបស់ព្រះអង្គ ហើយនៅថ្ងៃនោះ អស់អ្នកដែលជឿនឹងមានចិត្តស្ញប់ស្ញែង ព្រោះអ្នករាល់គ្នាបានជឿទីបន្ទាល់របស់យើង» (២ថែស្សាឡូនីច ១:៥-១០ គកស)។
២ថែស្សាឡូនីច ១:៦-៧ បានពន្យល់បង្ហាញអំពីរបៀបនៃ សេចក្ដីខ្ជាប់ខ្ជួនរបស់អ្នកជឿគឺជាភស្តុតាងពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះ (ខ៥)។ ពាក្យ «ដ៏សុចរិត) នៅក្នុង ខ៦ គឺដូចគ្នាទៅនឹងគុណនាមជាភាសាក្រិក «ឌីខេអូស» (dikaios) ដែលគេបកប្រែថា «សុចរិត» នៅក្នុង ខ៥។ ដោយផ្សំគ្នាជាមួយនឹងពាក្យ «ដ្បិត» នៅដើម ខ៦ នេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាង ខ៥ និងខ៦-៧។ ការជំនុំជម្រះរបស់ព្រះជាម្ចាស់រួមបញ្ចូលនូវធាតុផ្សំពីរគឺការរំដោះរាស្ដ្ររបស់ទ្រង់ឲ្យរួចពីទោស និងការវិនាសនៃខ្មាំងសត្រូវរបស់ទ្រង់។
ខ៦ ផ្ដោតលើធាតុផ្សំនៃសេចក្ដីហិនវិនាសនៃធាតុផ្សំទាំងពីរនោះ។ ខណៈដែលពួកអ្នកជឿនៅក្រុងថែស្សាឡូនីចនឹងចូលរួមក្នុងនគរដ៏អស់កល្បជានិច្ច នោះខ្មាំងសត្រូវរបស់ពួកគេនឹងត្រូវដកចេញពីនគរនោះ។ការដកចេញនេះនឹងនាំទៅរកសេចក្ដីវិនាសរបស់ពួកគេ។ អ្នកបៀតបៀនដល់រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងនេះនឹងត្រូវទទួលការតបស្នងមកវិញក្នុងសណ្ឋានបែបដូចគ្នានោះដែរនៅក្នុងការជំនុំជម្រះដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់បង្ហាញឲ្យឃើញនូវសេចក្ដីក្រោធដ៏សុចរិតរបស់ទ្រង់ចំពោះអស់អ្នកដែលបដិសេធទ្រង់ មើលងាយក្រឹត្យវិន័យ និងការណែនាំខាងសីលធម៌របស់ទ្រង់ ធ្វើឲ្យរាស្ត្រទ្រង់របួស ហើយព្យាយាមរារាំងការរីកចម្រើននៃដំណឹងល្អនៃនគររបស់ទ្រង់។ លក្ខណៈជាក់លាក់នៃសេចក្ដីហិនវិនាសរបស់ពួកគេត្រូវបានពន្យល់យ៉ាងលម្អិតនៅក្នុងកណ្ឌគម្ពីរ ២ថែស្សាឡូនីច ១: ៨-១០។ ការនេះគឺស៊ីគ្នានឹងការរំពឹងទុកនៃសេចក្ដីទំនាយក្នុងព្រះគម្ពីរសញ្ញាចាស់ (ឧ. អេសាយ ៦៦:១៥-១៦; យេរេមា ២៥:១៥-៣៨; យ៉ូអែល ៣:១-២១) ការបង្រៀនរបស់ព្រះយេស៊ូវ (ឧ. ម៉ាថាយ ១០:១៤-១៥; ១១:២០-២៤; ១២:៣៨-៤២; ២៥:៤១-៤៦; ម៉ាកុស ៩:៤២-៤៨; យ៉ូហាន ៣:៣៦; ៥:២៥-២៩) និងទីបន្ទាល់របស់ពួកសាវ័ក (ឧ. រ៉ូម ២:៥-១១; អេភេសូរ ៥:៣-៦; ១ថែស្សាឡូនីច ១:១០; ២ពេត្រុស ២:១-៣; ៣:១-១៣; វិវរណៈ ៦:១០; ២០:១១-១៥)។
Score 0
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
សេចក្តីសង្គ្រោះបានមកដោយសារព្រះគុណ តាមរយៈសេចក្ដីជំនឿចំពោះអស់អ្នកជឿ ដែលបង្ហាញអំពីសេចក្ដីជំនឿរបស់ពួកគេ ជាបន្តបន្ទាប់នៅពេលដែលពួកគេបន្តទុកចិត្តលើព្រះយេស៊ូវ ដោយមិនគិតពីការរងទុក្ខ និងការបៀតបៀននៅក្នុងជីវិតនេះ។
ការដាក់បញ្ចូលគ្នានៃ ខ៥-៦ នៃកណ្ឌគម្ពីរ ២ថែស្សាឡូនីច ជំពូកទី១ នោះយើងអាចសង្កេតឃើញពីរបៀបដែលអ្នកជឿទ្រាំទ្រនៅក្នុងការរងទុក្ខរបស់ពួកគេបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌របស់ព្រះជាម្ចាស់រួមជាមួយ (១) តាមរយៈរបៀបដែលអ្នកជឿទាំងនេះនឹងត្រូវបានរំដោះឲ្យមានសេរីភាពយ៉ាងពេញលេញចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ (២) ក្នុងរបៀបដែលការរងទុក្ខរបស់ពួកគេសម្រាប់ព្រះគ្រីស្ទបញ្ជាក់ថាអ្នកដែលបៀតបៀនដល់ក្រុមជំនុំរបស់ព្រះគ្រីស្ទពិតជាសមនឹងទទួលបាននូវសេចក្ដីហិនវិនាស និងការដកចេញពីនគររបស់ព្រះជាម្ចាស់។
ខ៧ បង្ហាញពីការលេចឡើងវិញនៃការរំដោះឲ្យមានសេរីភាពនៃរាស្ដ្ររបស់ព្រះជាម្ចាស់ (សូមមើល ខ.៥) ។ ខគម្ពីរនេះចាប់ផ្ដើមដោយពាក្យ «និង» (ក្នុងភាសាក្រិក «ខៃ» kai ) ដែលបង្ហាញថា ព្រះជាម្ចាស់រាប់ «ជាសេចក្ដីសុចរិត» ទាំងខ្លឹមសារនៃ ខ៦ «និង» ខ្លឹមសារនៃ ខ៧-៨ ។ ដោយសារតែការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់នាំមកនូវសេចក្ដីហិនវិនាសដល់ពួកទាស់ប្រឆាំងរបស់ព្រះជាម្ចាស់ (ខ.៦) ដូច្នេះ ព្រះរាជក្រឹត្យរបស់ទ្រង់ក៏ផ្តល់ឲ្យរាស្ដ្ររបស់ទ្រង់បានសម្រាកដ៏អស់កល្បជានិច្ចពីការរងទុក្ខវេទនារបស់ពួកគេ។
ការនេះក៏ស៊ីគ្នានឹងទំនាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ការបង្រៀនរបស់ព្រះយេស៊ូវ និងសេចក្ដីបង្រៀនរបស់ពួកសាវ័កផងដែរ។ ដូច្នេះ ប្រសិនបើយើងពិនិត្យមើលឡើងវិញនូវអត្ថបទព្រះគម្ពីរមួយចំនួនដែលបានលើកឡើងនៅក្នុងខមុនៗ ដែលទាក់ទងនឹងការសងសឹករបស់ព្រះជាម្ចាស់ទាស់នឹងពួកទាស់ប្រឆាំងរបស់ទ្រង់ នោះ។ យើងសង្កេតឃើញថា បរិបទនៃអត្ថបទព្រះគម្ពីរដូចគ្នានេះជាច្រើនក៏ឆ្លុះបញ្ចាំងពីការរំដោះឲ្យរួចនៃរាស្ត្រជ្រើសតាំងរបស់ទ្រង់ផងដែរ ដ្បិតទិដ្ឋភាពនៃការវិនិច្ឆ័យទាំងពីរនេះ (ពោលគឺសេចក្ដីហិនវិនាសលើពួកទាស់ប្រឆាំងរបស់ព្រះជាម្ចាស់ និងសេចក្ដីសង្គ្រោះសម្រាប់រាស្ត្ររបស់ទ្រង់) នឹងកើតឡើងដំណាលគ្នា។
សូមកត់សម្គាល់ពីរបៀបដែលសាវ័ក ប៉ុល បានរាប់បញ្ចូលខ្លួនគាត់ ជាមួយនឹងក្រុមជំនុំថែស្សាឡូនីច ក្នុងចំណោមអស់អ្នកដែលនឹងទទួលការរំដោះពីការបៀតបៀន នៅពេលដែលព្រះយេស៊ូវយាងមក ដើម្បីនឹងជំនុំជម្រះនោះ។ សាវ័ក ប៉ុល ពិតជាបានស៊ូទ្រាំនឹងការរងទុក្ខវេទនា និងការលំបាកជាច្រើន (សូមមើលការអត្ថាធិប្បាយនៅ ១ថែស្សាឡូនីច ២:២) ហើយគាត់ក៏ចង់បានការរំដោះពីព្រះជាម្ចាស់ផងដែរ។ ប៉ុន្តែ ការរាប់បញ្ចូលខ្លួនគាត់នេះក៏មាននាទីក្នុងការរម្លឹកដល់ក្រុមជំនុំថែស្សាឡូនីចអំពី (១) របៀបដែលសាវ័ក ប៉ុល កំណត់សម្គាល់ខ្លួនលោកជាមួយនឹងពួកគេ និងអំពី (២) របៀបដែលពួកគេកំពុងធ្វើតាមគំរូនៃស្មរបន្ទាល់របស់ពួកសាវ័កដែលបានប្រកាសដំណឹងល្អជាលើកដំបូងដល់ពួកគេ នៅពេលដែលពួកគេរងទុក្ខលំបាក (១ថែស្សាឡូនីច ១: ៦)។
ទោះបីជាព្រះជាម្ចាស់បានប្រទានពេលវេលានៃការសម្រាក និងព្រះពរដល់រាស្ដ្ររបស់ទ្រង់ក្នុងជីវិតនេះក៏ដោយ ក៏សម័យកាលនៃ «ការសម្រាក» នៅក្នុងកណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៧-៨ គឺជាសម័យកាលនៃការជំនុំជម្រះនាពេលអនាគត ដោយសំដៅទៅលើកាល «ដែលព្រះអម្ចាស់យេស៊ូវទ្រង់លេចមក» ។ ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទគឺជាប្រធានបទដ៏សំខាន់មួយនៅក្នុងសំបុត្រទាំងពីររបស់សាវ័ក ប៉ុល ទៅកាន់ក្រុមជំនុំថែស្សាឡូនីច (១ថែស្សាឡូនីច ១:១០; ២:១៦; ៣:១៣; ៤:១៣-៥:១១; ៥:២៣-២៤; ២ថែស្សាឡូនីច ១:៥-២:១៥)។ វាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលលក្ខណៈសំខាន់ៗនៅក្នុងខគម្ពីរខាងក្រោមនេះទាក់ទងនឹងការបង្រៀនរបស់សាវ័ក ប៉ុល នៅក្នុងសំបុត្រមុនរបស់គាត់ទៅកាន់ទីក្រុងថែស្សាឡូនីច និងសំបុត្រផ្សេងទៀតរបស់គាត់។ ឧទាហរណ៍ សូមមើលការពិភាក្សាអំពីការយាងចុះមករបស់ព្រះគ្រីស្ទពីស្ថានសួគ៌ជាមួយនឹងការអមដំណើររបស់ពួកទេវតានៅក្នុងការអត្ថាធិប្បាយនៅកណ្ឌគម្ពីរ ១ថែស្សាឡូនីច ៤:១៦។
ខ៨ បានបញ្ជាក់បន្ថែមថា ព្រះយេស៊ូវនឹងយាងមក «នៅក្នុងអណ្ដាតភ្លើង»។ ជារឿយៗ អក្សរសាស្ត្របែបទំនាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់បង្ហាញពីរូបភាពនៃអណ្ដាតភ្លើង ជាពិសេសបើយោងទៅលើការប្រើប្រាស់ភ្លើងរបស់ពួកអាសស៊ើរ និងពួកបាប៊ីឡូនក្នុងសង្គ្រាមឡោមព័ទ្ធ (ឧ. យេរេមា ២១:១០; អេសេគាល ១៥:១-៨; យ៉ូអែល ២:៣; អេម៉ុស ២:១-៥) ។ ហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់ជាច្រើនពណ៌នាពីការយាងមកដល់របស់ព្រះជាម្ចាស់ក្នុងការជំនុំជម្រះដោយភ្លើង (ឧ. អេសាយ ៦៦:១៥-១៦; ណាហ៊ុម ១:៥-៨; សេផានា ៣:៨; ម៉ាឡាគី ៤:១)។ យើងគួរកត់សម្គាល់ជាពិសេសថា និមិត្តរបស់លោក ដានីយ៉ែល អំពីកូនមនុស្ស បង្ហាញឲ្យឃើញនូវអណ្ដាតភ្លើងនៅជុំវិញទ្រង់ នៅពេលដែលព្រះអង្គនាំភ្លើងនៃការជំនុំជម្រះមក (ដានីយ៉ែល ៧:៩-១២)។ រូបភាពនៃអណ្ដាតភ្លើងគឺជារូបភាពទូទៅនិយាយពីការជំនុំជម្រះរបស់ព្រះនៅក្នុងអត្ថបទព្រះគម្ពីរសញ្ញាថ្មី (ឧ. ម៉ាថាយ ១៣:៤០-៤២; ១៨:៦-៩; ២៥:៤១;លូកា ១៦:២២-២៨; ២ពេត្រុស ៣:៧-១៣; វិវរណៈ ២០:១០-១៥; ២១:៨)។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩) ។ មនុស្សដែលនឹងទទួលនូវការផ្ដន្ទាទោសរបស់ព្រះជាម្ចាស់នៅក្នុង ខ៨ គឺជា «ពួកអ្នកដែលមិនស្គាល់ព្រះ» និង «ពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ វាអាចទៅរួចដែលថា មនុស្សទាំងនេះគឺជាមនុស្សពីរប្រភេទ ពោលគឺ មនុស្សមួយចំនួនមិនស្គាល់ព្រះ ខណៈដែលមនុស្សមួយចំនួនទៀតបានឮដំណឹងល្អ ហើយបដិសេធមិនដើរតាមព្រះយេស៊ូវ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងពីរប្រភេទនេះទំនងជាបញ្ជាក់ន័យឲ្យគ្នាទៅវិញទៅមក ពោលគឺ ពួកអ្នកដែលមិនព្រមទទួលដំណឹងល្អរបស់ព្រះយេស៊ូវក៏មិនស្គាល់ព្រះផងដែរ។
ការស្គាល់ព្រះជាម្ចាស់គឺជាប្រធានបទដ៏ធំនៅក្នុងព្រះគម្ពីរដែលលាតសន្ធឹងពាសពេញព្រះគម្ពីរសញ្ញាចាស់ (ឧ. និក្ខមនំ ៦:៧; ចោទិយកថា ៤:៣៥-៤០; ទំនុកដំកើង ៤៦:១០; សុភាសិត ២:៥) ហើយបន្តទៅដល់ព្រះគម្ពីរសញ្ញាថ្មី (យ៉ូហាន ១៧:៣; ២កូរិនថូស ២:១៤; ៤:៦; កាឡាទី ៤:៨-៩; អេភេសូរ ១:១៦-២៣)។ ការស្គាល់ព្រះជាម្ចាស់បែបនេះមិនមែនគ្រាន់តែជាចំណេះដឹងខាងបញ្ញាប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលនូវការរួមចំណែកដោយផ្ទាល់ខ្លួនក្នុងការស្គាល់ព្រះជាម្ចាស់ជាមួយនឹងគ្រប់ផ្នែកនៃជីវិតរបស់យើងផងដែរ ដោយយោងទៅលើការបើកសម្ដែងរបស់ព្រះជាម្ចាស់។ នៅខគម្ពីរផ្សេងទៀត សាវ័ក ប៉ុល សរសេរអំពីការខ្វះប្រាជ្ញានឹងរកស្គាល់ព្រះជាម្ចាស់ (១កូរិនថូស ១:២១; កាឡាទី ៤:៨; ១ថែស្សាឡូនីច ៤:៥; ទីតុស ១:១៦)។
សាវ័ក ប៉ុល បានសរសេរអំពីអ្នកដែល «មិនស្តាប់តាមដំណឹងល្អ»។ ដំណឹងល្អគឺជាសារដ៏ល្អដែលសាវ័ក ប៉ុល បានប្រកាសទាក់ទងនឹងសេចក្ដីសង្គ្រោះតាមរយៈសេចក្ដីជំនឿលើព្រះមេស្ស៊ីដែលទ្រង់ត្រូវគេឆ្កាង ហើយមានព្រះជន្មរស់ពីសុគតឡើងវិញ។ អ្នកខ្លះអាចនឹងភ្ញាក់ផ្អើលដោយឃ្លា «ស្ដាប់តាមដំណឹងល្អ» ដ្បិតយើងច្រើនតែនិយាយអំពីការជឿលើដំណឹងល្អ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នៅខគម្ពីរផ្សេងទៀត សាវ័ក ប៉ុល បានមានប្រសាសន៍ស្រដៀងគ្នានេះអំពី «ការស្តាប់តាម» ដំណឹងល្អ (រ៉ូម ១០:១៦; សូមមើលផងដែរនៅកណ្ឌគម្ពីរ ១ពេត្រុស ៣:១; ៤:១៧) ឬ «ការស្តាប់តាម» សេចក្តីពិតរបស់ព្រះជាម្ចាស់ (រ៉ូម ២:៨ និងកាឡាទី ៥:៧)។ ដំណឹងល្អពីព្រះគ្រីស្ទតម្រូវឲ្យមានការចុះចូលចំពោះសារនៃដំណឹងល្អនោះ ដ្បិតការចុះចូលគឺជាការឆ្លើយតបដ៏ត្រឹមត្រូវនៅពេលដែលមនុស្សម្នាក់ជឿលើសេចក្ដីពិតនៃសារនោះ (សូមកត់ចំណាំពីរបៀបដែលសាវ័ក ប៉ុល បានផ្សារភ្ជាប់ប្រធានបទទាំងអស់នេះនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១០:១៦)។ ការផ្ដន្ទាទោសដ៏អស់កល្បជានិច្ចកំពុងតែរង់ចាំពួកអ្នកដែលបដិសេធមិនធ្វើតាមសេចក្ដីប្រកាសដ៏ល្អរបស់ព្រះអម្ចាស់យេស៊ូវជាព្រះអង្គសង្គ្រោះ និងជាព្រះអម្ចាស់។
នៅក្នុងភាសាដើម ខ៩ ចាប់ផ្ដើមដោយសព្វនាមឈ្នាប់ជាភាសាក្រិក «ហយទីណេស» (hoitines) ដែលប្រែថា «ដែល»។ ដូច្នេះ ខ៩ បានតភ្ជាប់ប្រធានបទរបស់វាជាមួយនឹងមនុស្សដែលបានលើកឡើងនៅក្នុង ខ៨ ហើយ ខ៩-១០ បន្តប្រយោគដែលបានចាប់ផ្ដើមនៅក្នុង ខ៣ នៅក្នុងព្រះគម្ពីរជាភាសាក្រិក ។ ពួកមនុស្សទាំងនេះដែលមិនស្គាល់ព្រះ ឬស្ដាប់តាមដំណឹងល្អរបស់ទ្រង់ នោះពួកគេប្រឈមមុខនឹង «សេចក្ដីហិនវិនាស» ដ៏អស់កល្បជានិច្ច (ភាសាក្រិក «អូឡេត្រុស» (olethros); សូមមើល រ៉ូម ៩:២២; ភីលីព ១:២៨; ៣:១៩; ១ថែស្សាឡូនីច ៥:៣)។ នៅត្រង់នេះ សាវ័ក ប៉ុល ធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវថា ដូចដែលព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់ពួកអ្នកជឿដែលដើរតាមទ្រង់ដែរ នោះទ្រង់ក៏នឹងនាំមកនូវការជំនុំជម្រះ និងសេចក្តីហិនវិនាសដ៏អស់កល្បជានិច្ចចំពោះអស់អ្នកដែលបដិសេធទ្រង់ និងដំណឹងល្អរបស់ទ្រង់ផងដែរ (ម៉ាថាយ ១៨:៨-៩; ២៥:៤១-៤៦; យ៉ូហាន ៥:២១-២៩; កាឡាទី ៦:៧-៨)។
សេចក្ដីហិនវិនាសនេះគឺការ «ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់» ។ រូបភាពប្រៀបធៀបសំខាន់បំផុតសម្រាប់ស្ថាននរកគឺពាក់ព័ន្ធនឹងការរងទុក្ខ និងភ្លើង (ឧ. ម៉ាថាយ ៥:២២, សូមមើលការអត្ថាធិប្បាយនៅ ២ថែស្សាឡូនីច ១:៧-៨) ប៉ុន្តែ សេចក្តីពិតខាងឯវិញ្ញាណដ៏សំខាន់នៃស្ថាននរកគឺជាទីកន្លែងសម្រាប់ដាក់អ្នកដែលគ្មានជំនឿនៅខាងក្រៅវត្តមានរបស់ព្រះជាម្ចាស់។ សេចក្ដីហិនវិនាសត្រូវបានគេរៀបរាប់បន្ថែមទៀតថា ជាការនៅឃ្លាតឆ្ងាយពី «សិរីល្អនៃព្រះចេស្ដាទ្រង់» ។ ព្រះអម្ចាស់នៅត្រង់នេះគឺព្រះយេស៊ូវ (សូមមើល ១:១០) ហើយនៅខគម្ពីរផ្សេងទៀត សាវ័ក ប៉ុល បានផ្សារភ្ជាប់សិរីល្អ សិទ្ធិអំណាច និងព្រះចេស្ដាជាមួយនឹងទ្រង់ (១កូរិនថូស ២:៨; ៥:៤; អេភេសូរ ១:១៧-២៣; ២ថែស្សាឡូនីច ១:១២; ទីតុស ២:១៣) ។
ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញនៅ «ថ្ងៃនោះ» ដោយពឹងផ្អែកលើរូបភាពពីព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីនៃ «ថ្ងៃនៃព្រះអម្ចាស់» (សូមមើលការអត្ថាធិប្បាយនៅ ១ថែស្សាឡូនីច ៥:២; ២ថែស្សាឡូនីច ២:២)។ សាវ័ក ប៉ុល បានលើកឡើងនូវគោលបំណងពីរសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទគឺ «ដើម្បីឲ្យបានតម្កើងឡើងក្នុងពួកបរិសុទ្ធរបស់ទ្រង់» និង «ឲ្យបានគេមើលទ្រង់ដោយអស្ចារ្យក្នុងពួកអ្នកដែលជឿ»។ ពួកបរិសុទ្ធដែលមានជំនឿទាំងនេះនឹងនាំមកនូវសិរីល្អ និងការកោតសរសើរដល់ព្រះអង្គសង្គ្រោះ និងព្រះអម្ចាស់របស់ពួកគេ។ សាវ័ក ប៉ុល បានសង្កត់ធ្ងន់ទៅកាន់ក្រុមជំនុំថែស្សាឡូនីចថា គាត់បានចាត់ទុកពួកគេថាស្ថិតនៅក្នុងចំណោមអ្នកជឿទាំងនេះ («ដ្បិតអ្នករាល់គ្នាបានជឿពាក្យបន្ទាល់របស់យើងខ្ញុំហើយ») ដែលនេះបង្ហាញជាថ្មីទៀតនូវទំនុកចិត្តថា ពួកគេនឹងស្ថិតក្នុងចំណោមហ្វូងមនុស្សដែលព្រះយេស៊ូវនឹងប្រគល់ទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ទ្រង់ (១:៥, ៧)។
បទគម្ពីរទាំងបីនេះបញ្ជាក់ថា ប្រពន្ធមិនមែនត្រូវបានរំពឹងថាឲ្យចុះចូលចំពោះប្ដីនៃស្ត្រីគ្រប់ៗគ្នានោះឡើយ ប៉ុន្តែត្រូវចុះចូលដោយជាក់លាក់ចំពោះប្ដីរបស់នាងផ្ទាល់។