គ្រូក្លែងក្លាយនោះថា «ឃើញទេ! សេចក្ដីសង្គ្រោះមិនគ្រាន់តែអាស្រ័យទៅលើសេចក្ដីជំនឿប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការប្រព្រឹត្តយ៉ាងត្រឹមត្រូវនៃសេចក្ដីជំនឿនោះ នៅក្នុងការប្រកាសជាសាធារណៈ តាមរយៈទឹកនៃពិធីបុណ្យជ្រមុជទឹកនោះផងដែរ»។ អ្វីដែលមើលទៅហាក់ដូចជាធម្មតា និងច្បាស់លាស់សម្រាប់មនុស្សមួយចំនួនបានបែរក្លាយទៅជាឧបសគ្គសម្រាប់អ្នកដទៃវិញ។

ប្រសិនបើលោកអ្នកបានទៅព្រះវិហារពីរដងក្នុងជីវិតនេះ នោះលោកអ្នកបានឮឃ្លានេះហើយ។ កណ្ឌគម្ពីរ រ៉ូម ១០:៩ «បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត»។ នេះជាខគម្ពីរមួយដ៏មានឥទ្ធិពល ខ្លី ហើយច្បាស់ដែលពន្យល់អំពីរបៀបដែលមនុស្សមានបាបអាចជានាជាមួយនឹងព្រះជាម្ចាស់បាន។ ទទួលថ្លែងប្រាប់ ហើយជឿ នោះលោកអ្នកនឹងទទួលបានសេចក្តីសង្គ្រោះ។
ប៉ុន្តែ ចំពោះមនុស្សមួយចំនួន ភាពសាមញ្ញនៃខគម្ពីរនេះអាចធ្វើឲ្យមានការយល់ខុស។ «ទទួលថ្លែងប្រាប់ ហើយជឿ?» វាហាក់បីដូចជាមានអ្វីមួយបន្ថែមទៀតលើសេចក្ដីជំនឿដែលខ្ញុំត្រូវការ ដើម្បីឲ្យខ្ញុំអាចទៅស្ថានសួគ៌បានមែនឬ? ហើយមានគ្រូក្លែងក្លាយមួយចំនួនបានប្រើប្រាស់ខគម្ពីរនេះថាជាភស្តុតាងមួយទៀតក្នុងព្រះគម្ពីរដែលថា ពិធីបុណ្យជ្រមុជទឹក (ទម្រង់នៃការប្រកាសជាសាធារណៈ) គឺចាំបាច់សម្រាប់ការសង្គ្រោះ។ គ្រូក្លែងក្លាយនោះថា «ឃើញទេ! សេចក្ដីសង្គ្រោះមិនគ្រាន់តែអាស្រ័យទៅលើសេចក្ដីជំនឿប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការប្រព្រឹត្តយ៉ាងត្រឹមត្រូវនៃសេចក្ដីជំនឿនោះ នៅក្នុងការប្រកាសជាសាធារណៈ តាមរយៈទឹកនៃពិធីបុណ្យជ្រមុជទឹកនោះផងដែរ»។ អ្វីដែលមើលទៅហាក់ដូចជាធម្មតា និងច្បាស់លាស់សម្រាប់មនុស្សមួយចំនួនបានបែរក្លាយទៅជាឧបសគ្គសម្រាប់អ្នកដទៃវិញ។
ដូច្នេះ តើមួយណាត្រូវ? តើព្រះជាម្ចាស់តម្រូវឲ្យមានការបញ្ជាក់ដោយផ្ទាល់មាត់ ដើម្បីផ្ទៀងផ្ទាត់ជំនឿដ៏ពិតមែនឬ? តើសាវ័ក ប៉ុល ពិតជាចង់មានន័យថា យើងត្រូវការអះអាងជាសាធារណៈអំពីព្រះយេស៊ូវថាជាព្រះអម្ចាស់ ឬក៏បើមិនដូច្នេះទេ នោះយើងនឹងទៅឋានសួគ៌មែនឬ? តើសេចក្ដីសង្គ្រោះរបស់លោកអ្នកពឹងផ្អែកលើទទួលថ្លែងប្រាប់ដែរឬទេ?
ថ្មីៗនេះ ខ្ញុំបានជួបនឹងសំណួរនេះ នៅពេលដែលមិត្តរួមក្រុមជំនុំម្នាក់បានប្រែចិត្តជឿលើគ្រែដេកសម្រាកព្យាបាល ហើយបន្ទាប់មកក៏បានទទួលមរណភាព មុននឹងទទួលបុណ្យជ្រមុជទឹក។ តើគាត់គួររំពឹងថា គាត់នឹងឃើញមិត្តរបស់គាត់នៅស្ថានសួគ៌ដែរឬទេ? តើការទទួលថ្លែងប្រាប់ គណៈពេលដែលសម្រាកលើគ្រែព្យាបាលរបស់គាត់គ្រប់គ្រាន់ ឬក៏ថាតើគាត់ត្រូវការអ្វីផ្សេងទៀត ដើម្បីឲ្យគាត់អាចចូលដល់សិរីល្អនៃព្រះបាន?
ចម្លើយគឺថា៖ ព្រះជាម្ចាស់ទទួលយកមនុស្សទាំងអស់ដែលចូលទៅក្នុងនគររបស់ព្រះអង្គ ដែលមករកទ្រង់តាមរយៈជំនឿលើព្រះគ្រីស្ទ មិនថាគាត់បានទទួលពិធីបុណ្យជ្រមុជទឹក ឬបានថ្លែងប្រាប់ជាសាធារណៈឬអត់។ ប្រសិនបើចោរជាប់នៅលើឈើឆ្កាងជាមួយព្រះយេស៊ូវបានទៅនៅស្ថានសួគ៌ជាមួយនឹងទ្រង់ ដោយបានជឿតែប៉ុន្មានម៉ោងមុនពេលគាត់ស្លាប់ (លូកា ២៣:៣៩-៤៣) នោះអ្នកប្រែចិត្តជឿនៅនាទីចុងក្រោយនៅថ្ងៃនេះក៏ដូចគ្នាដែរ។ ដំណឹងល្អដែលយើងជឿ (ដំណឹងល្អនៃសេចក្ដីសង្គ្រោះដែលឥតគិតថ្លៃនៅក្នុងព្រះយេស៊ូវ) ដោយសេចក្ដីជំនឿតែមួយគត់គួរតែជាការសម្រាលទុក្ខយ៉ាងខ្លាំងនៅចំពោះមុខនៃសេចក្ដីស្លាប់របស់យើង។ ការធានារបស់យើងមិនស្ថិតនៅក្នុងការជ្រមុជទឹកទេ ប៉ុន្តែនៅក្នុងបើកព្រះទ័យរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងវិញ។ ព្រះអង្គទទួលស្វាគមន៍យើងដោយសារសេចក្ដីជំនឿ មិនមែនដោយពិធីបុណ្យជ្រមុជទឹក ឬកិច្ចការណាមួយផ្សេងទៀតឡើយ (កាឡាទី ២:១៥-១៦)។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ហើយនេះគឺជាចំណុចដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១០:៩ ដែលថា «ទទួលថ្លែងប្រាប់ ហើយជឿ»។ នៅក្នុងបរិបទនេះ សាវ័ក ប៉ុល បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ទាក់ទងទៅនឹងការដែលថា យើងទទួលបានសេចក្ដីសង្គ្រោះតាមរយៈការធ្វើពិធីបុណ្យជ្រមុជទឹក តាមរយៈពាក្យសម្ដី ឬក៏តាមរយៈការប្រព្រឹត្តរបស់មនុស្សផ្សេងទៀត។ យើងទទួលបានសង្គ្រោះ តាមរយៈសេចក្ដីជំនឿតែមួយប៉ុណ្ណោះ ហើយនោះគឺជាការថ្លែងប្រាប់របស់យើង។
ភាពឥតគិតថ្លៃនៃដំណឹងល្អ—ដែលថាយើងទទួលបានសេចក្ដីសង្គ្រោះ គឺមានភាពដាច់ពីគ្នាទាំងស្រុងពីកិច្ចការណាមួយរបស់យើង រួមទាំងពិធីបុណ្យជ្រមុជទឹក—គឺជាចំណុចរបស់សាវ័ក ប៉ុល យ៉ាងច្បាស់នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១០:៥-១០។ នៅក្នុងខ៥ សាវ័ក ប៉ុល បានពន្យល់អំពីអ្វីដែលលោក ម៉ូសេ បានលើកឡើងអំពីរបៀបដែលប្រព័ន្ធដែលផ្អែកលើការប្រព្រឹត្តដូចនេះ៖ «មនុស្សណាដែលបានប្រព្រឹត្តតាមសេចក្ដីទាំងនោះ នឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯង»។ នៅទីនេះ គាត់បានដកស្រង់ចេញពីកណ្ឌគម្ពីរ លេវីវិន័យ ១៨:៥ ដើម្បីបង្ហាញ ថា ប្រសិនបើលោកអ្នកចង់ទៅក្នុងផ្លូវដែលថា «ខ្ញុំស្តាប់បង្គាប់ នោះព្រះជាម្ចាស់នឹងបង់ថ្លៃ» នោះមានន័យថា លោកអ្នកកំពុងស្វែងរកសេចក្ដីសង្គ្រោះដោយស្របតាមគោលការណ៍ក្រឹត្យវិន័យហើយ។ ក្រឹត្យវិន័យរបស់លោក ម៉ូសេ បានសន្យាថា ព្រះនឹងបន្តប្រទានពរដល់សាសន៍អ៊ីស្រាអែល ប្រសិនបើពួកគេរក្សាធ្វើតាមក្រឹត្យវិន័យរបស់ព្រះ—ពួកគេអាចបន្ត «រស់នៅ» ក្នុងទឹកដីសន្យា ហើយ «រស់នៅ» ជាមួយព្រះជាម្ចាស់ ហើយ «រស់នៅ» ដើម្បីកុំឲ្យមានគេមកសម្លាប់ ប្រសិនបើពួកគេធ្វើតាមអ្វីគ្រប់យ៉ាងដូចដែលព្រះបានបង្គាប់ដល់ពួកគេ។ ក្រឹត្យវិន័យមានដំណើរការបានដោយការប្រព្រឹត្ត—ស្ដាប់តាម នោះនឹងទទួលបាន (លេវីវិន័យ ២៦; ចោទិយកថា ២៧-២៨)។
បញ្ហាទាក់ទងនឹងការស្វែងរកសេចក្តីសុចរិតដោយការប្រព្រឹត្តរបស់យើង (សេចក្តីសុចរិតដោយខ្លួនឯង យោងតាមខ៣) គឺថា វាមិនអាចសង្គ្រោះយើងបានទេ។ ឧទាហរណ៍៖ ប្រវត្តិសាស្ត្ររបស់សាសន៍អ៊ីស្រាអែល។ គ្មានជំនាន់ណាមួយ ឬកុលសម្ព័ន្ធណាមួយ ឬក៏សូម្បីតែស្ដេចមួយអង្គដែលបានកាន់តាមក្រឹត្យវិន័យល្មមគ្រប់គ្រាន់ ដើម្បីទទួលបានព្រះពរទាំងអស់ (ទោះបីជាស្ដេច សាឡូម៉ូន បានចូលមកជិតជាងគេ…រហូតដល់គាត់មិនអាចធ្វើបាន)។ ខ្នាតតម្រានៃក្រឹត្យវិន័យរបស់ព្រះគឺជាខ្នាតតម្រាដែលប្រិតប្រៀន ដែលមានតម្រូវការជាក់លាក់ ហើយយើងមានចិត្តរេរា ជាចិត្តដែលមិនទៀងត្រង់។ ព្រះជាម្ចាស់ទាមទារនូវភាពល្អគ្រប់លក្ខណ៍ (ម៉ាថាយ ៥:៤៨)។ ការដែលភ្លាត់ជំពប់នឹងក្រឹត្យវិន័យណាមួយ គឺត្រឡប់ជាមានទោសចំពោះក្រឹត្យវិន័យទាំងអស់ហើយ (យ៉ាកុប ២:១០)។ ដូច្នេះ វិធីសាស្ត្រម៉ាស៊ីនទិញ ឬលក់ ដើម្បីទទួលបានសេចក្តីសង្គ្រោះពីព្រះជាម្ចាស់នឹងមិនអាចដំណើរការជាមួយទ្រង់បានទេ ពីព្រោះលុយរបស់យើងមិនមានតម្លៃទេនៅចំពោះព្រះអង្គ។ យើងនឹងមិនកាន់តាមបញ្ញត្តិទាំងអស់របស់ទ្រង់ទេ ដូច្នេះយើងក៏នឹងមិនអាចរស់នៅក្នុងព្រះវត្តមានដ៏បរិសុទ្ធរបស់ទ្រង់បានដែរ។
ដូច្នេះ យើងមិនអាចទទួលបានព្រះពរតាមការណែនាំរបស់លោក ម៉ូសេ ដោយការស្ដាប់បង្គាប់តាមនោះទេ ប៉ុន្តែតើយើងអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចដោយការប្រព្រឹត្តបានដែរឬទេ? ព្រះយេស៊ូវបានបង្គាប់យើងឲ្យធ្វើពិធីបុណ្យជ្រមុជទឹក (ម៉ាថាយ ២៨:១៨-២០) ខណៈពេលដែលទ្រង់បង្គាប់យើងឲ្យស្រឡាញ់គ្នាទៅវិញទៅមក (យ៉ូហាន ១៣:៣៥) ឲ្យប្រុងប្រយ័ត្ននឹងការល្បួង (ម៉ាថាយ ២៤:៤២-២៥:១៣) និងការបង្គាប់បញ្ជាផ្សេងៗទៀត។ បើយើងផ្អែកសេចក្ដីសង្គ្រោះរបស់យើងលើការស្ដាប់បង្គាប់តាមក្រឹត្យវិន័យទាំងនោះ វាប្រៀបដូចជាអ្វីដែលសាវ័ក ប៉ុល បានហៅថា «សេចក្ដីសុចរិត ដែលមកដោយសារក្រឹត្យវិន័យថា» (រ៉ូម ១០:៥)—«លោកអ្នកធ្វើ នោះលោកអ្នកនឹងទទួលបាន»។ ហើយចំណុចរបស់សាវ័ក ប៉ុល នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១០:១-៥ គឺថា ការប្រព្រឹត្តតាមក្រឹត្យវិន័យមិនអាចធ្វើឲ្យអ្នកណាម្នាក់ចូលដល់សិរីល្អបានទេ ពីព្រោះតាមនិស្ស័យយើងជាទាំងអស់គ្នាជាអ្នកប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យ។ ដូច្នេះ ប្រសិនបើលោកអ្នកគិតថា ព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យចំពោះលោកអ្នកក្នុងទីដ៏បរិសុទ្ធ ដែលគ្មានអំពើបាបរបស់ទ្រង់ដោយសារលោកអ្នកបានស្តាប់បង្គាប់ទ្រង់ក្នុងការធ្វើពិធីបុណ្យជ្រមុជទឹក នោះតើលោកអ្នកនឹងគិតដូចម្ដេចជាមួយនឹងក្រឹត្យវិន័យផ្សេងៗទៀតរបស់ទ្រង់ដែលលោកអ្នកមិនបានធ្វើតាម?
ព្រះយេស៊ូវបានដកស្រង់ព្រះគម្ពីរដូចគ្នា (លេវីវិន័យ ១៨:៥) ដល់មេធាវីម្នាក់ដែលគិតថា គាត់អាចទៅស្ថានសួគ៌បានដោយការស្តាប់បង្គាប់របស់គាត់ ហើយបន្ទាប់មកព្រះអង្គក៏បានប្រាប់រឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីល្អម្នាក់។ ក្រឹត្យវិន័យ ដូចអ្វីដែលព្រះយេស៊ូវមានព្រះបន្ទូល៖ ប្រសិនបើអ្នកគិតថា ខ្លួនអាចរស់នៅដោយសុចរិតដូចជាព្រះ នោះអ្នកមិនបានឲ្យតម្លៃថា ព្រះអង្គទ្រង់សុចរិតប៉ុណ្ណានោះទេ។ សាវ័ក ប៉ុល ក៏បានមានប្រសាសន៍ដូចគ្នានេះម្ដងទៀត ដោយដកស្រង់ឃ្លានេះថា «ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ពីព្រោះ “មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្តីជំនឿ”» (កាឡាទី ៣:១១)។ ជនជាតិយូដានៅសម័យរបស់សាវ័ក ប៉ុល «មិនអើពើនឹងសេចក្ដីសុចរិតរបស់ព្រះឡើយ» (រ៉ូម ១០:៣)។ ពួកគេគិតថា ព្រះជាម្ចាស់គឺសុចរិតដូចជាពួកផារិស៊ីដែលចេះស្តាប់បង្គាប់ពិតប្រាកដម្នាក់ដែរ។ តើព្រះជាម្ចាស់តូចប៉ុនណាចំពោះយើង ប្រសិនបើយើងគិតថា ទង្វើណាមួយ—ឧទាហរណ៍៖ ពិធីបុណ្យជ្រមុជទឹក ឬការកាត់ស្បែក ឬពិធីណាមួយ—អាចធ្វើឲ្យយើងស្មើជាមួយនឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល!
បន្ទាប់មក នៅក្នុងបរិបទនៃខទី៩ដ៏ល្បីល្បាញនេះ យើងឃើញថា សាវ័ក ប៉ុល បដិសេធទាំងស្រុងនូវគំនិតដែលថា បុគ្គលណាម្នាក់អាចទទួលបាន «សេចក្ដីសុចរិត ដែលមកដោយសារក្រឹត្យវិន័យថា» ពីព្រោះគ្មាននរណាម្នាក់អាចប្រព្រឹត្តតាមក្រឹត្យវិន័យ ហើយអាចរស់បានដោយរបៀបនេះទេ។ ប្រសិនបើឃ្លាដែលយើងអាចនិយាយបាន (ដូចជាការអធិស្ឋានរបស់មនុស្សមានបាប គោលលទ្ធិជាក់លាក់ណាមួយ ឬក៏សូម្បីតែការប្រកាសក្នុងពិធីបុណ្យជ្រមុជទឹក) ត្រូវបានរាប់ជាផ្នែកមួយនៃសេចក្តីសុចរិតរបស់យើងនៅចំពោះព្រះជាម្ចាស់ នោះវានឹងត្រូវតែមានន័យថា យើងត្រូវធ្វើតាមពេញមួយជីវិតក្នុងការស្តាប់បង្គាប់ដូចព្រះគ្រីស្ទដែលគ្មានកំហុសសោះជាមិនខាន។ ប្រសិនបើយើងត្រូវការនិយាយអ្វីមួយ ដើម្បីឲ្យបានសេចក្ដីសង្គ្រោះ នោះមានន័យថា យើងត្រូវបានសង្គ្រោះដោយក្រឹត្យវិន័យហើយ មិនមែនដោយដំណឹងល្អនៃព្រះគុណដ៏ឥតគិតថ្លៃនោះទេ។ ប៉ុន្តែ ផែនការនៃសេចក្ដីសង្គ្រោះដោយការប្រព្រឹត្តមិនអាចដំណើរការបានឡើយ។
ប្រសិនបើយើងមិនអាចទទួលបានសេចក្ដីសង្គ្រោះតាមរយៈគោលការណ៍នៃការប្រព្រឹត្តតាមក្រឹត្យវិន័យ ដូច្នេះ តើយើងអាចទទួលបានសេចក្ដីសង្គ្រោះដោយរបៀបណាបាន? ផ្ទុយពីលោក ម៉ូសេ សាវ័ក ប៉ុល បានលើកឡើងដោយឥតញញើតអំពីលោក ម៉ូសេ។ សាវ័ក ប៉ុល បានសរសេរថា «តែសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿ នោះថាដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា «តែសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿ នោះថា“ដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា 'តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌'” (គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក)
“ឬ 'តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ'” (គឺដើម្បីនឹងនាំព្រះគ្រីស្ទពីពួកស្លាប់ឡើងមកនោះឡើយ)»។ តែតើថាដូចម្ដេច? គឺថា៖ «ព្រះបន្ទូលនៅជិតឯង ក៏នៅក្នុងមាត់ ហើយក្នុងចិត្តឯងផង» (នោះគឺជាព្រះបន្ទូលនៃសេចក្តីជំនឿ ដែលយើងខ្ញុំកំពុងតែប្រកាសប្រាប់)» (រ៉ូម ១០:៦-៨)។
ដូចគ្នាទៅនឹងកណ្ឌគម្ពីរ លេវីវិន័យ ១៨:៥ សាវ័ក ប៉ុល ក៏បានដកស្រង់ចេញពីកណ្ឌគម្ពីរ ចោទិយកថា ៩:៤ និង ចោទិយកថា ៣០:១២-១៤ ដើម្បីបង្ហាញអំពីដំណើរការនៃគោលការណ៍នៅក្នុងបរិបទទាំងនេះ ហើយបង្ហាញអំពីរបៀបដែលចំណុចទាំងនេះទាក់ទងទៅនឹងសេចក្ដីសង្គ្រោះ។ ចំណែកឯនៅក្នុងកណ្ឌគម្ពីរ លេវីវិន័យ ជំពូក១៨ ដែលបានលើកឡើងថា «ចូរធ្វើ ហើយរស់នៅចុះ» ចោទិយកថា ជំពូក ៣០ បានលើកឡើងថា «ចូរទទួល ហើយរស់នៅចុះ»។ សាវ័ក ប៉ុល បានបង្ហាញអំពីភាពផ្ទុយគ្នារវាងប្រព័ន្ធដែលពឹងផ្អែកលើការប្រព្រឹត្ត និងប្រព័ន្ធដែលពឹងផ្អែកលើសេចក្ដីជំនឿនៃសេចក្ដីសង្គ្រោះ។ ដូចដែលព្រះជាម្ចាស់បានធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធ្វើឲ្យក្រឹត្យវិន័យអាចចូលទៅដល់រាស្ដ្ររបស់ទ្រង់ (បាននាំចុះពីស្ថានសួគ៌មក ឲ្យនៅជិតយើង) ដូច្នេះព្រះអង្គក៏បានធ្វើអ្វីគ្រប់យ៉ាង ដើម្បីធ្វើឲ្យសេចក្តីសុចរិតរបស់ព្រះគ្រីស្ទអាចដំណើរការបានភ្លាមៗសម្រាប់អស់អ្នកដែលទ្រង់បានជ្រើសរើស (ការយោងមកយកកំណើត ការរស់ឡើងវិញ និងការប្រកាសដំណឹងល្អ)។ ចំណុចសំខាន់គឺ៖ គ្មានអ្វីដែលយើងត្រូវធ្វើនោះទេ! ព្រះជាម្ចាស់បានធ្វើគ្រប់កិច្ចការទាំងអស់ដែលតម្រូវឲ្យមនុស្សមានបាបអាចទទួលបានសុចរិតនៅចំពោះទ្រង់។ យើងគ្មានអ្វីដែលត្រូវធ្វើនោះទេ ក្រៅពីការជឿ។
ហើយនោះជាកន្លែងដែលខ៩បានចាប់ផ្ដើម៖ «បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត» (រ៉ូម ១០:៩)។ ហេតុអ្វីបានជាសាវ័ក ប៉ុល និយាយអំពីមាត់ និងចិត្ត? ដោយសារព្រះតម្រូវឲ្យមានទាំងជំនឿ និងការថ្លែងប្រាប់ ដើម្បីឲ្យបានសង្គ្រោះមែនឬ?
សូមកត់ចំណាំថា៖ សាវ័ក ប៉ុល បានប្រើប្រាស់ផ្នែកនៃរាងកាយទាំងពីរដែលលោក ម៉ូសេ បានប្រើប្រាស់នៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៣០:១៤—គឺមាត់ ហើយនិងចិត្ត។ ដូចជាលោក ម៉ូសេ នោះសាវ័ក ប៉ុល ក៏កំពុងប្រើប្រាស់ផ្នែកទាំងនោះជានិមិត្តសញ្ញាដែរ—ជាអក្សរសាស្ត្រដែលថា ផ្នែកមួយតំណាងឲ្យផ្នែកទាំងមូល ឬរឿងពាក់ព័ន្ធ—ដើម្បីនិយាយអំពីការឱបក្រសោបរបស់ព្រលឹងចំពោះសេចក្តីពិត។ ព្រះជាម្ចាស់មិនស្ងើចសរសើរចំពោះខ្យល់ឆ្លងកាត់បំពង់កទេ ហាក់បីដូចជាការនិយាយដោយកាយវិការពាក្យសម្ដីថា «ព្រះយេស៊ូវគឺជាព្រះអម្ចាស់» នឹងបើកទ្វារស្ថានសួគ៌។ ទេ! សាវ័ក ប៉ុល កំពុងតែលើកឡើងថា ទាំងការដែលមាត់ទទួលថ្លែងប្រាប់ និងការជឿក្នុងចិត្ត (ដែលគាត់បានសរសេរឡើងវិញក្នុងរបៀបបញ្ច្រាសមកវិញនៅក្នុងខបន្ទាប់) មានការពណ៌នាដូចគ្នាដដែលៗអំពីភាពពិតឯកវចនៈ៖ ជំនឿពិត។ អ្វីដែលចិត្តជឿ នោះមាត់ក៏នឹងទទួលថ្លែងប្រាប់មកដោយធម្មជាតិជាមិនខាន។ ហើយប្រសិនបើលោកអ្នកទទួលក្នុងព្រលឹងរបស់ខ្លួនថា ព្រះជាម្ចាស់—មិនមែនយើង និងកិច្ចការរបស់យើងទេ—បានប្រោសព្រះយេស៊ូវឲ្យរស់ឡើងវិញ បន្ទាប់ពីទ្រង់បានធួននឹងបាបរបស់យើងនៅលើឈើឆ្កាង ហើយប្រសិនបើសេចក្តីពិតនោះនាំឲ្យអ្នកចុះចូលនឹងទ្រង់ថាជាព្រះ និងជាស្ដេចរបស់ខ្លួន នោះលោកអ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ។
សូមពិចារណាអំពីរបៀបដែលការពិតដូចគ្នានេះបានលេចឡើងនៅកន្លែងផ្សេងៗទៀតនៅក្នុងព្រះគម្ពីរ។ ព្រះយេស៊ូវមានបន្ទូលថា «ដូច្នេះ អស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំនឹងទទួលថ្លែងប្រាប់ពីអ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ» (ម៉ាថាយ ១០:៣២-៣៣)។ ដូច្នេះ តើជំហររបស់លោកអ្នកនៅចំពោះព្រះវរបិតាត្រូវតែទាក់ទងគ្នាជាមួយនឹងមានការសន្ទនាជាមួយអ្នករួមការងាររបស់លោកអ្នកដែលមិនជឿថាមានព្រះ ហើយបង្ហាញគេថា លោកអ្នកជាអ្នកដើរតាមព្រះយេស៊ូវមែនឬទេ? តើព្រះដែលស្គាល់អស់ទាំងចិត្ត និងគំនិតរបស់មនុស្សត្រូវការការបង្ហាញពីលោកអ្នក ដើម្បីឲ្យប្រាប់ថា តើលោកអ្នកពិតជាជឿ ឬមិនជឿមែនឬ?
ឬក៏ពិចារណាអំពីពាក្យដ៏ម៉ឺងម៉ាត់របស់ព្រះយេស៊ូវនៅក្នុងសេចក្ដីអធិប្បាយនៅលើភ្នំថា «មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា “ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ” គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។ ប្រយោគនេះមានការណែនាំជាពីរយ៉ាង។ ដំបូង សូមកត់សម្គាល់ថា មានមនុស្សដែលថ្លែងប្រាប់ ដូចដែលសាវ័ក ប៉ុល បានអំពាវនាវឲ្យធ្វើ (ពួកគេហៅព្រះយេស៊ូវថាជា «ព្រះអម្ចាស់») តែពួកគេមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានទេ។ ពាក្យតែឯងដែលថា «ព្រះយេស៊ូវជាព្រះអម្ចាស់» មិនមែនជាសំបុត្រទៅកាន់ឋានសួគ៌ទេ។ ទីពីរ សូមកត់សម្គាល់អំពីរបៀបនៃការសង្ខេបខ្លីរបស់ព្រះយេស៊ូវក្នុងការសំដៅទៅលើអស់អ្នកដែលបានចូលទៅនគរស្ថានសួគ៌៖ «គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា»។ នៅទីនេះ ការប្រព្រឹត្តមិនមានន័យដូចនឹងសេចក្តីជំនឿទេ ប៉ុន្តែជាផលផ្លែធម្មជាតិដែលចាំបាច់សម្រាប់សេចក្តីជំនឿវិញ។ ការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺចងភ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹងការជឿលើព្រះយេស៊ូវ ដែលអ្នកជឿត្រូវបានកំណត់ថា ជាអ្នកធ្វើដោយសារព្រះយេស៊ូវផ្ទាល់។
ដូច្នេះ តើលោកអ្នកត្រូវតែ «ថ្លែងប្រាប់» ដើម្បីឲ្យទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? ម៉្យាងវិញទៀត ទេ! សេចក្ដីសង្គ្រោះមិនពឹងផ្អែកលើការប្រព្រឹត្តរបស់មនុស្សក្នុងការថ្លែងប្រាប់ដោយពាក្យសម្ដី ឬការគោរពប្រតិបត្តិតាមក្នុងពិធីបុណ្យជ្រមុជទឹកនោះទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើនរណាម្នាក់ទទួលបានសេចក្ដីសង្គ្រោះមែន នោះនឹងមានទម្រង់នៃការថ្លែងប្រាប់ជាមិនខាន។ ហើយតែអ្វីទៅជាខ្លឹមសារនៃការថ្លែងប្រាប់នោះ? «ព្រះយេស៊ូវជាព្រះអម្ចាស់!» ដែលនេះមានន័យថា ពីព្រោះព្រះយេស៊ូវជាព្រះ និងជាចៅហ្វាយរបស់ខ្ញុំ ដោយសារទ្រង់បានសុគតសម្រាប់ការរំលងរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចទទួលបានការអត់ទោស ហើយដោយសារទ្រង់ត្រូវបានប្រោសឲ្យរស់ឡើងវិញ ដើម្បីឲ្យខ្ញុំបានរាប់ជាសុចរិត នោះទ្រង់បានសម្រេចគ្រប់ទាំងអស់ហើយ! បើទាំងអស់អាស្រ័យតែលើមាត់ ហើយនិងចិត្ត នោះបងប្អូនយើងមិនត្រូវការដៃទេ!
«ខ្ញុំគ្មានអ្វីនឹងថ្វាយព្រះអង្គ គឺពឹងលើឈើឆ្កាងដោយស្មោះត្រង់
បើមានបាបទ្រង់ប្រោសមិនខាន ឥតទីពឹងក៏ពឹងទ្រង់បាន
ចិត្តប្រឡាក់ទ្រង់លាងឲ្យផង នោះដោយជឿពឹងដល់ព្រះអង្គ»។
(លោក Augustus Montague Toplady, «ព្រះយេស៊ូវទ្រង់ប្រោសយើងហើយ» “Rock of Ages”)
ដោយសារដំណឹងល្អគឺឥតគិតថ្លៃ សូមយើងសរសើរតម្កើងព្រះអម្ចាស់ចុះ! ការឱបក្រសោបព្រះយេស៊ូវដោយសេចក្ដីជំនឿគឺជាអ្វីដែលព្រះតម្រូវឲ្យយើងធ្វើ ដើម្បីឲ្យបានសេចក្ដីសង្គ្រោះរួចចេញពីសេចក្ដីក្រោធរបស់ព្រះ ហើយបានបញ្ជូនយើងទៅកាន់ភាពក្សេមក្សាន្តដ៏អស់កល្ប។ ព្រះជាម្ចាស់មិនបានទាមទារពិធីពិសិដ្ឋ ការអធិស្ឋាន ឬសូម្បីតែចលនាបបូរមាត់របស់យើងទេ—ទ្រង់ទាមទារច្រើនជាងនោះទៅទៀត។ ព្រះអង្គទាមទារឲ្យមានភាពល្អគ្រប់លក្ខណ៍។ ប៉ុន្តែ ព្រះយេស៊ូវបានមានជីវិតដ៏ល្អគ្រប់លក្ខណ៍ ដែលបានតម្រូវសម្រាប់យើង ហើយទ្រង់ «បានធ្វើបន្ទាល់យ៉ាងល្អ» មុនពេលដែលយើងអាចធ្វើបានទៅទៀត (១ធីម៉ូថេ ៦:១២)។ ដូច្នេះ ព្រះជាម្ចាស់នឹងមិនផ្ដល់សេចក្ដីសង្គ្រោះដល់យើងទេ ប្រសិនបើយើងគ្រាន់តែបានរស់នៅឲ្យដូចព្រះយេស៊ូវបន្តិច។ ព្រះអង្គបង្គាប់បញ្ជាឲ្យមានសេចក្ដីជំនឿយ៉ាងសាមញ្ញ ដូចជាកូនក្មេងអញ្ចឹង។ ព្រះអង្គសង្គ្រោះដល់អ្នកដែលមិនអាចជួយខ្លួនឯងបាន មិនមែនអ្នកខ្លាំងនោះទេ។ ព្រះគ្រីស្ទព្យាបាលដល់អស់អ្នកដែលឈឺ មិនមែនអ្នកដែលមានសុខភាពល្អទេ។ ព្រះអង្គសង្គ្រោះរបស់យើងសង្គ្រោះដល់អស់អ្នកដែលមិនទាន់បានទទួលពិធីបុណ្យជ្រមុជទឹក ហើយបន្ទាប់មក ទ្រង់ត្រាស់ហៅឲ្យពួកគាត់ថ្លែងប្រាប់ជាសាធារណៈថា ព្រះគ្រីស្ទបានសម្រេចសព្វគ្រប់រួចអស់ហើយ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។