ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន

១២ នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន
១៣ ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន
១៤ ចំណែកសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្ដីស្លាប់ទី២
១៥ បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
១ រួចខ្ញុំឃើញផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន នឹងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ
២ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី
៣ ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើល រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ
៤ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។
៥ ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ
៦ ទ្រង់ក៏មានបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា នឹងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ
៧ ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ
៨ តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើងនឹងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទី២វិញ។
ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។ សមុទ្របានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយគ្រប់គ្នាត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។ បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅ ហើយក៏គ្មានសមុទ្រទៀតឡើយ។ ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។ ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។ ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ។ព្រះអង្គដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ មើល៍! យើងធ្វើទាំងអស់ជាថ្មី។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ ចូរសរសេរដូច្នេះ ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ រួចស្រេចអស់ហើយ! យើងជាអាលផា និងអូមេកា គឺជាដើម និងជាចុង បើអ្នកណាស្រេក យើងនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតដោយឥតគិតថ្លៃ។ អ្នកណាដែលឈ្នះនឹងបានទទួលសេចក្ដីទាំងនេះជាមរតក យើងនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។ ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ (វិវរណៈ ២០:១២-២១:៨ គកស)។
Score 0
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
គ្រប់អ្នកស្លាប់ទាំងអស់ មិនថាអ្នកមានអំណាច ឬអ្នកក្រីក្រ នឹងឈរនៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ គឺត្រូវបានជំនុំជម្រះដោយព្រះអង្គផ្ទាល់។ រាល់បញ្ជីទាំងឡាយត្រូវបានបើកឡើង រួមទាំងបញ្ជីជីវិតដែរ (សូមមើលបន្ថែមនៅក្នុងកណ្ឌគម្ពីរ វិវរណៈ ៣:៥ និងអេសាយ ៤:៣) មានន័យថា ពេលវេលានៃការជំនុំជម្រះបានមកដល់ហើយ (ដានីយ៉ែល ៧:១០ និងវិវរណៈ ១១:១៨)។ អស់អ្នកស្លាប់ត្រូវបានជំនុំជម្រះទៅតាមអ្វីដែលបានកត់ត្រាទុកនៅក្នុងបញ្ជី មានឧទាហរណ៍ជាច្រើន៖ យោងទៅតាមកិច្ចការរបស់ពួកគេ។ ខគម្ពីរបានលើកឡើងដដែលៗ ថា ការជំនុំជម្រះនឹងអាស្រ័យទៅតាមការប្រព្រឹត្ត (ទំនុកតម្កើង ៦២:១២, សុភាសិត ២៤:១២, យេរេមា ១៧:១០, ៣២:១៩, ម៉ាថាយ ១៦:២៧, រ៉ូម ២:៦, ១៤:១២, វិវរណៈ ២:២៣, ២២:១២)។ ការជំនុំជម្រះតាមអំពើដែលខ្លួនប្រព្រឹត្ត គឺមិនមែនគ្រាន់តែជាប្រធានបទនៅក្នុងសញ្ញាចាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រធានបទដ៏លេចធ្លោនៅក្នុងសញ្ញាថ្មីផងដែរ។ អស់អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីនៃជីវិត បានគឺជាអស់អ្នកដែលបានធានាថា កិច្ចការរបស់ពួកគេត្រូវបានរាប់បញ្ចូល ចំណែកអ្នកដែលទទួលទោសគឺជាអស់អ្នកដែលបានដេញតាម និងប្រព្រឹត្តអំពើអាក្រក់វិញ។ កិច្ចការទាំងអស់នេះគឺមិនមែនជាមូលដ្ឋានដែលរកឃើញនៅក្នុងបញ្ជីនៃជីវិតទេ ប៉ុន្តែ វាជាភស្តុតាងចាំបាច់នៃភាពជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ដូចដែលហោរា ដានីយ៉ែល បានបង្រៀនថា អស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី នឹងត្រូវបានប្រោសឲ្យរួចនៅថ្ងៃចុងក្រោយ ហើយភ្ញាក់ឡើងវិញឲ្យរស់នៅបានជីវិតអស់កល្បជានិច្ច តែអស់អ្នកដែលបានប្រព្រឹត្តការ អាក្រក់ នឹងស្គាល់សេចក្តី «អាម៉ាស់ខ្មាស ហើយឲ្យបានជាទីខ្ពើមឆ្អើម នៅអស់កល្បជានិច្ចវិញ» (ដានីយ៉ែល ១២:១–២)។
គ្មានអំណាចលោកីយ៍ណាមួយ ដែលតែងធ្វើឲ្យមនុស្សភ័យខ្លាច អាចតតាំងនឹងព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឬអំណាចព្រះចេស្ដារបស់ទ្រង់បានឡើយ។ សមុទ្រ សេចក្តីស្លាប់ និងស្ថាននរក មានសេចក្តីស្លាប់របស់វា (១ ហេណុក ៥១:១)។ សមុទ្រនៅទីនេះមិនមែនជាអង្គភាពអព្យាក្រឹត្យទេ ប៉ុន្តែតំណាងឲ្យភាពវឹកវរ និងការបំផ្លិចបំផ្លាញវិញ ដែលវាពន្យល់ពីភាពអវត្តមានរបស់វានៅក្នុងការ បង្កើតថ្មី (វិវរណៈ ២១:១)។ លោក យ៉ូហាន បានបញ្ជាក់ម្ដងទៀតថា ពួកអ្នកស្លាប់ត្រូវបានជំនុំជម្រះ ដោយអាស្រ័យទៅតាមកិច្ចការប្រព្រឹត្តរបស់ពួកគេ (សូមមើល ទំនុកតម្កើង ២៨:៤, យ៉ូហាន ៥:២៨-២៩, សូមមើល ១៦:១២)។ ការជំនុំជម្រះរបស់ព្រះជាម្ចាស់ មានភាពសុក្រឹតនិងយុត្តិធម៌ មិនមែនតាមព្រះហឫទ័យ ឬកំហឹងរបស់ទ្រង់នោះឡើយ។ វាអាស្រ័យទៅតាមអ្វីដែលត្រឹមត្រូវ និងពិតប្រាកដ គឺថាគ្មាននរណាម្នាក់មានចម្ងល់ឬ សួរនាំអំពីភាពពិតប្រាកដរបស់វានោះឡើយ។
វាគ្មានអ្វីដែលត្រូវសង្ស័យឡើយថា នៅបញ្ចប់នៃប្រវត្តិសាស្ត្របានមកដល់ គឺសេចក្ដីស្លាប់ និងស្ថានឋាននរកនឹងត្រូវបានបោះទៅក្នុងរណ្តៅបឹងភ្លើង។ សេចក្ដីស្លាប់គឺជាសត្រូវចុងក្រោយ (១កូរិនថូស ១៥:២៦) ហើយស្ថាននរកតំណាងឲ្យអាណាចក្រនៃសេចក្ដីស្លាប់ និងការកាត់ទោសចុងក្រោយ។ គ្រប់របស់ដែលប្រឆាំងនឹងព្រះជាម្ចាស់ នឹងត្រូវបង្ខាំងនៅក្នុងបឹងភ្លើង។ (សូមមើល វិវរណៈ ១៩:២០, ២០:១០,១៤) ដែលមានន័យថាជា សេចក្ដីស្លាប់លើកទី២។ សេចក្ដីស្លាប់ នឹងអវត្តមានពីការបង្កើតថ្មី បាត់ទៅរួមជាមួយនឹងការឈឺចាប់ និងការរងទុក្ខ (សូមមើល ២១:៤)។ សេចក្ដីសន្យានៅក្នុង កណ្ឌគម្ពីរ អេសាយ ២៥:៨ បានក្លាយជាការពិតហើយឥឡូវនេះ៖ «ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប»។ សេចក្ដីស្លាប់លើកទី១ គឺជាការដាច់ចេញពីព្រះជាម្ចាស់ ហើយជាប់ជាមួយនឹងការស្លាប់ខាងរូបកាយ (សូមមើល រ៉ូម ៥:១២, ៦:២៣)។ ប៉ុន្តែ សេចក្ដីស្លាប់ទី ២ គឺជាការបែកចេញពីព្រះជាម្ចាស់ជារៀងរហូត ហើយសត្រូវរបស់ទ្រង់ត្រូវបណ្ដេញឲ្យទៅកន្លែង រងទុក្ខវេទនាជារៀងរហូតអស់កល្បជានិច្ច (វិវរណៈ ១៤:៩–១១)។
ប្រសិនបើនរណាម្នាក់គ្មានឈ្មោះនៅក្នុងបញ្ជីជីវិតនោះទេ គេនឹងត្រូវបោះទៅក្នុងបឹងភ្លើង។ ព្រះគម្ពីរម៉ាថាយបានពិពណ៌នា កន្លែងនៃការផ្ដន្ទាទោសថាជាកន្លែង គុកភ្លើង» ជាកន្លែងនៃ «ការយំសោក នឹងសង្កៀតធ្មេញ» (ម៉ាថាយ ១៣:៤២, ៥០)។ ព្រះគម្ពីរម៉ាថាយក៏បានប្រាប់យើងដែរថា «ភ្លើងអស់កល្ប» គឺ «ត្រូវបានរៀបចំសម្រាប់អារក្សនិងពួកពលបរិវាររបស់វា» (ម៉ាថាយ ២៥:៤១)។ ការផ្ដន្ទាទោសនៅទីនេះ មិនមែនរយៈពេលខ្លីទេ គឺលោក យ៉ូហាន បាននិយាយយ៉ាងច្បាស់ហើយថា មនុស្សទុច្ចរិតនឹងរងទុក្ខវេទនារហូតអស់កល្ប ហើយពួកគេនឹងមិនដែលបានសម្រាកឡើយ (វិវរណៈ ១៤:៩-១១)។ ម្ដងទៀត ព្រះគម្ពីរម៉ាថាយបានបញ្ជាក់ពីការអាននេះថា សម្រាប់អ្នកសុចរិតនឹងរីករាយជាមួយ «ជីវិតដ៏នៅអស់កល្ប» នៅខណៈពេលមនុស្សទុច្ចរិតនឹងរងទុក្ខវេទនា ដោយ «ការផ្ដន្ទាទោសអស់កល្ប» (ម៉ាថាយ ២៥:៤៦)។ ភាពស្របនៅក្នុងព្រះគម្ពីរបង្ហាញថា ការផ្ដន្ទាទោសនឹងបន្តនៅរហូតអស់កល្ប ដូចដែលអ្នកសុចរិតមានជីវិតអស់កល្បយ៉ាងនោះដែរ គឺអស់អ្នកណាដែលការប្រព្រឹត្តបានស្ដែងចេញជាទីបន្ទាល់ថា ពួកគេពិតជារបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ជាក់នៅមុខបល្ល័ង្កពណ៌សដ៏អស្ចារ្យរបស់ទ្រង់ ហើយឈ្មោះរបស់ពួកគេមាននៅក្នុងបញ្ជីជីវិត។
ការបង្កើតថ្មី ដែលបានសន្យានៅក្នុងព្រះគម្ពីរសញ្ញាចាស់ (សូមមើល ២ពេត្រុស ៣:១៣) នៅទីបំផុតបានក្លាយជាការពិតហើយ។ អេសាយបានសន្យាអំពី ការបង្កើតថ្មី នៅក្នុងអត្ថបទ ២៖ «ដ្បិតមើល អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ» (អេសាយ ៦៥:១៧) ហើយថា «ដ្បិតដែលផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលអញនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះអញជាយ៉ាងណា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពូជពង្សរបស់ឯង និងឈ្មោះឯងរាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ» (អេសាយ ៦៦:២២)។ នៅពេលលោក យ៉ូហាន និយាយអំពី ផ្ទៃមេឃថ្មី និងផែនដីថ្មី គាត់មិនមែនមានន័យថា ស្នាព្រះហស្តចាស់ត្រូវបានបំផ្លាញចោលទេ។ ភាពស្របគ្នា នៅក្នុងកណ្ឌ ២ពេត្រុស ៣:៧, ១០-១៣ គួរតែបកប្រែថា ស្នាព្រះហស្តចាស់នឹងត្រូវបន្សុទ្ធនិងធ្វើឲ្យថ្មីឡើង គឺស្នាព្រះហស្តចាស់មិនត្រូវបានលុបចេញពីអត្ថិភាពនោះឡើយ។ ស្នាព្រះហស្ដថ្មី នឹងត្រូវធ្វើឲ្យថ្មីឡើង ជាការផ្លាស់ប្រែពីភាពចាស់។ ស្ថានសួគ៌ និងផែនដីដំបូង បានកន្លងផុតទៅ នៅក្នុងភាពនៃការផ្លាស់ប្រែថ្មី និងសម្អាតពីគ្រប់ទាំងការអាក្រក់ (សូមមើល ការបញ្ចេញមតិលើ វិវរណៈ ២០:១១)។ នៅពេលលោក យ៉ូហាន និយាយថានឹងគ្មានមហាសមុទ្រទៀតទេ គឺគាត់មិនបានមានន័យថា គ្មានទឹកនៅក្នុងការបង្កើតថ្មីនោះទេ។ សមុទ្រនៅគំនិតរបស់សាសន៍ ហេព្រើរ តំណាងឲ្យ ភាពវឹកវរនិងការអាក្រក់ គឺជាប្រភពរបស់បិសាចអាថ៌កំបាំង (សូមមើល ដានីយ៉ែល ៧:៣, អេសាយ ២៧:១, ៥១:៩-១០, វិវរណៈ ១១:៧, ១៣:១)។ ជាឧទាហរណ៍ ទឹកជំនន់នៃមហាសមុទ្រ បានបំផ្លាញគ្រប់ជីវិតទាំងអស់ នៅលើផែនដីកាលពីជំនាន់ណូអេ (សូមមើល ទំនុកតម្កើង ៤២:៧, ៦៩:១, យ៉ូណាស ២:៣)។ ពាក្យដែលថាគ្មានមហាសមុទ្រទៀតទេ គឺមានន័យថាគ្មានអ្វីជាការរំខាន ឬបង្ក ការខូចខាតនៅក្នុងការបង្កើតថ្មីទៀតឡើយ។ (សូមមើល យ៉ូប ៣៨:៨, ទំនុកតម្កើង ៧៤:១៣)។
ការបង្កើតថ្មីដែលរះឡើង គឺជាទីក្រុងមួយ ជាទីក្រុងដ៏វិសុទ្ធមួយដែលគ្មានមនុស្សទុច្ចរិត ឬអាក្រក់ឡើយ មានតែអ្នកដែលស្មោះត្រង់ចំពោះព្រះជាម្ចាស់ (សូមមើល អេសាយ ៥២:១, វិវរណៈ ១១:២)។ វាផ្ទុយទាំងស្រុងពីបាប៊ីឡូន ជាស្រីពេស្យាដ៏គួរឲ្យស្អប់ខ្ពើម។ ទីក្រុងរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់សម្គាល់ថា ជាក្រុងយេរូសាឡិមថ្មី។ វាមិនមែនជាយេរូសាឡិមនៅលើផែនដីនេះទេ តែជាក្រុងនៃវិសាលភាព ដែលចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់។ យេរូសាឡិមនៅផែនដី ចង្អុលទៅកាន់យេរូសាឡិមនៅស្ថានសួគ៌ ដែលស្ថិតនៅឆ្ងាយដាច់ពីទីក្រុងនៅអ៊ីស្រាអែល។ អ្នកនិពន្ធ សញ្ញាថ្មី ដទៃទៀតសំដៅទៅលើយេរូសាឡិម នៅក្នុងរបៀបស្រដៀងគ្នាដែរ។ លោក ប៉ុល និយាយអំពី «យេរូសាឡិមនៅស្ថានលើ» ដោយហៅថា «ម្ដាយរបស់យើង» (កាឡាទី ៤:២៦) ហើយហេព្រើរសំដៅទៅលើ យេរូសាឡិមនៅស្ថានសួគ៌ (ហេព្រើរ ១២:២២, សូមមើល ការបញ្ចេញមតិអំពី វិវរណៈ ៣:១២)។ យេរូសាឡិមថ្មី នៅស្ថានសួគ៌ ត្រូវរំពឹងទុកនៅក្នុង សញ្ញាចាស់ និង ព្រះវិហារទី២ នៅក្នុងអក្សរសិល្ប៍បច្ចុប្បន្ននេះ (សូមមើល ហេព្រើរ ១១:១០, ១៣-១៦)។ ភាសានេះ គឺជាអក្សរសិល្ប៍អវសានកថា ហើយយើងមិនគួរមើលវា ជាការពិពណ៌នាខាងអក្សរសិល្ប៍ន័យត្រង់អំពី ការបង្កើតថ្មីនោះទេ។ ទីក្រុងស្ថានសួគ៌ តំណាងឲ្យភាពផ្ទុយគ្នាមកកាន់ទីក្រុងនៅផែនដីនៃបាប៊ីឡូន ដែលបានបំផ្លាញពិភពលោក និងបំផ្លាញមនុស្សម្នាទាំងឡាយ។
សេចក្ដីស្លាប់ត្រូវបានទម្លាក់និងបំផ្លាញជាសត្រូវចុងក្រោយ។
ទីក្រុងនេះ ក៏ត្រូវបានពិពណ៌នាជាកូនក្រមុំដ៏ស្រស់ស្អាតកំពុងរង់ចាំស្វាមីដែរ។ អេសាយ បានគិតទុកជានូវអ្វីដែល យ៉ូហាន បានសរសេរនៅទីនេះអំពី យេរូសាឡិមថា៖
ឯងមិនត្រូវគេហៅថា ទីក្រុងចោលបង់ ហើយដីឯងក៏មិនត្រូវហៅថា ទីស្ងាត់ជ្រងំ ទៀតឡើយ គឺឯងនឹងត្រូវហៅថា «ទីស្រឡាញ់» ហើយដីរបស់ឯងថាជាអ្នកមានប្តីវិញ ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្តីរីករាយចំពោះឯង ហើយដីឯងនឹងបានរៀបការ ដ្បិតដែលមនុស្សកំឡោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់ឯងនឹងមករួមនឹងឯងយ៉ាងនោះដែរ ហើយដែលប្តីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះនៃឯងនឹងមានសេចក្តីរីករាយចំពោះឯងយ៉ាងនោះដែរ។ (អេសាយ ៦២:៤–៥)
សំនួរបានចោទឡើងថាតើ ការបង្កើតថ្មី គឺក្រុងយេរូសាឡិមថ្មី ជាទីកន្លែង ឬជាមនុស្ស។ ជម្រើសទាំងពីរ សុទ្ធតែអាចទៅរួច ប៉ុន្តែប្រហែលចម្លើយដ៏ល្អបំផុតគឺថា វាទាំងពីរ។ ការបង្កើតថ្មី គឺដូចជាទីក្រុង ដែលមានសោភ័ណភាព និងការរំភើបរីករាយទាំងឡាយ ដែលបង្កឡើងជាភាពអ៊ូអរនៃទីក្រុង។ ជាមួយគ្នានេះដែរ ការបង្កើតថ្មី ក៏មានន័យថាជាការបង្កើតមនុស្ស ដែលបានពិពណ៌នាជាកូន ក្រមុំដ៏ស្រស់ត្រកាល និងល្អឥតខ្ចោះ។ (សូមមើល វិវរណៈ ១៩:៧, អេសាយ ៦១:១០, អេភេសូរ ៥:២៦-២៧)។ ពិភពលោកថ្មីដែលនឹងមកដល់ រួមបញ្ចូលទាំងមនុស្ស និងទីកន្លែង។
សម្លេងលាន់រំពង ត្រូវបានឮចេញមកពីបល្ល័ង្ក ស្រែកប្រកាសថា ព្រះជាម្ចាស់គង់នៅ រោងឧបោសថរបស់ព្រះអង្គ (skene) នៅជាមួយមនុស្សជាតិ (សូមមើល ៧:១៥)។ ព្រះជាម្ចាស់នឹងគង់នៅជាមួយ (skenosei) «ត្រសាល» ប្រជាជនរបស់ព្រះអង្គជារៀងរហូត។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់បានគង់នៅ ក្នុងរោងឧបោសថជាពិសេស (សូមមើល និក្ខមនំ ២៥-៣១, ៣៥-៤០, លេវី ២៦:១១-១២, សាការី ២:១០-១១) និងព្រះវិហារ (១ពង្សាវតារក្សត្រ ៦:១-៣៨, ៨:១២-១៣, ទំនុកតម្កើង ៨៤) តែរោងឧបោសថ និងព្រះវិហារសំដៅទៅលើអ្វីដែលអស្ចារ្យជាងនោះ (សូមមើល ១ពង្សាវតារក្សត្រ ៨:២៧)។ ព្រះយេស៊ូវផ្ទាល់ គឺជាព្រះវិហារថ្មី (យ៉ូហាន ១:១៤, ២:១៩-២២) ហើយព្រះវិញ្ញាណបរិសុទ្ធគង់នៅនឹងព្រះវិហារនៃព្រះយេស៊ូវគ្រីស្ទ (១ កូរិនថូស ៣:១៦, ២កូរិនថូស ៦:១៦)។ ឥឡូវនេះ នៅក្នុងការបង្កើតថ្មី ព្រះអង្គគង់នៅក្នុង ក្រុងយេរូសាឡិមថ្មី និងពិភពលោកទាំងមូល ហើយពេញសាកលលោកទាំងអស់ គឺជាព្រះវិហាររបស់ទ្រង់។ ដូចដែលយើងបានឃើញនៅពេលខ្លីខាងមុខថា ទាំងព្រះជាម្ចាស់និងកូនចៀមនឹងគង់នៅក្នុងព្រះវិហារថ្មី (វិវរណៈ ២១:២២)។ រូបមន្តនៃការតាំងសញ្ញា នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ឥឡូវនេះត្រូវបានយល់ដឹងយ៉ាងពេញលេញ (សូមមើល លោកុប្បត្តិ ១៧:៨, និក្ខមនំ ២៩:៤៥, ៤៦, លេវី ២៦:៤៤, ២សាំយ៉ូអែល ៧:២៤, យេរេមា ៣១:១, ៣៣, ៣២:៣៨, អេសេគាល ១១:២០, ៣៧:២៣, ២៧) ដោយសារអ្នកដែលទទួលការប្រោសលោះ នឹងក្លាយជា «ប្រជារាស្ត្រ» របស់ព្រះជាម្ចាស់ (laoi, សូមមើល ESV mg.) ហើយព្រះជាម្ចាស់ នឹងបានជាព្រះរបស់ពួកគេ។ ពហុវចនៈនៃពាក្យ «ប្រជារាស្ត្រ» ពិតជាសំខាន់ណាស់ គឺវាបង្ហាញអំពីភាពចម្រុះនៃប្រជារាស្ត្ររបស់ព្រះអង្គ។ ការសំរេចសេចក្ដីសន្យារបស់ព្រះជាម្ចាស់ គឺមិនមែនកំណត់ ត្រឹមតែអ៊ីស្រាអែលនោះទេ តែវារួមបញ្ចូលប្រជាជនគ្រប់ៗរូប ដូចដែលព្រះអង្គបានមានបន្ទូលទៅកាន់លោក អ័ប្រាហាំ (លោកុប្បត្តិ ១២:៣, ១៨:១៨)។ ព្រះពរដ៏អស្ចារ្យនៃការបង្កើតថ្មី គឺជាព្រះវត្តមានរបស់ព្រះជាម្ចាស់ ដែលគង់នៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គ។ អ្វីដែលធ្វើឲ្យការបង្កើតថ្មី គួរឲ្យរំភើបខ្លាំងនោះគឺជា ការប្រកបគ្នាជាមួយព្រះអង្គដ៏គង់នៅ៖ ព្រះវរបិតា ព្រះបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។
ការរងទុក្ខវេទនា និងអំពើបាបនៃការបង្កើតចាស់ មិនបានបន្តនៅក្នុងការបង្កើតថ្មីឡើយ (ប្រធាន បទដែលត្រូវបានរំពឹងទុករួចហើយនៅក្នុងសៀវភៅ សូមមើល ៧:១៧, e.g.) រាល់បញ្ហា និងការឈឺចាប់ទាំងអស់ ដែលធ្វើទុក្ខមនុស្ស នឹងអវត្តមាននៅក្នុងក្រុងយេរូសាឡិមថ្មី (សូមមើល អេសាយ ៤៣:១៩)។ រាល់ទឹកភ្នែកនឹងត្រូវបំបាត់ ហើយគ្មានការកាន់ទុក្ខ យំសោក ឬការឈឺចាប់ទៀតទេ។ សេចក្ដីស្លាប់នឹងបានបាត់ទៅ ហើយចុះចាញ់សត្រូវចុងក្រោយ (សូមមើល ១កូរិនថូស ១៥:២៦)។ ដោយព្រោះ សេចក្ដីស្លាប់ គឺជាផ្នែកនៃកិច្ចការចាស់ ត្រូវបានបោះទៅក្នុងបឹងភ្លើង (វិវរណៈ ២០:១៤) នោះសាច់រឿងនៃការបង្កើតថ្មី គឺជារឿងមួយនៃជីវិត និងការបង្កើតផលផ្លែ និងអំណរដ៏ជ្រាលជ្រៅ និងនៅគង់វង្ស ហើយវាលើសជាងអំណរដែល យើងធ្លាប់បានភ្លក់នៅក្នុងពិភពលោកនេះ។ យើងមិនអាចធ្វើឲ្យប្រសើរឡើងនូវរបៀបដែល អេសាយ បានរៀបរាប់អំពី អំណរនាពេលអនាគតនោះទេ៖ «ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួចគេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនឹងមានសេចក្តីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្តីត្រេកអរ និងសេចក្តីរីករាយ ឯអស់ទាំងសេចក្តីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ»(អេសាយ ៣៥:១០; សូមមើល ៥១:១១; ៦៥:១៩)។
សេចក្ដីចាស់បានកន្លងផុតទៅ ហើយម្នាក់ដែលគង់នៅលើបល្ល័ង្ក (សូមមើល ៤:២, ៩; ៥:១; ២០:១១) គឺជាអ្នកដែលកាន់កាប់ និងគ្រងរាជ្យលើប្រវត្តិសាស្ត្រ និងបានចង្អុលបង្ហាញអំពីទីបញ្ចប់ ទាំងប្រកាសថាទ្រង់កំពុងបង្កើតអ្វីថ្មី (សូមមើល អេសាយ ៤៣:១៩, ២កូរិនថូស ៥:១៧)។ យើងអាចហៅការនេះថា សេចក្ដីថ្លែងការណ៍អនុវត្តន៍ ដោយសារព្រះបន្ទូលនៃព្រះ តែងមានប្រសិទ្ធភាព។ អ្វីដែលទ្រង់ប្រកាសថានឹងក្លាយជាថ្មី គឺនឹងក្លាយជាថ្មីឡើង ដូចជាពាក្យដែលគ្រូគង្វាលប្រកាសអំពី គូស្វាមីភរិយាថ្មី ជះឥទ្ធិពលទៅកាន់ការពិតដូច្នោះដែរ។ វាពិតជាសំខាន់ខ្លាំងណាស់ ដែលអស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ជឿជាក់លើព្រះបន្ទូលដែលទ្រង់មានបន្ទូលនៅទីនេះ។ ប្រសិនបើពួកគេសង្ស័យថា ពិភពលោកថ្មី កំពុងតែមកឬអត់ នោះពួកគេនឹងងាយបែរទៅខាងពិភពលោកចាស់ ជាមួយនឹងស្រីពេស្យា សត្វសាហាវ ហោរាក្លែងក្លាយ និងអារក្សសាតាំង។ ប៉ុន្តែ ប្រសិនបើពួកគេជឿជាក់ព្រះបន្ទូលដែលមាននៅទីនេះ ពួកគេនឹងលះបង់គ្រប់យ៉ាង ដើម្បីក្លាយជាផ្នែកមួយនៃពិភពលោកថ្មី។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលព្រះបន្ទូលបានកត់ត្រាចុះ ដើម្បីមិនឲ្យពួកគេភ្លេច តែរក្សាទុកសម្រាប់អ្នកជំនាន់ក្រោយវិញ។ អ្វីដែលត្រូវបានកត់ត្រាចុះ គឺត្រឹមត្រូវ និងទុកចិត្តបាន ពីព្រោះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សូមមើល វិវរណៈ ២២:៦)។
ព្រះជាម្ចាស់បានប្រកាសប្រាប់លោក យ៉ូហាន ថាគ្រប់ទាំងអស់នឹងសម្រេច ប្រវត្តិសាស្ត្រនឹងបានមកដល់ទីបញ្ចប់ (សូមមើល ១០:៦; ១១:១៧)។ គ្រប់យ៉ាងដែលជាគោលបំណងរបស់ព្រះជាម្ចាស់ នឹងត្រូវបានបង្ហាញ ហើយការបង្កើតថ្មីនឹងរះឡើង។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងត្រូវបានស្គាល់ ពីព្រោះទ្រង់គឺជា ព្រះដែលគ្រងរាជ្យ ជាអាល់ហ្វា និងជាអូមេហ្គា ជាទីចាប់ផ្ដើម និងទីបញ្ចប់ (សូមមើល ១:៨; ២២:១៣)។ ទ្រង់តែងកាន់កាប់និងគ្រងរាជ្យ ក្នុងនាមជាព្រះជាម្ចាស់នៃសកលលោក គ្រប់យ៉ាងមិនដែលវិលទៅមុខ ដោយគ្មានការគ្រប់គ្រងរបស់ទ្រង់នោះឡើយ។ ព្រះអង្គប្រកាសតាំងពីដំបូងថា ទីបញ្ចប់ នឹងទៅជាយ៉ាងណា ហើយបំណងព្រះហឫទ័យទ្រង់ និងគម្រោងផែនការណ៍ទ្រង់ គឺមិនដែលខកខានទេ (អេសាយ ៤៦:៩–១១)។ អំណរនៃការស្គាល់ព្រះជាម្ចាស់ និងមានទ្រង់គង់នៅកណ្តាលចំណោម គឺសម្រាប់អស់អ្នកដែលស្រេកឃ្លាន (អេសាយ ៤៩:១០) គឺជាអ្នកដែលចង់ស្កប់ចិត្តជាមួយនឹងព្រះអង្គ ហើយនឿយហត់លើការពឹងផ្អែកលើខ្លួនឯង និងកិច្ចការល្អរបស់ខ្លួន (សូមមើល អេសាយ ៥៥:១, សាការី ១៤:៨, យ៉ូហាន ៤:១០, ៧:៣៧, វិវរណៈ ៧:១៦-១៧, ២២:១,១៧)។ ព្រះជាម្ចាស់អាចបំបាត់ការស្រេកឃ្លាន និង សេចក្ដីប្រាថ្នាខាងវិញ្ញាណរបស់មនុស្សបានយ៉ាងសេរី ទឹកនៃជីវិតគឺជាអំណោយទាន ដែលបានមកពីការស្វែងរក។ មនុស្សមិនចាំបាច់ធ្វើការ ឬបង្ហាញថាពួកគេសាកសមនឹងវានោះទេ។ អ្វីដែលពួកគេត្រូវធ្វើគឺ ការចង់បានវា។
អស់អ្នកណាដែលស្រេក អស់អ្នកណាដែលទទួលអំណោយទានដោយឥតបង់ថ្លៃ ក៏នឹងឈ្នះហើយមានជ័យជំនះផងដែរ។ សារៈសំខាន់នៃការឈ្នះ គឺជាប្រធានបទចម្បងនៅក្នុងកណ្ឌគម្ពីរ វិវរណៈ (សូមមើល ការបញ្ចេញមតិលើ ២:៧)។ ជីវិតដ៏នៅអស់កល្បជានិច្ច គឺឥតគិតថ្លៃ តែអស់អ្នកណាដែលបានទទួលដោយសេរី នឹងបានឈ្នះដែរ។ អំណោយទានដែលយើងទទួលបាន នឹងផ្ដល់អំណាចដល់អ្នកណាដែលផឹកដោយសេរី ដើម្បីយកឈ្នះលើសត្វសាហាវ ស្ត្រីពេស្យា និងគ្រប់យ៉ាងដែលទាស់នឹងព្រះជាម្ចាស់ដែរ។ ដូច្នេះហើយ ពួកគេនឹង «មានមរតកនេះ [klēronomēsei]» ប្រហែលជាសំដៅលើការទទួលមរតកនៃព្រះពរនៃការ បង្កើតថ្មី នៅក្នុងខ ១-៦។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី កិរិយាសព្ទ ពរជ័យ គឺជាធម្មតាប្រើប្រាស់ ជាមួយនឹងសេចក្ដីយោងទៅតាមផ្នត់គំនិតនៃពរជ័យដែល៖ ទទួលបានផែនដីជាមរតក (ម៉ាថាយ ៥:៥) ជីវិតអស់កល្ប (លូកា ១០:២៥, ១៨:១៨) នគរព្រះ (១កូរិនថូស ៦:៩,១០, កាឡាទី ៥:២១) រូបកាយមិនចេះពុករលួយ (១កូរិនថូស ១៥:៥០) សេចក្តីសង្គ្រោះ (ហេព្រើរ ១:១៤) និងព្រះពរ (១ពេត្រុស ៣:៩)។ នៅទីនេះលោក យ៉ូហាន និយាយយ៉ាងទូទៅអំពីផ្នត់គំនិតនៃព្រះពរ។ អ្វីដែលច្បាស់គឺថា នឹងគ្មានជីវិតនៅពេលខាងមុខ គ្មានការរីករាយនឹងការបង្កើតថ្មីទេ លើកលែងតែមានអ្នកមានជ័យជំនះ។ ប្រយោគបន្ទាប់នឹងបង្កើតការនេះ។ អស់អ្នកណាដែលមានជ័យជំនះនឹងមានព្រះជាម្ចាស់ ជាឪពុករបស់គេ ហើយពួកគេនឹងក្លាយជាកូនស្ងួនភ្ងារបស់ទ្រង់។ អត្ថបទនេះគឺជិតស្និទ្ធទៅនិង ២សាំយ៉ូអែល ៧:១៤ ដែលបានលើកឡើងថាពូជពង្សរបស់ ដាវីឌ គឺជាកូនរបស់ព្រះជាម្ចាស់។ អ៊ីស្រាអែល ក៏ជាកូនរបស់ព្រះអង្គដែរ (សូមមើល និក្ខមនំ ៤:២២, អេសាយ ៤៣:៦, យេរេមា ៣១:៩, ហូសេ ១:១០, ១១:១) ហើយឥឡូវនេះ អ្នកណាដែលជាកម្មសិទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាកូនរបស់ព្រះជាម្ចាស់ (សូមមើល រ៉ូម ៨:១៤, ១៥, ២កូរិនថូស ៦:១៨, កាឡាទី ៣:២៦, ៤:៦)។ ការតាំងសញ្ញាអំពី ទំនាក់ទំនង ដែលព្រះជាម្ចាស់បានសន្យាទៅកាន់អ៊ីស្រាអែល ឥឡូវនេះជាកម្មសិទ្ធិទៅកាន់អស់អ្នកណា ដែលជាសមាជិកនៃប្រជារាស្ត្ររបស់ព្រះអង្គ។
អស់អ្នកណាដែលបានឈ្នះ នឹងទទួលមរតកនៃការបង្កើតថ្មី ក្នុងនាមជាកូនប្រុសកូនស្រីរបស់ព្រះអង្គ។ នៅផ្នែកម្ខាងទៀត អស់អ្នកណាដែលបរាជ័យក្នុងការយកជ័យជម្នះ ហើយប្រគល់ខ្លួនគេទៅកាន់អារក្សសាតាំងវិញ នោះនឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើងដែលឆេះសន្ធោសន្ធៅ ដោយភ្លើងនិងស្ពាន់ធ័រ (១៩:២០; ២០:១០, ១៤, ១៥) ពួកគេនឹងទទួលបទពិសោធន៍ចំពោះសេចក្តីស្លាប់ជាលើកទី២ (សូមមើល ២:១១; ២០:៦, ១៤)។ សេចក្ដីស្លាប់លើកទី ១ គឺជាការដាច់ចេញពីព្រះជាម្ចាស់ដំបូងបង្អស់ ហើយគ្រប់គ្នាដែលបានកើតមកក្នុងលោកីយ៍នេះក្នុងនាមជាកូនប្រុស កូនស្រីរបស់អ័ដាម គឺបានទទួលបទពិសោធន៍នេះ (រ៉ូម ៥:១២–១៩; សូមមើល រ៉ូម ៦:២៣)។ សេចក្ដីស្លាប់លើកទី ២ យ៉ាងណាមិញ គឺជាការបែកចេញពីព្រះជាម្ចាស់ជារៀងរហូត ហើយនឹងគ្មានការប្រោសលោះ ឬការសង្គ្រោះសម្រាប់ពួកគេ ដែលទទួលបទពិសោធន៍សេចក្ដីស្លាប់លើកទី ២នេះឡើយ។ ពួកគេនឹងត្រូវរងការផ្ដន្ទាទោសជារៀងរហូត (វិវរណៈ ១៤:៩–១១)។
អ្នកមិនជឿត្រូវបានដកចេញពីទីក្រុងដោយព្រោះភាពកំសាក និងមិនជឿ។ មនុស្សកំសាក ស្ដែងចេញនៅក្នុងការបញ្ជាក់ និងដើរតាមពួកសត្វសាហាវ ជំនួសឲ្យការប្រថុយជីវិតនៅក្នុងសម្ព័ន្ធភាពជាមួយព្រះយេស៊ូវ។ ការមិនជឿនិងភាពមិនស្មោះត្រង់ មានន័យថាគឺជាការទុកចិត្តលើធនធានណាមួយរបស់ខ្លួន ជំនួសឲ្យការផ្ញើរជីវិតខ្លួនឯងទៅលើព្រះជាម្ចាស់។ អ្នកសម្លាប់គេ ឬប្រព្រឹត្តិសហាយស្មន់ក៏នឹងបែកចេញពីព្រះជាម្ចាស់ដែរ។ វាមិនមែនមានន័យថាអំពើបាបទាំងអស់នេះកាត់ផ្តាច់នរណាម្នាក់ ដោយស្វ័យប្រវត្តិនោះឡើយ។ ចំនុចសំខាន់នោះគឺថា គេនឹងត្រូវដកចេញ ដោយព្រោះការជាប់ងប់ងុលនៅក្នុងអំពើបាប ជំនួសឲ្យការលន់តួ និងផ្លាស់ប្រែចេញពីវា (សូមមើល ១កូរិនថូស ៦:៩-១០, កាឡាទី ៥:១៩–២១; អេភេសូរ ៥:៥; ១ធីម៉ូថេ ១:៩; វិវរណៈ ២២:១៥)។ ការប្រើប្រាស់មន្តអាគម ឬ អំពើអាបធ្មប់ នឹងតែងតែត្រូវទទួលការផ្ដន្ទាទោសយ៉ាងទៀងទាត់ (និក្ខមនំ ៧:១១, ២២; ៨:១៨; អេសាយ ៤៧:៩, ១២; កាឡាទី ៥:២០; វិវរណៈ ១៨:២៣; សូមមើល Wisd. Sol. ១២:៤; ១៨:១៣) ជារបៀបនៃការព្យាយាមរៀបចំស្ថានភាព ដើម្បីឲ្យបំពេញសេចក្ដីប្រាថ្នារបស់ខ្លួន ជំនួសឲ្យការទុកចិត្តព្រះជាម្ចាស់។ ការគោរពរូបព្រះក្លែងក្លាយ គឺដូចជាការប្រើប្រាស់មន្តអាគមដែរ វាតំណាងឲ្យការបដិសេធភាពជាម្ចាស់របស់ព្រះអង្គ (សូមមើល រ៉ូម ១:២១-២៥)។ ពួកអ្នកកុហក មិនជឿលើទិព្វញ្ញាណរបស់ទ្រង់ នៅក្នុងជីវិតរបស់ពួកគេ ទើបគេបំភ្លៃការពិត ដើម្បីសម្រេចបំណងប្រាថ្នានិងផែនការរបស់ខ្លួន។
បទគម្ពីរទាំងបីនេះបញ្ជាក់ថា ប្រពន្ធមិនមែនត្រូវបានរំពឹងថាឲ្យចុះចូលចំពោះប្ដីនៃស្ត្រីគ្រប់ៗគ្នានោះឡើយ ប៉ុន្តែត្រូវចុះចូលដោយជាក់លាក់ចំពោះប្ដីរបស់នាងផ្ទាល់។