អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

«គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង និងដល់ទីក្រុងបរិសុទ្ធរបស់ឯង ដើម្បីនឹងរំលត់បំបាត់អំពើរំលង និងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្តីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក និងបិទត្រាការជាក់ស្ដែង និងសេចក្តីទំនាយហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង ដូច្នេះត្រូវឲ្យដឹង ហើយយល់ថា ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡឹម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្ដាច់នោះត្រូវជាចំនួន៧អាទិត្យ និង៦២អាទិត្យ រួចនៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា និងកំផែងផង លុះក្រោយពី៦២អាទិត្យនោះទៅ នោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្តាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ រួចបណ្ដាទ័ពរបស់ចៅហ្វាយ១ដែលនឹងមក គេនឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធបង់ ឯចុងបំផុតនៃការនោះនឹងបានដូចជាជំនន់ទឹក ក៏នឹងមានចំបាំងដរាបដល់ចុង ហើយបានសម្រេចឲ្យមានការលាញបំផ្លាញដែរ ចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ តែដល់ពាក់កណ្ដាលអាទិត្យនោះ នឹងធ្វើការថ្វាយយញ្ញបូជា និងដង្វាយឈប់ទៅ ហើយនៅក្នុងព្រះវិហារ នឹងមានធ្វើការគួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញ ក៏នឹងមានសេចក្តីក្រោធចាក់ទៅលើទីខូចបង់នោះ ដរាបដល់ចុងបំផុត ជាវេលាដែលបានកំណត់ទុកហើយ»។ (ដានីយ៉ែល ៩:២៤-២៧ គកស)
ទេវតា កាព្រីយ៉ែល បានប្រកាសថា «គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង និងដល់ទីក្រុងបរិសុទ្ធរបស់ឯង» ។ កម្មបទនៃរាជឱង្ការរបស់ព្រះគឺសាសន៍យូដា និងក្រុងយេរូសាឡឹម។ លេខ «ចិតសិប» ពិតជាចាំបាច់សម្រាប់ខគម្ពីរដែលនៅសល់ផ្សេងទៀត ដែលបែងចែកវាជាបីដង ដូច្នេះការយល់ដឹងអំពីប្រភពនៃចំនួននេះគឺមានសារៈសំខាន់ចំពោះការកាត់ស្រាយដ៏ត្រឹមត្រូវមួយ។
លេខ «ចិតសិប» បានលេចឡើងនៅក្នុងជំពូកទី៩ ពេលដែលហោរានោះកំពុងអាននៅក្នុងកណ្ឌគម្ពីរ យេរេមា អំពីសេចក្ដីវិនាសនៃក្រុងយេរូសាឡឹមដែលបានបញ្ចប់បន្ទាប់ពី «ចិតសិបឆ្នាំ» នៃការជាប់ជាឈ្លើយ (ខ. ២)។ សាររបស់ទេវតា កាព្រីយ៉ែល បានប្រើពាក្យ «ចិតសិប» ហើយបានសន្យាថា «ចិតសិបប្រាំពីរ» ឬ «ចិតសិបអាទិត្យ» ។ ហើយប្រសិនបើ «ចិតសិប» នៅក្នុងសាររបស់ទេវតា កាព្រីយ៉ែល បានប្រើពាក្យ «ចិតសិប» ពីកណ្ឌគម្ពីរ យេរេមា ២៥:១១-១២ (ដានីយ៉ែល ៩:២) នោះវាសមហេតុផលក្នុងការសន្មតថា «ប្រាំពីរ/អាទិត្យ នោះក៏ប្រើនៅលើឆ្នាំនៃកណ្ឌគម្ពីរ ដានីយ៉ែល ជំពូក២ ផងដែរ។ រាជឱង្ការស្ដីពី ចិតសិបប្រាំពីរ/អាទិត្យ ប្រហែលជាមានន័យថា ៤៩០ឆ្នាំ (៧០×៧)។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
បញ្ហាមួយទៀតគឺថាតើយើងគួរយក៤៧០ឆ្នាំជាន័យត្រង់ ឬជានិមិត្តសញ្ញា។ សូមសង្កេតជាមុនថា ទោះបីជាលោក យេរេមា បានសរសេរអំពីភាពជាឈ្លើយសឹកចិតសិបឆ្នាំក៏ដោយ ក៏ជនជាតិយូដាពិតជាត្រូវនិរទេសមិនដល់ចិតសិបឆ្នាំដែរ។ ប្រសិនបើសាររបស់ទេវតា កាព្រីយ៉ែល បានប្រើលេខនោះ ប្រហែលជាយើងគួររំពឹងថានឹងមានអត្ថន័យជាន័យធៀប ឬនិមិត្តសញ្ញាជាជាងការយល់លេខ៤៩០ តាមបែបន័យត្រង់ៗនិយមយ៉ាងតឹងរ៉ឹង ត្បិតសូម្បីតែលេខ ចិតសិបក៏មិនត្រូវយល់ថាជា ប្រភេទនៃភាពជាក់លាក់ដែលគេរំពឹងទុកញឹកញាប់នៅបច្ចុប្បន្ននេះដែរ។ ការចង្អុលបង្ហាញបន្ថែមដល់យើងក្នុងទិសដៅនៃការបកស្រាយមិនតាមន័យត្រង់និយមន័យ «ចិតសិបប្រាំពីរ» គឺជាប្រភពដែលអាចកើតមាននៃ «ប្រាំពីរ»។ ប្រាំពីរគឺជាចំនួននៃការបញ្ចប់ និងភាពល្អឥតខ្ចោះ ហើយកណ្ឌគម្ពីរ លេវីវិន័យ ២៥:៨-១២ ទំនងជាបានជូនដំណឹងដល់ការយល់ដឹងរបស់លោក ដានីយ៉ែល អំពីសាររបស់ ទេវតា កាព្រីយ៉ែល៖
«ត្រូវឲ្យឯងរាប់ឆ្នាំឈប់សម្រាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សម្រាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ រួចត្រូវចាត់ចែងទៅផ្លុំត្រែ ឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាបត្រូវឲ្យគេផ្លុំ នៅពេញក្នុងស្រុកឯង ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្តីប្រោសលែងបាវបម្រើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្ស ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅ នៅឯដីរបស់ឯងរាល់គ្នារៀបខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ ឆ្នាំទី៥០នោះនឹងបានជាឆ្នាំសោមនស្សដល់ឯងរាល់គ្នា ក្នុងឆ្នាំនោះ មិនត្រូវឲ្យឯងសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះឯង ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ ដ្បិតនោះគឺជាឆ្នាំសោមនស្សហើយ ត្រូវរាប់ជាឆ្នាំបរិសុទ្ធដល់ឯងរាល់គ្នា ហើយឯងនឹងបរិភោគផលចំរើនអំពីស្រែចំការ។»
នៅក្នុងលេវីវិន័យ ជំពូក២៥ ការគុណនៃ «៧ឆ្នាំ៧ដង» (ខ. ៨) បណ្ដាលឲ្យទទួលបានសែសិបប្រាំបួនឆ្នាំ។ ឆ្នាំទី៥០ គឺជាឆ្នាំសោមនស្ស ដែលជាពេលវេលានៃសេរីភាព និងជាព្រឹត្តិការណ៍ដ៏សំខាន់។ សាររបស់ ទេវតា កាព្រីយ៉ែល គួរត្រូវបានយល់ដោយផ្អែកលើអត្ថបទអំពីឆ្នាំសោមនស្ស នៅក្នុងកណ្ឌគម្ពីរលេវីវិន័យ ជំពូក២៥ ជាភស្តុតាងបង្ហាញឲ្យឃើញ ដោយផ្នែកដំបូងដែលគាត់បានផ្តល់ឲ្យ លោក ដានីយ៉ែល នៅក្នុងដានីយ៉ែល ៩:២៥ ប្រាំពីរ ប្រាំពីរដង/អាទិត្យ។ បន្ទាប់មក ហុកសិបពីរ ច្រើនជាងប្រាំពីរៗដង ត្រូវបានផ្តល់ឲ្យ (ខ. ២៥ នៅផ្នែកទីពីរ) ហើយបន្ទាប់មកព្រឹត្តិការណ៍ ប្រាំពីរ/អាទិត្យ ទទួលបានការយកចិត្តទុកដាក់បំផុត (ខ២៦-២៧)។ ចិតសិបប្រាំពីរដងនៅក្នុងខ២៤ តំណាងឲ្យឆ្នាំសោមនស្ស ប្រសិនបើប្រាំពីរៗដងនៅក្នុងកណ្ឌគម្ពីរ លេវីវិន័យ ២៥:៨ នាំទៅដល់ឆ្នាំសោមនស្ស នោះចិតសិបប្រាំពីរដងនៅក្នុងកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៤ គឺមានដប់ដងច្រើនជាង និង ជាឆ្នាំសោមនស្សពិតប្រាកដ!
ហេតុផលសម្រាប់ឆ្នាំសោមនស្សដប់ដង បានបង្ហាញជាក់ស្តែងនៅក្នុងលទ្ធផលទាំងប្រាំមួយ ដែលទេវតា កាព្រីយ៉ែល បានរាយឈ្មោះក្នុងបញ្ជី៖ ព្រះបានមានបន្ទូលប្រកាសអំពីចិតសិបប្រាំពីរ «ដើម្បីនឹងរំលត់បំបាត់អំពើរំលង និងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្តីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក និងបិទត្រាការជាក់ស្ដែង និងសេចក្តីទំនាយ ហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង» (ខ២៤)។ ការលើកឡើងអំពីការរំលង អំពើបាប និងអំពើទុច្ចរិតគឺសំខាន់នៅក្នុងបរិបទនៃការអធិស្ឋានរបស់ហោរា ដានីយ៉ែល ដែលបានសារភាពអំពើបាបរបស់ជនជាតិអ៊ីស្រាអែល (ខ៤-១៥) ហើយអង្វរសុំសេចក្ដីមេត្តា និងការអត់ទោស (ខ១៦-១៩)។ ព្រះបានមានបន្ទូលទៅដានីយ៉ែលថា «អញនឹងទទួលខុសត្រូវចំពោះអំពើបាបឯង។ ដង្វាយធួននឹងបាបនឹងត្រូវបានសម្រេច» ។ កិច្ចការនាពេលអនាគតនេះនឹងនាំមកនូវសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ច ដែលជានិរន្តរភាពមួយដែលអ្នកថ្វាយបង្គំព្រះយេហូវ៉ាប្រាថ្នាចង់បានជារៀងរហូត។ «និមិត្ត និងហោរា» ប្រហែលជាសំដៅទៅលើការបើកសម្ដែងរបស់ព្រះ រហូតដល់ដង្វាយឲ្យធួននឹងបាបនេះត្រូវបានសម្រេច ។ នៅពេលអំពើបាបត្រូវបានដោះស្រាយនៅក្នុងកិច្ចការប្រោសលោះនាពេលអនាគត នោះការបើកសម្ដែងមុននឹងត្រូវបានបំពេញ ហើយត្រឡប់ជាមិនសូវសំខាន់ដោយព្រឹត្តិការណ៍ឆ្នាំសោមនស្សដែលព្រះនឹងសម្រេច។ ប្រសិនបើយើងយល់ថាពាក្យ «ហិនដៀដេ» ( hendiadys) ជាពាក្យពីរដែលបង្ហាញពីគោលគំនិតរួមតែមួយ «និមិត្ត និងហោរា» អាចត្រូវបានយល់ថាជា «និមិត្តរបស់ព្យាការី» ហើយអាចនឹងបង្ហាញពីទិដ្ឋភាពនៃទំនាយរបស់ហោរា យេរេមា អំពីការវិលត្រឡប់ពីការនិរទេស។ ទេវតា កាព្រីយ៉ែល កំពុងផ្តល់ការយល់ដឹងមួយដល់ហោរា ដានីយ៉ែល នៅក្នុងរបៀបដែលទំនាយរបស់ហោរា យេរេមា នឹងត្រូវបាន «បិទត្រា» ឬ «[បាន] បញ្ជាក់»។ ផ្នែកនៃផែនការដង្វាយធួននឹងបាបរបស់ព្រះ រួមបញ្ចូលទាំងការចាក់ប្រេងតាំង «ទីបរិសុទ្ធបំផុត» ឬប្រហែលជាពាក្យត្រឹមត្រូវបំផុតនោះគឺ «ព្រះដ៏បរិសុទ្ធបំផុត» ។ គ្មានការចាក់ប្រេងអភិសេកសម្រាប់ព្រះវិហាររបស់ សាឡូម៉ូន ឬព្រះវិហារបរិសុទ្ធដែលបានសាងសង់ឡើងវិញក្រោមការដឹកនាំរបស់ហោរា អែសរ៉ា នោះទេ។ ក្នុងន័យនេះ គឺអំពីបុគ្គលមិនមែនសំណង់នៃព្រះវិហារនោះទេ។ កិច្ចការរបស់បុគ្គលដែលត្រូវបានចាក់ប្រេងតាំងនេះនឹងលេចឡើងក្នុងពេលដ៏ខ្លីក្នុងការផ្តាច់ចេញវិញនៃចិតសិបអាទិត្យនេះ (ខ២៥-២៧) ។
ដោយមើលឃើញពីឥទ្ធិពលដ៏អស្ចារ្យនៃចិតសិបប្រាំពីរដង វាគួរឲ្យកត់សម្គាល់ថា ហុកសិបប្រាំបួនប្រាំពីរដងដំបូង មិនបានសំដៅអំពីប្រភេទនៃឥទ្ធិពលដែលបានរាយឈ្មោះក្នុងខ២៤ទេ។ ប៉ុន្តែ អាទិត្យទីចិតសិប បានរាប់បញ្ចូលទាំងអ្នកត្រូវបានចាក់ប្រេងតាំងដែលកំពុងត្រូវបានកាត់ផ្តាច់ចេញវិញ ការបំផ្លិចបំផ្លាញទីក្រុង និងទីបរិសុទ្ធ និងការបំផ្លិចបំផ្លាញតាមការបញ្ជា (ខ២៦)។ លើសពីនេះទៀត ការតាំងសញ្ញានឹងត្រូវបានធ្វើឡើង ហើយការថ្វាយយញ្ញបូជានឹងត្រូវបានបញ្ចប់ (ខ២៧)។ ដូច្នេះ លទ្ធផលដ៏គួរឲ្យកត់សម្គាល់ចំនួនប្រាំមួយក្នុងខ២៤ នឹងមិនត្រូវបានសម្រេចជាបណ្ដើរៗទេ ក្នុងរយៈពេលហុកសិបប្រាំបួនអាទិត្យដំបូងទេ។ លទ្ធផលទាំងនេះនឹងកើតឡើងដោយសារតែព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងអាទិត្យទីចិតសិបវិញ។
ទេវតា កាព្រីយ៉ែល បានចាប់ផ្ដើមប្រាប់ហោរា ដានីយ៉ែល អំពីអ្វីដែលគាត់គួរយល់ថា៖ «ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡឹម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្ដាច់នោះត្រូវជាចំនួន៧អាទិត្យ»។ បន្ទាប់មក «ហុកសិបពីរអាទិត្យ» (ដែលនឹងត្រូវបានលើកមកនិយាយនៅក្នុងផ្នែកខាងក្រោម) ដោយបញ្ជាក់ប្រាប់អំពីក្រុងយេរូសាឡឹម «រួចនៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា និងកំផែងផង» ។ «ប្រាំពីរ» អាទិត្យដំបូង និង «ហុកសិបពីរ» អាទិត្យបន្ទាប់ ហាក់បីដូចជាសំដៅទៅនឹងរយៈពេលទាំងមូលដែលបានថ្លែងទំនាយទុកជាមុននៅក្នុងខ២៥ ដែលរួមបញ្ចូលទាំង «ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡឹម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្ដាច់នោះ»។
ដូចដែលប្រវត្តិសាស្ត្របានលាតដាង «ការបង្គាប់ឲ្យក្រុងយេរូសាឡឹមបានសង់ឡើងវិញ» ប្រែទៅជាព្រះរាជឱង្ការរបស់ស្ដេចស៊ីរូសដែលអនុញ្ញាតឲ្យជនជាតិយូដាវិលត្រឡប់ទៅទឹកដីកំណើតវិញនៅឆ្នាំ៥៣៨ មុនគ.ស.។ បន្ទាប់ពីទ្រង់ទទួលបានជ័យជម្នះលើក្រុងបាប៊ីឡូននៅឆ្នាំ៥៣៩ ស្ដេចស៊ីរូស បានដោះលែងជនជាតិយូដាដែលនិរទេសខ្លួននៅឆ្នាំបន្ទាប់។ ហោរា អេសាយ បានរាយរៀបរាប់អំពីផែនការរបស់ព្រះអម្ចាស់ក្នុងការប្រើស្ដេចស៊ីរូសតាមរបៀបនេះថា «អញនិយាយពីស៊ីរូសថាជាអ្នកគង្វាលរបស់អញ ជាអ្នកដែលនឹងសម្រេចតាមបំណងចិត្តអញទាំងប៉ុន្មាន ហើយបង្គាប់ឲ្យក្រុងយេរូសាឡឹមបានសង់ឡើងវិញ និងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ» (អេសាយ ៤៤:២៤, ២៨)។ ក្រោយមកលោក អែសរ៉ា បានកត់ត្រាថា «នៅឆ្នាំទី១ ក្នុងរាជ្យស៊ីរូស ស្ដេចពើស៊ី នោះព្រះយេហូវ៉ាទ្រង់បណ្ដាលព្រះទ័យស៊ីរូស ជាស្ដេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់ ដើម្បីឲ្យបានសម្រេចតាមសេចក្តី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ក៏បានកត់សេចក្តីនោះទុក (អែសរ៉ា ១:១)» ហើយសេចក្តីប្រកាសនោះបានបញ្ជាក់អំពីការត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ថា «ដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹមនោះ» (ខ. ៣)។
ការជជែកវែកញែកអំពីកាលបរិច្ឆេទមុន ឬក្រោយឆ្នាំ៥៣៨ មុនគ.ស បរាជ័យក្នុងការរាបបញ្ចូលអត្ថបទជាក់លាក់នៅក្នុងព្រះគម្ពីរ អេសាយ និងព្រះគម្ពីរ អែសរ៉ា ទាក់ទងនឹងការសម្រេចទំនាយរបស់ហោរា យេរេមា អំពី រាជឱង្ការរបស់ស្ដេច ស៊ីរូស សម្រាប់ការវិលត្រឡប់ពីនិរទេសវិញរបស់ពួកយូដា។ នៅពេលដែល ហោរា ដានីយ៉ែល បានទទួលសារនេះពីទេវតា កាព្រីយ៉ែល និងហោរា ដានីយ៉ែល បានស្ថិតនៅក្នុង «នៅឆ្នាំដំបូង ក្នុងរាជ្យនៃដារីយុស» (ដានីយ៉ែល ៩:១) ដែលពួកយើងបានប្រៀបធៀបទ្រង់ទៅនឹងស៊ីរូស ជាស្តេចពើស៊ី (សូមមើលខគម្ពីរយោង ដានីយ៉ែល ៥:៣១) ហើយ ដានីយ៉ែលទទួលបាននូវការបើកសម្ដែងពីទេវតា កាព្រីយ៉ែល មិនយូរប៉ុន្មានមុនពេលព្រះរាជឱង្ការត្រូវបានផ្តល់មក។ ហោរា ដានីយ៉ែល មិនត្រឹមតែបានឃើញ ការចាប់ជាឈ្លើយនៅស្រុកបាប៊ីឡូនមកដល់ទីបញ្ចប់ប៉ុណ្ណោះទេ ថែមទាំងឃើញថា គាត់ក៏នឹងរស់នៅរហូតដល់បានឃើញ ការសម្ពោធ «ចិតសិបប្រាំពីរ» ដែលនៅទីបំផុតឈានដល់ឆ្នាំសោមនស្ស ជាគ្រាដែលអ្នកដែលចាក់ប្រេងតាំងនឹងមក ហើយបានបញ្ចប់អំពើបាប។ អ្នកដែលចាក់ប្រេងតាំងត្រូវបានលើកយកមកនិយាយមុន «៧អាទិត្យ» (ខ២៥) ហើយលើកយកមកនិយាយម្តងទៀតបន្ទាប់ពី «៦២អាទិត្យ» (ខ២៦)។ នេះបង្ហាញថាការមកដល់ និងកិច្ចការដង្វាយធួននឹងបាបរបស់អ្នកដែលត្រូវបានចាក់ប្រេងតាំងគឺជាគោលដៅដ៏ធំនៃ «៧អាទិត្យ» ប៉ុន្តែគាត់នឹងមិនមកទេ ទាល់តែ «៦២អាទិត្យ» ត្រូវបានបញ្ចប់ (ខ២៦) ។
ប្រសិនបើ «៧អាទិត្យ» (ខ២៥) បានចាប់ផ្តើមតាមរាជឱង្ការរបស់ស្ដេចស៊ីរូស នៅឆ្នាំ៥៣៨ មុនគ.ស តាមការគណនានោះ ការបញ្ចប់របស់ពួកគេនៅប្រហែលនៅឆ្នាំ៤៨៩។ ដោយសារតែមិនមានព្រឹត្តិការណ៍តាមរយៈព្រះគម្ពីរ ឬទំនាយសំខាន់ៗបានកើតឡើងក្នុងឆ្នាំនោះ ប្រហែលជា «៧អាទិត្យ» មិនមានន័យត្រង់ថា ៤៩ឆ្នាំនោះទេ។ ផ្ទុយទៅវិញ យើងគួរតែយល់ឃើញថា «៧អាទិត្យ» (ឬ ៧ប្រាំពីរដង) ដែលសំដៅទៅលើកណ្ឌគម្ពីរ លេវីវិន័យ ២៥:៨ ដែលព្រះយេហូវ៉ាមានបន្ទូលទៅកាន់លោក ម៉ូសេថា «ត្រូវឲ្យឯងរាប់ឆ្នាំឈប់សម្រាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សម្រាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ»។ ដូច្នេះ «៧អាទិត្យ» ដំបូងនៅក្នុង ព្រះគម្ពីរ ដានីយ៉ែល ៩:២៥ បានរៀបចំហោរា ដានីយ៉ែល និងអ្នកអានសម្រាប់ការរំពឹងទុកនៃឆ្នាំសោមនស្ស។ «ប្រាំពីរប្រាំពីរដង» បានចាប់ផ្ដើមនៅក្នុងឆ្នាំ៥៣៨មុនគ.ស. ប្រហែលជាបន្តរហូតដល់ការសាងសង់ព្រះវិហារ និងកំផែងក្រុង ក្នុងកំឡុងពេលនៃការដឹកនាំរបស់លោកអែសរ៉ា និងលោកនេហេមា។ ព្រះវិហារនេះត្រូវបានបញ្ចប់ និងសាងសង់ឡើងវិញនៅឆ្នាំ៥១៥ ខណៈកំផែងក្រុងត្រូវបានសាងសង់ក្នុងឆ្នាំ៤៤៤។
ដោយសំដៅទៅក្រុងយេរូសាឡឹម ទេវតា កាព្រីយ៉ែល បានប្រាប់ដានីយ៉ែលថា «៦២អាទិត្យ រួចនៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា និងកំផែងផង»។ មិនមានការចង្អុលបង្ហាញថាគម្លាតនៃពេលវេលានោះ គួរតែត្រូវបានបញ្ចូលនៅចន្លោះ៧អាទិត្យដំបូង និង៦២អាទិត្យបន្ទាប់នោះទេ។ ដ្បិតខ២៦ ចែងថា «អ្នកដែលបានចាក់ប្រេងតាំងឡើង» ដែលនឹងមកក្រោយ៦២អាទិត្យ ដែលបង្ហាញច្បាស់ណាស់ថាប្រាំពីរដំបូងនោះមិនធ្វើឲ្យការងាររបស់អ្នកដែលបានចាក់ប្រេងតាំងឡើង ក្លាយជាចំណុចសំខាន់នោះទេ។
ទាក់ទងនឹង៦២អាទិត្យ (ខ២៥) ទៅនឹង៧អាទិត្យ (ខ២៥) គឺមិនពិបាកយល់ដូចអ្វីដែលគេបានគិតពីដំបូងនោះឡើយ។ ប្រាំពីរគឺបន្តជាប់គ្នាដោយមិនមានការបង្អាក់។ រយៈពេលនៃ៦២អាទិត្យ ប្រហែលជាបានអូសបន្លាយពីសម័យកាលហោរា នេហេមា រហូតដល់សម័យកាលព្រះយេស៊ូវ (អ្នកដែលបានចាក់ប្រេងតាំង)។ ដូចគ្នាទៅនឹង៧អាទិត្យដំបូងដែរ យើងមិនគួរផ្ដោតលើ៦២អាទិត្យដោយការនិយមបកស្រាយន័យត្រង់ដ៏តឹងរ៉ឹង ដោយចង់ឲ្យមានន័យថា ៤៣៤ឆ្នាំពិតៗនោះទេ។ វាជាលេខរង្វង់មូលមួយ ដែលតំណាងឲ្យរយៈពេលពីសម័យកាលហោរា នេហេមា រហូតដល់សម័យកាលព្រះយេស៊ូវ។
វាអាចមានសារៈសំខាន់បន្ថែមទៀតចំពោះ «៦២អាទិត្យ» នៅក្នុង ខ២៥។ ពេលវេលាតែមួយគត់ដែលលេខ «៦២» បានបង្ហាញនៅក្នុងព្រះគម្ពីរ ដានីយ៉ែល គឺនៅក្នុង ជំពូក៥:៣១ ជាកន្លែងដែលនិយាយស្ដេច ដារីយុស បានច្បាំងដណ្ដើមយកបានស្រុកបាប៊ីឡូន «ដែលមានព្រះជន្មប្រមាណ៦២ឆ្នាំហើយ»។ ការធ្វើឲ្យទំនាក់ទំនងរវាង ជំពូក ៩:២៥ និង ជំពូក ៥:៣១ កាន់តែមានភាពច្បាស់លាស់ឡើង គឺជាការពិតដែលថា ជំពូក៩ បានកើតឡើងក្នុងអំឡុងពេល «នៅឆ្នាំដំបូង ក្នុងរាជ្យនៃដារីយុស ព្រះរាជបុត្រា អ័ហាស៊ូរុស ជាពូជពង្សសាសន៍មេឌី» (៩:១) ហើយជាព្រឹត្តិការណ៍មុនដំបូង តែមួយគត់នៃ «ដារីយុសជាសាសន៍មេឌី» គឺនៅក្នុងជំពូក ៥:៣១។
ស្ដេច ដារីយុស/ស៊ីរូស នឹងសម្រេចឲ្យមានសេរីភាពដល់ពួកឈ្លើយនៅបាប៊ីឡូន។ ស្ដេច ស៊ីរូស គឺជារបៀបមួយនៃព្រះមេស្ស៊ី ត្បិតក្រោយមកទៀតទ្រង់ក៏នឹងផ្តល់សេរីភាពដល់ពួកឈ្លើយសឹក—ដល់ពួកឈ្លើយសឹកនៃអំពើបាប និងសេចក្តីស្លាប់ ចេញពីការនិរទេសដ៏ជ្រៅនេះ ដោយរបៀបនៃការរំដោះចេញមួយដែលថ្មី និងអស្ចារ្យ។ ព្រះគម្ពីរអេសាយបានផ្តល់គំរូជាមុនតាមព្រះគម្ពីរសម្រាប់ការមើលស្ដេច ស៊ីរូស ជាតួអង្គតំណាង ពោលគឺគាត់ជាអ្នកគង្វាលដែលចាក់ប្រេងតាំងរបស់ព្រះនៅក្នុងកណ្ឌគម្ពីរ អេសាយ ៤៤:២៨-៤៥:១ ។ ស្ដេច ស៊ីរូស នឹងប្រោសលោះជនជាតិអ៊ីស្រាអែលដែលជាឈ្លើយសឹកក្នុងនាមជាអ្នកសង្គ្រោះខាងនយោបាយរបស់ពួកគេ។ នៅក្នុងផ្នែកដូចគ្នានៃព្រះគម្ពីរអេសាយ ការថ្លែងទំនាយអំពីកិច្ចការរបស់ស្ដេច ស៊ីរូស (អេសាយ ៤០-៥៥) ព្រះបានសន្យាថា ទ្រង់នឹងប្រទានព្រះអង្គសង្គ្រោះខាងឯវិញ្ញាណមួយអង្គ ជាអ្នកបម្រើដែលរងទុក្ខវេទនា ដែលនឹងទទួលយកអំពើទុច្ចរិតរបស់សាសន៍អ៊ីស្រាអែល ហើយទទួលទោសជំនួសពួកគេ (អេសាយ ៤២:១-៩; ៤៩:១-៧; ៥២:១៣-៥៣:១២)។ នៅថ្ងៃមួយ ការរំដោះដ៏ធំធេងតាមរយៈអ្នកបម្រើដែលរងទុក្ខគឺព្រះយេស៊ូវគ្រីស្ទ ដែលកិច្ចការនៃដង្វាយធួននឹងបាបដែលជាឆ្នាំសោមនស្សដ៏ពិតប្រាកដ នឹងលើសជាជាងការរំដោះតាមរយៈស្ដេច ស៊ីរូស។ ប្រហែលជាពេលនោះ ជាសម័យកាលស្ដេច ស៊ីរូស ពេលដែលទ្រង់ច្បាំងដណ្ដើមយកបានក្រុងបាប៊ីឡូន («៦២»; ដានីយ៉ែល ៥:៣១) បានបម្រើសម្រាប់សម័យកាលនោះ ហើយនាំទៅកាន់ព្រះយេស៊ូវ ដែលជាអ្នកចាក់ប្រេងតាំងដែលនឹងរងទុក្ខនៅកន្លែងនោះជំនួសមនុស្សមានបាប ហើយការធ្វើដូច្នេះ នឹងឈ្នះអំពើបាប និងសេចក្តីស្លាប់តាមរយៈការរស់ឡើងវិញរបស់ទ្រង់។
រយៈពេល «៦២អាទិត្យ» ក្នុងទីក្រុងយេរូសាឡឹម (រួមទាំងព្រះវិហារនៅក្នុង) នឹងនៅតែត្រូវបានសាងសង់ឡើងវិញ «នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា និងកំផែងផង» (៩:២៥)។ ពាក្យរបស់ទេវតា កាព្រីយ៉ែល ប្រហែលជាបង្ហាញថា ពីសម័យកាលហោរា នេហេមា រហូតដល់សម័យកាលព្រះមេស្ស៊ី ទីក្រុងនោះនឹងនៅតែឈរនៅឡើយ។ «ផ្លូវធ្លា និងកំផែង» ដែលត្រូវបានគេលើកមកនិយាយ ប្រហែលជាបង្ហាញអំពីភាពពេញលេញនៃការបញ្ចប់ការសាងសង់ឡើងវិញ។ ទេវតា កាព្រីយ៉ែល មិនបានរៀបរាប់លម្អិតអំពី «គ្រាជ្រួលច្រាល់» នោះទេ ប៉ុន្តែវាអាចសំដៅទៅលើអំពើឃោរឃៅដែលបានប្រព្រឹត្តដោយចក្រភពក្រិកក្រោមការគ្រប់គ្រងរបស់ស្ដេច អន់ទីយូគូស ទី៤ អេពីផាន (Antiochus IV Epiphanes)។
ខគម្ពីរទាំងនេះត្រូវបានគេយល់ច្បាស់បំផុតនៅក្នុងគំរូ ក-ខ-ក'-ខ' ។ ពួកគេបានប្រាប់អំពីអាទិត្យទី៧០ ដែលទទួលបានការចាប់អារម្មណ៍បំផុតនៅក្នុងសាររបស់ទេវតា កាព្រីយ៉ែល ទៅកាន់ហោរា ដានីយ៉ែល៖
ក- «លុះក្រោយពី៦២អាទិត្យនោះទៅនោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្តាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ» (ខ២៦) ។
ខ- «រួចបណ្ដាទ័ពរបស់ចៅហ្វាយ១ដែលនឹងមក គេនឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធបង់ ឯចុងបំផុតនៃការនោះនឹងបានដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងដរាបដល់ចុង ហើយបានសម្រេចឲ្យមានការលាញបំផ្លាញដែរ» (ខ២៦) ។
ក' «ចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ តែដល់ពាក់កណ្ដាលអាទិត្យនោះ នឹងធ្វើការថ្វាយយញ្ញបូជា និងដង្វាយឈប់ទៅ» (ខ២៧) ។
ខ' «ហើយនៅក្នុងព្រះវិហារ នឹងមានធ្វើការគួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញ ក៏នឹងមានសេចក្តីក្រោធចាក់ទៅលើទីខូចបង់នោះ ដរាបដល់ចុងបំផុត ជាវេលាដែលបានកំណត់ទុកហើយ» (ខ២៧)។
នៅក្នុងរចនាសម្ព័ន្ធនេះ ក- និង ក' សំដៅទៅលើព្រឹត្តិការណ៍ដូចគ្នា៖ ធ្វើការថ្វាយយញ្ញបូជារបស់អ្នកដែលចាក់ប្រេងតាំង។ ផ្នែក ខ- និង ខ' ដោយផ្នែកនីមួយៗមានព្រឹត្តិការណ៍មានគំនិតតែមួយ៖ ការបំផ្លិចបំផ្លាញក្រុងយេរូសាឡឹម និងព្រះវិហារ។ ខាងក្រោមនេះយើងនឹងអះអាងថា ៧០អាទិត្យនៃជំពូក៩ នាំទៅការសម្រេចនៃការសោយទិវង្គតរបស់ព្រះយេស៊ូវគ្រីស្ទ និងក្នុងការបំផ្លាញព្រះវិហារបរិសុទ្ធក្រុងយេរូសាឡឹម។
ពាក្យបន្ទាប់របស់ទេវតា កាព្រីយ៉ែល «បន្ទាប់៦២អាទិត្យ» បង្ហាញថាអាទិត្យទី៧០គឺជាពេលឥឡូវនេះ។ លោកបានប្រកាសថា៖ «នោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្តាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ»។ «អ្នកដែលចាក់ប្រេងតាំង» នេះគឺជាព្រះមេស្ស៊ីដែលបានថ្លែងទំនាយទុកមុន ជាតួអង្គដែលសម្រេចដោយព្រះយេស៊ូវជា «ព្រះគ្រីស្ទ» (អ្នកដែលចាក់ប្រេងតាំង សូមមើលបន្ថែមក្នុងកណ្ឌគម្ពីរ លូកា ២:១១)។ អ្នកបកប្រែខ្លះបានលើកឡើងថា «ព្រះអម្ចាស់ដែលត្រូវយាងមក» (ដានីយ៉ែល ៩:២៦) គឺជាមេប្រឆាំងនឹងព្រះគ្រីស្ទនៅពេលអនាគត។1 វាមិនមានភាពផ្ទុយគ្នាខ្លាំងរវាងតួអង្គដែលគេនិយាយសំដៅទាំងពីរនេះទេ។ យើងគួរតែជ្រើសរើសយកការយល់អំពីតួអង្គទាំងពីរថាជា «ព្រះគ្រីស្ទ» ទោះជា «អ្នកដែលចាក់ប្រេងតាំង» និង «ព្រះអម្ចាស់» គឺតែមួយទេ។ ទីមួយ នៅពេលទេវតា កាព្រីយ៉ែល បានរៀបរាប់ពី «ការចាក់ប្រេងតាំង» ខគម្ពីរពីមុននេះ វាទាក់ទងនឹងបុគ្គលដ៏បរិសុទ្ធបំផុតដែលនឹងបញ្ចប់អំពើបាប និងធ្វើដង្វាយធួននឹងបាប (ខ២៤) ហើយពាក្យ «ព្រះអម្ចាស់» បន្ទាប់ពីពាក្យថា «អ្នកដែលចាក់ប្រេងតាំង» នោះគួរជាងារស្មើគ្នា។ ទីពីរ វាមិនទំនងថា «ព្រះអម្ចាស់» នៃខ២៥ និង «ព្រះអម្ចាស់» នៃខ២៦ សំដៅលើបុគ្គលផ្សេងគ្នា។ វាជាការដែលសមហេតុផលជាង ដែលអ្នកអានយល់ថា «ព្រះអម្ចាស់» នៅខ២៥ និងខ២៦ ជាបុគ្គលតែមួយ ទ្រង់គឺជាព្រះមេស្ស៊ី មិនមែនជាមេប្រឆាំងព្រះគ្រីស្ទទេ។ ទីបី គ្មានគម្លាតពេលវេលាណាមួយត្រូវបានបញ្ជាក់មុនអាទិត្យទី៧០នោះទេ ប៉ុន្តែទស្សនៈមេប្រឆាំងនឹងព្រះគ្រីស្ទជាច្រើនទាមទារថាមានគម្លាតរាប់ពាន់ឆ្នាំ។ គម្លាតពេលបែបនេះមិនមានការធានាជាអត្ថបទនៅក្នុងគម្ពីរ ដានីយ៉ែល ជំពូក៩ ទេ។ យើងមិនគួរព្យាករគម្លាតពេលវេលារវាងប្រាំពីរ ប្រាំពីរដង និងហុកសិបប្រាំបួនប្រាំពីរដងទេ។ ដូច្នេះ យើងមិនគួរព្យាករគម្លាតរវាងហុកសិបប្រាំបួន និងចិតសិបប្រាំពីរទេ។
ការព្យាករណ៍ថាអ្នកដែលចាក់ប្រេងតាំងនេះនឹងត្រូវ «កាត់ចោល ហើយគ្មានអ្វីសោះ» ត្រូវបានសម្រេចនៅពេលដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង។ ទ្រង់ត្រូវបានគេយកទៅក្រៅខ្លោងទ្វារទីក្រុង ហើយត្រូវឆ្កាង ត្រូវពួកសិស្សរបស់ទ្រង់ និងព្រះវរបិតាបានបោះបង់ចោល (ម៉ាថាយ ២៦:៣១; ២៧:៦០; ហេព្រើរ ១៣:១២-១៣) ។ បន្ទាប់មក អាទិត្យទី៧០នៃព្រះគម្ពីរដានីយ៉ែល បានរួមបញ្ចូលកិច្ចការប្រោសលោះរបស់ព្រះយេស៊ូវផងដែរ។ យោងតាមគោលដៅដ៏សំខាន់ទាំងប្រាំមួយរបស់ព្រះគម្ពីរ ដានីយ៉ែល ៩:២៤ «ការកាត់ចេញ» នៃអ្នកដែលចាក់ប្រេងតាំងនេះ គឺជាមធ្យោបាយ ដើម្បីនឹងរំលត់បំបាត់អំពើរំលង និងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្តីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក និងបិទត្រាការជាក់ស្ដែង និងសេចក្តីទំនាយហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង។
ទំនាយមួយអំពីក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធបានមកជាបន្ទាប់ថា៖ «បណ្ដាទ័ពរបស់ចៅហ្វាយ១ដែលនឹងមក គេនឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធបង់ ឯចុងបំផុតនៃការនោះនឹងបានដូចជាជំនន់ទឹក ក៏នឹងមានចំបាំងដរាបដល់ចុង ហើយបានសម្រេចឲ្យមានការលាញបំផ្លាញដែរ»។ ដូចដែលយើងបានឃើញហើយ «ចៅហ្វាយ១ដែលនឹងមក» គឺជា «ព្រះអម្ចាស់» ដូចគ្នា (ឬ «អ្នកដែលបានចាក់ប្រេងតាំង») ដូចនៅក្នុងខ២៥៖ ព្រះមេស្ស៊ី/ព្រះយេស៊ូវ។ នេះមានន័យថា «បណ្ដាទ័ពរបស់ចៅហ្វាយ» នោះ គឺជាជនជាតិយូដា។ ទំនាយនេះប្រហែលជាគួរឲ្យសង្វេគ ពេលដែលគេនិយាយថា ជនជាតិយូដានឹងបំផ្លាញក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ! បន្ទាប់ពីកិច្ចការប្រោសលោះរបស់ព្រះយេស៊ូវ ព្រះវិហារបរិសុទ្ធត្រូវបានបំផ្លាញនៅឆ្នាំ៧០នៃគ.ស ហើយពួកយូដាបានចូលរួមក្នុងការបំផ្លាញនោះដែរ។ សាសន៍រ៉ូមដែលដឹកនាំដោយលោកមេបញ្ជាការ ទីតុស បានចូលរួមក្នុងការបំផ្លិចបំផ្លាញ ប៉ុន្តែការរំលងរបស់ជនជាតិយូដា ជាពិសេសការបដិសេធរបស់ពួកគេចំពោះព្រះមេស្ស៊ី នាំទៅដល់ការជំនុំជម្រះរបស់ព្រះមេស្ស៊ីលើព្រះវិហារ និងទីក្រុងរបស់ពួកគេ ដូចដែលពួកគេរួមដៃគ្នា នៅពេលដែលព្រះវិហារដំបូងត្រូវបានបំផ្លាញនៅសម័យកាលហោរា ដានីយ៉ែល យ៉ាងដូច្នេះដែរ។ ដំណើររឿងនៃព្រឹត្តិការណ៍នេះដែលបានផ្ដល់ឲ្យដោយលោក យ៉ូសែបហ្វឹស (Josephus)៖ នៅក្នុងសង្គ្រាមរបស់ជនជាតិយូដា «គឺជាភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដែលថាការបំផ្លាញក្រុងយេរូសាឡឹមគឺជាកំហុសរបស់ជនជាតិយូដាទាំងស្រុង ដូចជាកណ្ឌគម្ពីរដានីយ៉ែល ៩:២៦ បានទាយទុក។2
ព្រះយេស៊ូវបានទាយអំពីការបំផ្លិចបំផ្លាញនៃព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១-២) ហើយមានបន្ទូលថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់ (ខ៣៤)។ ក្រុងយេរូសាឡឹមនឹងត្រូវបានឡោមព័ទ្ធដោយកងទ័ព ដែលមានន័យថា «សេចក្តីហិនវិនាសនៃក្រុងនោះជិតដល់ហើយ» (លូកា ២១:២០)។ ពាក្យរបស់ទេវតា កាព្រីយ៉ែល ត្រូវបានសម្រេចនៅក្នុងឆ្នាំ៧០នៃគ.ស៖ ចុងបំផុតនៃទីបរិសុទ្ធនឹងបានមកដូចជាទឹកជំនន់ មានសង្គ្រាមដល់ទីបញ្ចប់ ដ្បិតព្រះបានសម្រេចឲ្យគេវិនាសអន្តរាយ។ រូបភាពប្រៀប «ដោយទឹកជំនន់» បង្ហាញពីការបំផ្លិចបំផ្លាញទាំងស្រុង តាមរយៈសាសន៍រ៉ូមដែលទទួលបានជ័យជំនះលើក្រុងយេរូសាឡឹម។
ដោយបានក្រឡេកមើលផ្នែក ក និង ខ នៃព្រះគម្ពីរ ដានីយ៉ែល ៩:២៦ ឥឡូវនេះយើងឃើញពីរបៀបដែលពាក្យរបស់ទេវតា កាព្រីយ៉ែល បាននាំយើងឆ្លងកាត់ក្នុងព្រឹត្តិការណ៍ដូចគ្នាម្ដងទៀត ទីមួយការងារប្រោសលោះនៃព្រះមេស្ស៊ី ហើយបន្ទាប់មក ការជំនុំជម្រះលើក្រុងយេរូសាឡឹម ហើយនិងព្រះវិហារ (ក' និង ខ' ក៏ដូចគ្នា)។3
និយាយអំពីអ្នកដែលត្រូវបានចាក់ប្រេងតាំងជាព្រះអម្ចាស់ដែលនឹងមក ទេវតា កាព្រីយ៉ែល បានប្រកាសថា «ចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ តែដល់ពាក់កណ្ដាលអាទិត្យនោះ នឹងធ្វើការថ្វាយយញ្ញបូជា និងដង្វាយឈប់ទៅ»។ «១អាទិត្យ» នេះមានលក្ខណៈចិតសិបប្រាំពីរ។ ទេវតា កាព្រីយ៉ែល បាននិយាយសំដៅទៅលើកិច្ចការប្រោសលោះរបស់ព្រះមេស្ស៊ីថាបានកើតឡើងក្នុងអំឡុងពេលចុងក្រោយនៃ «ចិតសិបប្រាំពីរ»។ ពាក្យរបស់ទេវតា កាព្រីយ៉ែល មិនបានទាយទុកមុនអំពីការតាំងសញ្ញាបណ្ដោះអាសន្ននោះទេ។ ដោយភ្ជាប់ជាមួយពាក្យទំនាយនៅក្នុងកណ្ឌគម្ពីរអេសាយ និងកណ្ឌគម្ពីរយេរេមា «ការតាំងសញ្ញាដ៏រឹងមាំ» ទំនងសំដៅលើការតាំងសញ្ញាថ្មី (អេសាយ ៥៣:១០-១២; យេរេមា ៣១:៣១-៣៤)។ កណ្ឌគម្ពីរហេព្រើរពន្យល់ថា ដង្វាយធួននឹងបាបរបស់អ្នកដែលត្រូវបានចាក់ប្រេងតាំង បានបញ្ចប់ប្រព័ន្ធថ្វាយយញ្ញបូជា (ហេព្រើរ ៩:១១-១០:២៥)។
ព្រះមេស្ស៊ីនឹងតាំងសេចក្ដីសញ្ញានេះជាមួយ «មនុស្សជាច្រើន» (ដានីយ៉ែល ៩:២៧; អេសាយ ៥៣:១១-១២) ដែលហាក់ដូចជាមានន័យថា មិនមែនជាសកលភាពទេ ប៉ុន្តែជាភាពចម្រុះគ្នាវិញ៖4 ការតាំងសេចក្តីសញ្ញាថ្មីនឹងរួមបញ្ចូលទាំងអ្នកជឿសាសន៍យូដា និងសាសន៍ដទៃ។ ព្រះយេស៊ូវមានព្រះបន្ទូលរម្លឹកតាមរយៈកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៧ និងអេសាយ ជំពូក៥៣ នៅពេលទ្រង់មានបន្ទូលអំពីពែងនៅអាហារពេលល្ងាចចុងក្រោយថា «ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប» (ម៉ាថាយ ២៦:២៧-២៨)។ «កូនមនុស្សបានមក មិនមែនឲ្យគេបម្រើលោកទេ គឺនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង»(ម៉ាថាយ ២០:២៨)។
ទេវតា កាព្រីយ៉ែល បានទាយថា «តែដល់ពាក់កណ្ដាលអាទិត្យនោះ នឹងធ្វើការថ្វាយយញ្ញបូជា និងដង្វាយឈប់ទៅ»។ ការបញ្ជាក់នេះមានន័យថាសប្ដាហ៍ទីចិតសិបនឹងមានជាប់ទាក់ទងកិច្ចការជាច្រើនទៀត គឺមិនគ្រាន់តែកិច្ចការនៃការប្រោសលោះរបស់ព្រះមេស្ស៊ី។ ដូចកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៧ បានទាយហើយថា អាទិត្យទី៧០ក៏ពាក់ព័ន្ធនឹងកិច្ចការជំនុំជម្រះរបស់ព្រះមេស្ស៊ីលើក្រុងយេរូសាឡឹមផងដែរ។ បន្ទាប់មក ចិតសិបប្រាំពីរដង បែងចែកជាពីរ ដោយបីឆ្នាំកន្លះដំបូងគឺសំដៅទៅលើកិច្ចការនៃការប្រោសលោះ។ ដូចគ្នាទៅនឹងអាទិត្យទី៧០នៅក្នុងខ២៦ដែលថា មានអ្នកដែលចាក់ប្រេងតាំងនឹងត្រូវបានកាត់ផ្តាច់ចោល (ខ២៦) ហើយទីក្រុង និងទីបរិសុទ្ធត្រូវបានបំផ្លាញ (ខ២៦) ដូច្នេះ ខ២៧ បានសង្ខេប និងរម្លឹកឡើងវិញនូវគំនិតទាំងពីរនេះ ហើយចែកអាទិត្យទី៧០ជាពីរ។
ទំនងជារយៈពេលបីឆ្នាំកន្លះនេះត្រូវបានឆ្លុះបញ្ចាំងដោយប្រយោលនៅក្នុងអត្ថន័យនៅក្នុងខ២៧ «នឹងមានធ្វើការគួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញ ក៏នឹងមានសេចក្តីក្រោធចាក់ទៅលើទីខូចបង់នោះ ដរាបដល់ចុងបំផុត ជាវេលាដែលបានកំណត់ទុកហើយ»។5 អ្នកបង្ខូចបំផ្លាញនឹងធ្វើការគួរស្អប់ខ្ពើម រហូតដល់ការបំផ្លិចបំផ្លាញរបស់វាបានកើតឡើង។ «ស្លាប» អាចមានន័យថា «ភាពខ្លាំងក្លាបំផុត» ដូច្នេះ ភាពគួរស្អប់ខ្ពើមដ៏សម្បើមក៏កើតមានឡើង (១១:៣១; ១២:១១) ដែលនាំមកដោយកងទ័ពវាយប្រហារយ៉ាងរហ័ស។ ព្រះយេស៊ូវបានមានបន្ទូលសំដៅលើ «សេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ» ដែលហោរា ដានីយ៉ែល បានទាយទុក (ម៉ាថាយ ២៤:១៥) ប្រាកដណាស់ព្រះយេស៊ូវមានបន្ទូលសំដៅទៅលើកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ ។ អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។
នៅក្នុងកណ្ឌគម្ពីរ លូកា ២១:២០ ព្រះយេស៊ូវបានមានបន្ទូលសំដៅទៅលើការបំផ្លាញដែលខិតជិតមកដល់របស់ក្រុងយេរូសាឡឹមដោយពួកកងទ័ពរ៉ូម។ «អ្នកបំផ្លាញ» ប្រហែលជាវិធីសាជីវកម្មនៃការពណ៌នាអំពីកងពលរ៉ូម ឬប្រហែលជាលោក ទីតុស (ជាមេទ័ពរ៉ូម) ដោយខ្លួនគាត់ផ្ទាល់បានបំពេញតួនាទីនេះ។ ព្រះយេស៊ូវបានទាយទុកថា ថ្ងៃនោះនឹងជា «គ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក ឯពួកស្រីៗ ដែលមានផ្ទៃពោះ ហើយពួកដែលបំបៅកូន នៅគ្រានោះ នឹងវេទនាណាស់ ដ្បិតនឹងមានសេចក្តីវេទនាជាខ្លាំងនៅក្នុងស្រុក ហើយនិងសេចក្តីក្រោធដល់បណ្តាជននេះ គេនឹងដួលនៅក្រោមមុខដាវ ហើយនិងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡឹមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសម្រេច» (លូកា ២១:២២-២៤)។ ព្រះយេស៊ូវក៏បានបញ្ជាក់អំពីកាលវេលានោះថា៖ «ខ្ញុំក៏ប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក» (លូកា ២១:៣២)។ ព្រះវិហារនេះត្រូវបានបំផ្លាញនៅក្នុងឆ្នាំ៧០នៃគ.ស។ គ្រា៧០អាទិត្យ ជារយៈពេលនៃកិច្ចការប្រោសលោះសម្រាប់មនុស្សជាច្រើន ក៏ដូចជាកិច្ចការជំនុំជម្រះទោសដែលប្រឆាំងទាស់នឹងក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ ដែលត្រូវបានសម្រេច។
លោក ភីធើ ចិនទ្រី (Peter Gentry) បានផ្តល់នូវសេចក្តីសង្ខេបដ៏ល្អមួយនៅខាងក្រោមនេះ៖
ការបើកសម្ដែងអំពី ៧០អាទិត្យរបស់ហោរា ដានីយ៉ែល អាចត្រូវបានពន្យល់យ៉ាងសាមញ្ញ។ វាសំដៅទៅលើរយៈពេលនៃចសិបថ្ងៃសប្ប័ទ ឬរយៈពេលប្រាំពីរឆ្នាំដែលតម្រូវឲ្យនាំមកនូវពិធីជាឆ្នាំសោមនស្ស៖ ការរំលត់បំបាត់ពីអំពើបាប ការបង្កើតសេចក្តីសុចរិតដ៏អស់កល្បជានិច្ច និងការឧទ្ទិសព្រះវិហារថ្វាយព្រះ។ ក្នុងអំឡុងថ្ងៃសប្ប័ទប្រាំពីរដំបូង ទីក្រុងយេរូសាឡឹមត្រូវបានស្ដារឡើងវិញ។ បន្ទាប់មក ហុកសិបពីរថ្ងៃសប្ប័ទ គឺគ្មានព្រឹត្តិការណ៍ណាមួយបានកើតមានឡើយ។ នៅសប្ដាហ៍ទីចិតសិប ស្ដេចរបស់សាសន៍អ៊ីស្រាអែលបានយាងមក ហើយសោយទិវង្គតជំនួសប្រជាជនរបស់ទ្រង់។ ចម្លែកណាស់ ការប្រមាថមើលងាយព្រះវិហារស្រដៀងនឹងស្ដេច អន់ទីយូគូស ទី៤ អេពីផាន ក្នុងចក្រភពក្រិក បានកើតឡើងដោយសាសន៍យូដាផ្ទាល់ ដែលនាំឲ្យទីក្រុងយេរូសាឡឹមត្រូវបានបំផ្លាញចោល។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានសម្រេច តាមរយៈអង្គបុគ្គលព្រះយេស៊ូវនៃអ្នកស្រុកណាសារ៉ែត។ ទ្រង់ជាស្ដេចដែលបានយាងមក។ ការឆ្កាងរបស់ទ្រង់គឺជាការថ្វាយយញ្ញបូជា ដើម្បីបញ្ចប់គ្រប់ទាំងយញ្ញបូជា និងជាមូលដ្ឋានគ្រឹះនៃការតាំងសេចក្តីសញ្ញាថ្មីជាមួយនឹងមនុស្សជាច្រើន។6
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។