នៅទីបំផុត ដោយសារកណ្ឌនៃព្រះគម្ពីរត្រូវបានកាត់ស្រាយ ហើយគោលលទ្ធិដ៏មានសិរីល្អដែលមាននៅក្នុងបទគម្ពីរត្រូវបានបង្ហាញឲ្យឃើញជាសាធារណៈ នោះការសម្រេចចិត្តមួយនឹងកើតឡើងដោយជៀសមិនរួច
ប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការបម្រើក្នុងព្រះវិហារមួយដែលបាន ធ្វើរឿងមួយចំនួនដែលខុសប្លែកបន្តិចបន្តួចពីពេលបច្ចុប្បន្ននេះ។ ពួកយើងបានជួលក្រុមតន្ត្រីដែលមានអ្នកលេងភ្លេងជំនាញៗដែលមិនជឿឲ្យមកលេងភ្លេងរាល់សប្ដាហ៍។ ជាឧទាហរណ៍៖ រឿងដ៏ពិតមួយគឺថា អ្នកលេងហ្គីតារបស់ពួកយើងបានធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងក្រុមតន្ត្រីយុវជនដ៏ល្បីមួយ រួចហើយគាត់នឹងមកសម្ដែងនៅព្រះវិហាររបស់យើងរាល់សប្ដាហ៍—នេះគឺជារឿងពិត។
ការអធិប្បាយព្រះបន្ទូលចេះតែបន្ត តែការលាយបញ្ចូលគ្នានៃសេចក្តីពិតតាមប្រធានបទមួយចំនួន មានរឿងរ៉ាវដែលរំជើបរំជួល និងទាក់ទាញអារម្មណ៍ ហើយនិងការបញ្ចប់មួយដែលត្រូវបានរៀបចំឡើង ដើម្បីជំរុញមនុស្សគ្រប់គ្នាឲ្យឆ្លើយតបដោយអារម្មណ៍ទៅនឹងព្រះបន្ទូល។ ពួកយើងធ្លាប់ជាក្រុមជំនុំដែលធម្មតា ក្រុមជំនុំដែលដើរទាន់សម័យកាល ក្រុមជំនុំដែលទាក់ទាញ និងជាក្រុមជំនុំដែលប្រកាសដំណឹងល្អ។ ហើយគ្មានអ្វីដែលចម្លែកទេ ដែលមនុស្សជាច្រើនបានសម្រុកមកឯព្រះវិហាររបស់ពួកយើងនោះ។ ប៉ុន្តែ ពួកគាត់មិនបានមក ដើម្បីទទួលការបង្រៀននោះឡើយទេ—ពួកគេមកដើម្បីរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីស្តាប់តន្ត្រី និងរំសាយអារម្មណ៍តែប៉ុណ្ណោះ។ វាក៏មានប្រសិទ្ធិភាពដែរ!
ដោយសាររឿងនេះហើយទើបនៅថ្ងៃអាទិត្យមួយគ្រូគង្វាលរបស់ពួកយើងបានខឹងយ៉ាងខ្លាំង ហើយក្រោកឡើងបណ្ដេញអ្នកលេងភ្លេងស៊ីឈ្នួលទាំងនោះចេញ ហើយប្រាប់ក្រុមជំនុំថា៖ «ប្រសិនបើក្រុមជំនុំណាម្នាក់មានអំណោយទានខាងតន្ត្រី ហើយមិនលេងភ្លេងសម្រាប់ពួកជំនុំដោយឥតគិតថ្លៃទេ នោះក្រុមជំនុំនេះមិនស័ក្តិសមសម្រាប់អ្នកនោះទេ។ លើសពីនេះទៅទៀត គាត់បានចាប់ផ្ដើមអធិប្បាយព្រះបន្ទូលពីមួយខទៅមួយខទៀត តាមកណ្ឌសៀវភៅក្នុងព្រះគម្ពីរ ដើម្បីពង្រឹងក្រុមជំនុំរបស់យើងក្នុងសេចក្តីបង្រៀនត្រឹមត្រូវ ឯបទចម្រៀងវិញ យើងបានផ្លាស់ប្ដូរពីការច្រៀងបទចម្រៀងនៃការពេញនិយមចុងក្រោយពីក្រុមវប្បធម៌នៃព្រះយេស៊ូវ (Jesus Culture) ឬចម្រៀងថ្វាយបង្គំសម័យទំនើប (Hillsong) ទៅជាច្រៀងបទចម្រៀងដែលសម្បូរទៅដោយសេចក្តីពិតខាងឯទេវសាស្ត្រ។ កម្មវិធីថ្វាយបង្គំដែលជំរុញអារម្មណ៍ត្រូវបានជំនួសដោយការអធិប្បាយចំៗនៃព្រះបន្ទូលរបស់ព្រះ។ រំពេចនោះក៏មានការអំពាវនាវឲ្យមានសកម្មភាពផ្អែកតាមព្រះគម្ពីរដោយចេញពីសេចក្ដីស្រឡាញ់...និងការស្តាប់បង្គាប់ចំពោះព្រះគ្រីស្ទ ដែលមិនមែនជាការបង្ខិតបង្ខំខាងអារម្មណ៍ឡើយ។
ក្រោយមកក៏មានអ្នកចាកចេញមួយជាច្រើននាក់។ យើងលែងជាក្រុមជំនុំថ្វាយបង្គំដែលមានមនុស្សច្រើនចូលរួម—ក្រុមជំនុំដែលដាំក្រុមជំនុំ ដែលរីកចម្រើនយ៉ាងរហ័សមួយ ដែលមានវេនថ្វាយបង្គំជាច្រើន និងមានកន្លែងសម្រាប់អ្នកចូលរួមលើសជាង៣០០នាក់—ហើយប្រែទៅជាមានកៅអីដែលគ្មានមនុស្សអង្គុយគ្រប់កន្លែងមួយរំពេច។ បន្តិចម្តងៗ យើងបានឈានហួសពីកន្លែងដែលយើងធ្លាប់នៅ ដូចកាលពីចាប់ផ្ដើមបង្កើតក្រុមជំនុំកាលពីមុន ប៉ុន្តែលើកនេះវាមិនគ្រាន់តែជាចំនួនបរិមាណមនុស្សទេ វាថែមទាំងខាងឯវិញ្ញាណទៀតផង។
គោលលទ្ធិត្រឹមត្រូវ (ផ្សារភ្ជាប់ជាមួយនឹងការអធិស្ឋាន និងភាពអត់ធ្មត់) បានធ្វើឲ្យការបង្រៀននោះមានការលើកឲ្យខ្ពស់ខ្លាំងឡើង។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
មានគ្រូអធិប្បាយល្បីឈ្មោះមួយចំនួនបានស្នើឲ្យពួកយើង «ផ្តាច់ខ្លួន» យើងចេញពីព្រះគម្ពីរសញ្ញាចាស់ ឲ្យចែកចាយជាស៊េរីផ្ដោតលើការកែប្រែអាកប្បកិរិយាពីសៀវភៅនៃការជួយខ្លួនឯងមួយចំនួន ហើយឲ្យក្លាយទៅជាការមានកម្មវិធីថ្វាយបង្គំទាំងមូលដែលប្រើប្រាស់ព្រះគម្ពីរក្នុងការអធិប្បាយ ប៉ុន្តែពោរពេញទៅដោយការកម្សាន្តទៅវិញ។ សព្វថ្ងៃនេះ ក្រុមជំនុំត្រូវការយ៉ាងខ្លាំងនូវប្រភេទនៃការបង្រៀនត្រឹមត្រូវ។
និយាយឲ្យខ្លីទៅ គោលលទ្ធិត្រឹមត្រូវគឺសំខាន់ណាស់។
គ្មានអ្វីដែលអាចបំពេញសេចក្តីត្រូវការដែលមិនចេះស្កប់ស្កល់នៃដួងចិត្តមនុស្សបានទេ។ ក៏គ្មានអ្វីដែលអាចបំបាត់ការស្រេកឃ្លានខាងឯវិញ្ញាណនៃពួកអ្នកជឿដែលត្រូវបានផ្លាស់ប្រែដោយដំណឹងល្អ ហើយក៏គ្មានសេចក្តីពិតណាជាងព្រះរាជបញ្ជានៃបេសកកម្មរបស់ព្រះគ្រីស្ទនៅក្នុងកណ្ឌគម្ពីរម៉ាថាយ ២៨:១៦-២០ នោះដែរ។ ព្រះយេស៊ូវមិនបានមានបន្ទូលថាអ្វីដែលទ្រង់បានបង្រៀនខ្លះ ត្រូវឲ្យពួកសិស្សសម្របតាមរបៀបទំនើបណា...ដែលពួកសិស្សទ្រង់យល់ឃើញថាសមនោះទេ។ ទ្រង់ក៏មិនបានងក់ព្រះសិរយល់ព្រមចំពោះវិធីណាមួយដែលធ្វើឲ្យមនុស្សនៅឈរឯមាត់ទ្វារស្រាប់នោះដែរ។ ទ្រង់បានមានបន្ទូលថា «ចូរបង្កើតសិស្ស» ហើយ «បង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី» (ការគូសបញ្ជាក់បន្ថែម) ដែលទ្រង់បានមានបន្ទូលបង្គាប់នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២៨:២០។
នៅពេលដែលសាវ័ក ប៉ុល កំពុងផ្តល់ការណែនាំអំពីការធ្វើព័ន្ធកិច្ចដល់អ្នកបម្រើដែលមានវ័យក្មេងរបស់គាត់ម្នាក់ក្នុងសេចក្ដីជំនឿគឺលោក ធីម៉ូថេ ដោយគាត់បានសង្កត់ធ្ងន់ទៅលើសេចក្តីបង្រៀនដែលត្រឹមត្រូវ! មានតែគំរូនេះមួយគត់ គ្មានសំណួរថាតើអ្នកបម្រើដ៏ល្អនៃដំណឹងល្អគឺត្រូវធ្វើយ៉ាងមិចនោះទេ។ យើងត្រូវតែត្រូវបានចិញ្ចឹមបីបាច់ដោយ—ហើយយើងត្រូវចិញ្ចឹមបីបាច់អ្នកដទៃ—ដោយព្រះបន្ទូលនៃសេចក្ដីជំនឿ និងសេចក្តីបង្រៀនដ៏ល្អ (១ធីម៉ូថេទី ៤:៦) ។
គោលលទ្ធិត្រឹមត្រូវក្នុងជំនឿគ្រីស្ទបរិស័ទ គឺជាការបង្រៀនតាមព្រះគម្ពីរយ៉ាងត្រឹមត្រូវ។ «គោលលទ្ធិ» ត្រូវបានកំណត់ជាសេចក្តីជំនឿស្នូល ដែលត្រូវបានប្រកាន់យកដោយមនុស្សមួយក្រុម។ ពាក្យថា «ត្រឹមត្រូវ» បញ្ជាក់ថាមានអ្វីម្យ៉ាងដែលអាចជឿទុកចិត្តបាន។ ដូច្នេះ នៅពេលដែលក្រុមជំនុំណាមួយចំណាយពេលច្រើន ដើម្បីធ្វើឲ្យអ្នកចូលរួមកម្សាន្តសប្បាយ ហើយបែរជាផ្តល់នូវការអធិប្បាយសើរៗ ក្រុមជំនុំនោះមិនបានបំពេញនូវអ្វីដែលក្រុមជំនុំគួរធ្វើ និងមិនសមជាក្រុមជំនុំនោះទេ។ យើងត្រូវតែអធិប្បាយ និងបង្រៀនសេចក្តីជំនឿស្នូលនៃជំនឿគ្រីស្ទបរិស័ទ ដោយផ្អែកលើអ្វីដែលព្រះគម្ពីរបានបង្រៀន ទោះបីជាពិភពលោកដែលនៅជុំវិញយើងកំពុងផ្លាស់ប្ដូរយ៉ាងណាក៏ដោយ។ ប្រៀបដូចជាមិត្តសម្លាញ់ដែលអាចជឿទុកចិត្តបានម្នាក់ ដែលគាត់នឹងប្រាប់លោកអ្នកនូវអ្វីដែលលោកអ្នកត្រូវស្តាប់ មិនមែននូវអ្វីដែលលោកអ្នកចង់ឮនោះទេ ក្នុងនាមជាក្រុមជំនុំដែលអាចជឿទុកចិត្តបាន (ជាពិសេសគ្រូអធិប្បាយ) គួរតែផ្តល់ឲ្យលោកអ្នកនូវសេចក្តីពិត ហើយគ្មានអ្វីផ្សេងក្រៅពីសេចក្តីពិតឡើយ។
ការបង្រៀនភាគច្រើនកំពុងស្ថិតក្នុងបញ្ហា ប៉ុន្តែមានរឿងរ៉ាវដ៏អស្ចារ្យជាច្រើននៅខាងមុខ ប្រសិនបើក្រុមជំនុំមួយឈប់លេងសើច ហើយយកព្រះគម្ពីរជាគោលនៅលើអាសនា និងក្នុងគ្រប់ផ្នែកជីវិតក្រុមជំនុំ។ ប្រាកដណាស់ មនុស្សមួយចំនួនប្រហែលជាមិនចូលចិត្តនោះទេ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់សន្យាថាព្រះពរនឹងលើសពីការទាស់ប្រឆាំងត្រឡប់មកវិញ។
ខាងក្រោមនេះគឺជាហេតុផលសាមញ្ញៗប្រាំយ៉ាងដែលការបង្រៀនគោលលទ្ធិត្រឹមត្រូវគឺសំខាន់ណាស់៖
តើលោកអ្នកស្គាល់គ្រូគង្វាល និងចាស់ទុំដែលមិនចង់ស្មោះត្រង់ក្នុងព័ន្ធកិច្ចចំពោះព្រះគ្រីស្ទទេ? ភាគច្រើនពួកគេមិនស្មោះត្រង់ទេ។ មែនហើយ គ្រូគង្វាល និងចាស់ទុំដែលទទួលបានការត្រាស់ហៅឲ្យមកធ្វើជាអ្នកដឹកនាំតាមបែបបម្រើនៅក្នុងក្រុមជំនុំនឹងបរាជ័យក្នុងតួនាទីរបស់ខ្លួន ប្រសិនបើគោលលទ្ធិត្រឹមត្រូវមិនមែនជាការផ្ដោតសំខាន់នៃព័ន្ធកិច្ចបម្រើ និងការបង្រៀនរបស់ពួកគាត់នោះ។ មិនអាចមានការកំណត់ការពណ៌នាការងាររបស់គ្រូគង្វាលបាននោះទេ ក្រៅពីព្រះគម្ពីរ។ ព្រះជាម្ចាស់បាន ហើយក៏នៅបន្តដោយរំពឹងថា យើងដែលជាអ្នកនាំសាររបស់ទ្រង់នឹងបំពេញគោលបំណងរបស់ទ្រង់ដែលមានចែងនៅក្នុងបទគម្ពីរ។ អ្នកសំណប់របស់ព្រះត្រូវតែស្មោះត្រង់។ ព្រះគម្ពីរសញ្ញាថ្មីបានរៀបរាប់នូវតួនាទីរបស់អ្នកត្រួតត្រាលើក្រុមជំនុំក្នុងលក្ខណៈផ្សេងៗគ្នា (កិច្ចការ ២០:១៧-៣៨; ១ធីម៉ូថេ ៤:៦, ១១-១៣, ១៦; ២ធីម៉ូថេ ៣:១០, ១៤-១៧; ២ធីម៉ូថេ ៤:១-៥)។ ព្រះជាម្ចាស់បានមានបន្ទូលបង្គាប់ថា ដាច់ខាត រាស្ដ្ររបស់ទ្រង់ត្រូវតែទទួលយកអាហារខាងឯវិញ្ញាណតាមរយៈសេចក្តីបង្រៀនត្រឹមត្រូវ។ គ្រូគង្វាល និង ពួកចាស់ទុំ អាចទទួលបានអំណោយទានតាមវិធីជាច្រើន ដោយគ្រាន់តែស្មោះត្រង់ចំពោះសេចក្តីបង្រៀនគោលលទ្ធិត្រឹមត្រូវក្នុងគ្រប់កិច្ចការទាំងអស់ប៉ុណ្ណោះ។
ការរីកចម្រើននៃក្រុមជំនុំពី «ការផ្ទេរ» ដែលមិនសប្បាយចិត្ត គឺមានចំនួនតិចតួចណាស់ ជាពិសេសនៅសហរដ្ឋអាមេរិក ជាកន្លែងដែលយើងចាត់ទុកព្រះវិហាររបស់យើងដូចជាភោជនីយដ្ឋាន ហើយអតិថិជនតែងតែត្រូវជានិច្ច។ ប៉ុន្តែ គោលដៅពិតប្រាកដនៅពេលដែលយើងនិយាយអំពីការអធិប្បាយគោលលទ្ធិត្រឹមត្រូវគឺជាការប្រែចិត្តពិតប្រាកដដែលកើតឡើងនៅពេលដែលមនុស្សបាត់បង់ត្រឡប់មកមានជំនឿតាមរយៈការស្តាប់ព្រះបន្ទូលរបស់ព្រះ (រ៉ូម ១០:១៧)។ ជាការពិតណាស់ មនុស្សដែលបានប្ដូរពីក្រុមជំនុំដែលមានគ្រោះថ្នាក់ខាងឯគោលលទ្ធិមកកាន់ក្រុមជំនុំដែលអធិប្បាយគោលលទ្ធិត្រឹមត្រូវ គឺពិតជាអស្ចារ្យណាស់ ប៉ុន្តែវាអាចមានការជជែកវែកញែកទៅលើរឿងតិចតួចដែលផ្អែមល្ហែមជាងការឃើញអ្នកជឿថ្មីមកទល់មុខជាមួយនឹងអំណាចដ៏គួរឲ្យស្ញប់ស្ញែងនៃព្រះបន្ទូលដ៏រស់ តាមរយៈការអធិប្បាយដ៏ស្មោះត្រង់! ពីនិស្ស័យចាស់ដែលមានពេញដោយអំពើបាបទៅជាការបង្កើតថ្មីក្នុងព្រះគ្រីស្ទ គោលលទ្ធិត្រឹមត្រូវបានសម្អាតដួងចិត្ត និងគំនិតរបស់ចៀមដែលវង្វេង ដោយបង្កើតព្រលឹងពួកគាត់ជាថ្មីឡើងវិញ និងរក្សាសេចក្ដីជំនឿរបស់ពួកគាត់ (១ធីម៉ូថេ ៤:១៦)។
គោលលទ្ធិត្រឹមត្រូវជួយជំរុញឲ្យរាស្ត្ររបស់ព្រះជាម្ចាស់ទៅកាន់ការរីកចម្រើនខាងឯវិញ្ញាណ ដោយសារតែពួកគាត់កំពុងតែកសាងជីវិតរបស់ពួកគាត់នៅលើមូលដ្ឋានគ្រឹះនៃថ្មដានៃព្រះបន្ទូលរបស់ទ្រង់ ដែលបានបង្រៀនយ៉ាងត្រឹមត្រូវ និងអាចយកទៅអនុវត្តជាក់ស្ដែងបានយ៉ាងល្អ។ ពួកគាត់ត្រូវបានកៀរគរ និងទទួលបានការបង្រៀនហ្វឹកហ្វឺន ដើម្បីឲ្យរស់នៅពេញវ័យក្នុងសេចក្ដីជំនឿរបស់ពួកគាត់ និងដើម្បីការពារពួកគាត់ពីការបង្រៀនខុសឆ្គង (អេភេសូរ ៤:១១-១៤)។ ការមានគោលលទ្ធិត្រឹមត្រូវផ្តល់អំណាចដល់គ្រីស្ទបរិស័ទឲ្យរស់នៅក្នុងជីវិតដែលជះឥទ្ធិពលខ្លាំងដោយសារពួកគាត់រស់នៅដោយមានទំនាក់ទំនងត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់ ជាមួយអ្នកជឿដទៃទៀត និងពិភពលោកទាំងមូល។ ទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់មានន័យថា ជាការយល់ឃើញត្រឹមត្រូវមួយនៃដំណឹងល្អ និងលក្ខណសម្បត្តិរបស់ទ្រង់ ដូចជាភាពបរិសុទ្ធ និងភាពមានគ្រប់ព្រះចេស្ដាជាដើម។ ទំនាក់ទំនងត្រឹមត្រូវជាមួយនឹងបងប្អូនរួមជំនឿមានន័យថា ការបម្រើគ្នាទៅវិញទៅមក (កាឡាទី ៥:១៣) ការស្រឡាញ់គ្នាទៅវិញទៅមក (រ៉ូម ១៣:៨) ការអត់ទោសឲ្យគ្នាទៅវិញទៅមក (អេភេសូរ ៤:៣២) កំឡាចិត្តគ្នាទៅវិញទៅមក (ហេព្រើរ ៣:១៣) និងជំរុញគ្នាទៅវិញទៅមកក្នុងការប្រព្រឹត្តការល្អ (ហេព្រើរ ១០:២៤)។ ទំនាក់ទំនងត្រឹមត្រូវជាមួយមនុស្សក្នុងលោកីយ៍នេះ មានន័យថាគឺជាការផ្សាយដំណឹងល្អដល់ពួកគាត់ (រ៉ូម ១:១៦) ធ្វើបន្ទាល់ពីជំនឿរបស់លោកអ្នក (កូឡូស ៤:៥) និងមិនដែលចរចាជាមួយនឹងសេចក្តីពិតនោះឡើយ (១កូរិនថូស ១៦:១៣)។ វាជារឿងអស្ចារ្យដែលមិនគួរឲ្យជឿនូវអ្វីដែលអាចកើតឡើងនៅពេលដែលគ្រីស្ទបរិស័ទត្រូវបានបង្រៀនពីគោលលទ្ធិត្រឹមត្រូវ ហើយរស់នៅក្នុងជីវិតរបស់ពួកគេ ដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់នោះ។
ការអធិប្បាយគោលលទ្ធិត្រឹមត្រូវមានសារៈសំខាន់ណាស់ ពីព្រោះវាមិនត្រឹមតែបង្កើតអ្នកជឿដែលរឹងមាំប៉ុណ្ណោះទេ វាថែមទាំងបន្សុទ្ធក្រុមជំនុំពីក្រុមក្លែងក្លាយថែមទៀតផង។ ការនេះអាចមិនទំនងជាយុទ្ធសាស្ត្រ «ទន់ភ្លន់» ប៉ុន្តែសូមពិចារណាមួយភ្លែតនូវអ្វីដែលព្រះយេស៊ូវបានធ្វើ ដើម្បីកាត់បន្ថយចំនួនអ្នកដែលដើរតាមទ្រង់សើរៗ ដោយគ្រាន់តែបំពេញព្រះទ័យទ្រង់តែប៉ុណ្ណោះ។ លោក លូកាកត់ត្រាអំពីសេចក្តីពិតដ៏តឹងរ៉ឹងបំផុតមួយដែលព្រះយេស៊ូវបានចែកចាយក្នុងចំណោមសេចក្តីបង្រៀននានារបស់ទ្រង់ នៅពេលដែលហ្វូងមនុស្សមកឯទ្រង់កាន់តែច្រើនឡើងៗ (លូកា ១៤:២៥-៣៥)។ កំពុងតែព្រះយេស៊ូវប្រទានអាហារដោយឥតគិតថ្លៃ ធ្វើការអស្ចារ្យ និងផ្តល់គតិបណ្ឌិតសុខៗ ភ្លាមនោះទ្រង់បានបង្រៀនគោលលទ្ធិស៊ីជម្រៅ និងសេចក្តីពិតដ៏រឹងមាំដែលវាបំបែកពួកអ្នកដែលដើរតាមទ្រង់ពិតប្រាកដចេញពីពួកអ្នកដែលដើរតាមទ្រង់ក្លែងក្លាយ។ ពួកអ្នកដែលផ្លាស់ប្រែពិតប្រាកដស្រឡាញ់ព្រះបន្ទូលរបស់ទ្រង់ រីឯពួកអ្នកដែលផ្លាស់ប្រែក្លែងក្លាយវិញនឹងបដិសេធវា។ នៅទីបំផុត ដោយសារកណ្ឌនៃព្រះគម្ពីរត្រូវបានកាត់ស្រាយ ហើយគោលលទ្ធិដ៏មានសិរីល្អដែលមាននៅក្នុងបទគម្ពីរត្រូវបានបង្ហាញឲ្យឃើញជាសាធារណៈ នោះការសម្រេចចិត្តមួយនឹងកើតឡើងដោយជៀសមិនរួច...ដោយអ្នកដែលបានស្តាប់ឮសេចក្តីពិត។ ដួងចិត្តពួកគេបើមិនងាកទៅរកព្រះបន្ទូលទេ នោះគេសើចនឹងចំអក ហើយបែរចេញតែប៉ុណ្ណឹង។ នេះជាផ្នែកមួយដ៏សំខាន់នៃកាតព្វកិច្ចរបស់គ្រូគង្វាលក្នុងការចែកចាយព្រះបន្ទូល។ ការធ្វើដូច្នេះគាត់កំពុងចូលរួមក្នុងការកសាងក្រុមជំនុំរបស់ព្រះគ្រីស្ទ ដែលរួមបញ្ចូលទាំងការបន្សុទ្ធក្រុមជំនុំពីពួកក្លែងបន្លំ។
ឥឡូវនេះ មុននឹងលោកអ្នកគិតថា «ការអធិប្បាយគោលលទ្ធិត្រឹមត្រូវ» ជាវេទិកាសិក្សាដ៏គួរឲ្យធុញទ្រាន់មួយនៅក្នុងក្រុមជំនុំរៀងរាល់សប្ដាហ៍ សូមរម្លឹកខ្លួនលោកអ្នកអំពីអ្វីដែលជាលទ្ធផលចុងក្រោយនៃគោលលទ្ធិត្រឹមត្រូវនេះសិន៖ ការបង្រៀនតាមបែបព្រះគម្ពីរដែលអាចទុកចិត្តបាន និងគ្មានកំហុស។ ការអធិប្បាយគោលលទ្ធិត្រឹមត្រូវអាចមើលទៅហាក់ដូចជាមិនសូវចាប់អារម្មណ៍ ហើយធម្មតាៗចំពោះមនុស្សមួយចំនួន ប៉ុន្តែវាសំខាន់ណាស់! ប្រសិនបើអ្នកដឹកនាំក្រុមជំនុំសម័យព្រះគម្ពីរសញ្ញាថ្មីមានឆន្ទៈប្រថុយជីវិតរបស់ពួកគាត់ចំពោះរឿងហ្នឹងទៅហើយ ចុះហេតុអ្វីបានជាយើងមិនគួរចាត់ទុកវាអាទិភាព សម្រាប់យើងក្នុងពេលបច្ចុប្បន្ននេះ? ឥទ្ធិពលនេះគឺជាឥទ្ធិពលមួយដែលមានកម្រិតខ្ពស់ និងមានអំណាចខ្លាំង។ នៅពេលដែលក្រុមជំនុំដំបូងបានបង្រៀនគោលលទ្ធិត្រឹមត្រូវ វាបានបង្ហាញឲ្យឃើញគ្រប់របៀបដែលត្រឹមត្រូវ (កិច្ចការ ២:៤០-៤១)។ ប្រសិនបើអ្នកជឿជំនាន់មុនអធិប្បាយគោលលទ្ធិត្រឹមត្រូវ ហើយឈរលើសេចក្តីពិត នោះពួកគាត់នឹងធ្វើជាគំរូនៃភាពស្មោះត្រង់សម្រាប់អ្នកជំនាន់ក្រោយជាមិនខាន។ និយាយម្យ៉ាងទៀតបានថា អ្នកជំនាន់មុននឹងបង្កើតសិស្សជំនាន់ក្រោយដែលចេះបង្កើតសិស្សបន្តទៀត ដោយឈរលើមូលដ្ឋានគ្រឹះនៃការបង្កើតសិស្ស ដែលពួកគាត់ត្រូវការ ដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់។
ការអធិប្បាយតាមគោលលទ្ធិត្រឹមត្រូវគឺមានសារៈសំខាន់ទាំងពេលបច្ចុប្បន្ន និងជារៀងរហូតដែរ។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
អំពីអ្នកនិពន្ធ៖ លោកគ្រូ Costi W. Hinn ជាគ្រូគង្វាលរៀមច្បងនៅព្រះវិហារ Mission Bible នៅ Orange County រដ្ឋកាលីហ្វញ៉ា។ គាត់មានការឆេះឆួលក្នុងការពង្រឹង និងបង្ហាត់ឲ្យគ្រីស្ទបរិស័ទរស់នៅដោយមានភាពក្លាហានសម្រាប់ព្រះយេស៊ូវគ្រីស្ទ។ ទាក់ទងនឹងប្រវត្តិ និងជំនាញរបស់គាត់ គាត់បង្រៀនមនុស្សម្នានៅជុំវិញពិភពលោកនេះអំពីរបៀបនៃការដោះស្រាយដំណឹងល្អដែលសន្យាភាពចម្រុងចម្រើន។ គាត់មានចំណែកក្នុងការចូលរួមនិពន្ធសៀវភៅ Defining Deception ជាមួយនឹងអ្នកនិពន្ធម្នាក់ទៀត ហើយគាត់ក៏បាននិពន្ធសៀវភៅ God, Greed, and the (Prosperity) Gospel (Zondervan, ខែសីហា ឆ្នាំ២០១៩)។ ប៉ុស្តិ៍ទូរទស្សន៍ CNN បានចាក់ផ្សាយអំពីការងាររបស់គាត់ ទស្សនាវដ្ដី Christianity Today និងកន្លែងបោះពុម្ពផ្សេងៗទៀតក៏បានចាក់ផ្សាយអំពីការងាររបស់គាត់ផងដែរ។ លោកគ្រូ Costi បានបញ្ចប់ការសិក្សារបស់គាត់នៅឯមហាវិទ្យាល័យ Dallas Baptist ហើយឥឡូវនេះកំពុងរៀនបន្តយកបណ្ឌិតពីរទៀតនៅឯសាលាព្រះគម្ពីរ Midwestern Baptist Theological។ សព្វថ្ងៃនេះ គាត់ស្នាក់នៅ Irvine រដ្ឋកាលីហ្វញ៉ា ជាមួយនឹងប្រពន្ធ និងកូន៣នាក់របស់គាត់។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។