ប្រពៃណាស់បាវបម្រើល្អ ហើយស្មោះត្រង់អើយ។ ខ្ញុំបានឃ្លានហើយអ្នកបានចម្អែតខ្ញុំ។ ខ្ញុំបាននៅអាក្រាតហើយអ្នកបានបំពាក់ឲ្យខ្ញុំ។ ខ្ញុំបានឈឺហើយអ្នកបានសួរសុខទុក្ខខ្ញុំ។ ខ្ញុំមានការភ័យខ្លាចហើយអ្នកបានកំសាន្តចិត្តខ្ញុំ..............

ព្រះគម្ពីរបានលើកឡើងជាច្រើនអំពីចំណុចអវិជ្ជមានទាក់ទងទៅនឹង «ការធ្វើការងារ» ជាពិសេសគឺ «ការប្រព្រឹត្តតាមក្រឹត្យវិន័យ»។ សាវ័ក ប៉ុល បានលើកម្តងហើយម្តងទៀតថា យើងបានរាប់ជាសុចរិតតាមរយៈជំនឿក្នុងព្រះគ្រីស្ទយេស៊ូវ មិនមែនតាមរយៈការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ សេចក្តីសង្គ្រោះ «ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន» (អេភេសូរ ២:៩)។
ប៉ុន្តែ «ការប្រព្រឹត្តល្អ» នោះវាគឺជារឿងមួយផ្សេង។ តាមរយៈការសិក្សាលើខព្រះគម្ពីររបស់ខ្ញុំឃ្លាថា «ធ្វើការល្អ/ការប្រព្រឹត្តល្អ/បានធ្វើគុណ» (ពហុវចនៈ) គឺត្រូវបានប្រើប្រាស់១៣ដងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដោយមាន៩ដងប្រើនៅក្នុងសំបុត្រសរសេរទៅកាន់គ្រូគង្វាល។ ដោយគ្មានការលើកលែង ឃ្លានេះត្រូវបានប្រើប្រាស់នៅក្នុងអត្ថន័យវិជ្ជមាន នៅក្នុងរបៀបដែលគ្មានអ្វីត្រូវសង្ស័យ ដើម្បីពណ៌នាអំពីគំរូនៃសកម្មភាពរបស់គ្រីស្ទបរិស័ទ។
មានជំពូកមួយចំនួនដែលមានការលើកឡើងឥតឈប់ឈរអំពីការធ្វើការល្អដូចជានៅក្នុងកណ្ឌគម្ពីរទីតុស ជំពូក៣។ ប្រសិនបើនរណាម្នាក់ប្រាប់លោកអ្នកថាសាវ័ក ប៉ុល និងលោក យ៉ាកុប មានការខ្វែងគំនិតគ្នាអំពីតម្រូវការនៃការធ្វើការល្អ សូមចង្អុលបង្ហាញឲ្យគាត់ទៅមើលជំពូកមួយនេះវិញ។ នៅទីនេះ យើងអាចកត់សម្គាល់លក្ខណៈបីយ៉ាងនៃការធ្វើការល្អ៖ មូលដ្ឋានគ្រឹះរបស់វា សារៈសំខាន់របស់វា និងនិយមន័យរបស់វា។
មានតិចទេអ្នកធ្វើល្អជាងលោក វីល្លាម វីលបើហ្វស (William Wilberforce) ដែលគាត់ធ្លាប់បានផ្ដល់អត្ថន័យលើគ្រីស្ទសាសនាថា «ជាគ្រោងការណ៍មួយ...ដើម្បីបង្កើតផលផ្លែនៃសេចក្តីបរិសុទ្ធជាគោល មិនមែនជាហេតុនៃការបានរាប់ជាសុចរិត និងការផ្សះផ្សាគ្នារបស់យើង [ជាមួយព្រះជាម្ចាស់]»។ ការធ្វើការល្អគឺជាផលផ្លែ មិនមែនជាឫសគល់ទេ។ ឬន័យស្រដៀងគ្នាមួយទៀតនេះគឺថា៖ ការធ្វើការល្អគឺដូចជាអ្វីដែលកើតឡើងនៅក្នុងផ្ទះ ប៉ុន្តែវាមិនមែនជាគ្រឹះនៃផ្ទះនោះឡើយ។
នេះគឺជាអ្វីដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ទីតុស ៣:៨ «ពាក្យនេះគួរជឿ ហើយខ្ញុំចង់បញ្ជាក់អ្នក ពីសេចក្តីទាំងនេះឲ្យច្បាស់ ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត នោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស»។
សូមកត់សម្គាល់ថា មនុស្សដែលត្រូវបានប្រាប់ឲ្យខំធ្វើការល្អគឺជា «ពួកអ្នកដែលបានជឿដល់ព្រះ»។ ការទទួលបានសេចក្តីសង្គ្រោះតាមរយៈជំនឿ និងការធ្វើការល្អ វាមិនមែនដាច់ចេញពីគ្នាដូចជាដៃយើងទាំងពីរនោះទេ—ផ្ទុយទៅវិញ ជំនឿនៅក្នុងព្រះគឺជាមូលដ្ឋានគ្រឹះនៃការធ្វើការល្អ។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
សាវ័ក ប៉ុល មិនមែនសំដៅលើជំនឿទូទៅលើអត្ថិភាពរបស់ព្រះទេ ប៉ុន្តែផ្ទុយទៅវិញគឺលើជំនឿជាក់លាក់នៅក្នុងសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសរបស់ព្រះមកកាន់យើង នៅក្នុងដំណឹងល្អទេតើ។ សូមកត់សម្គាល់អំពីរបៀបដែលគាត់បានចាប់ផ្ដើមខ៨។ ការធ្វើការល្អគឺជាលទ្ធផលដែលលោក ទីតុស «[ទទូចចង់បាន] សេចក្តីទាំងនេះ»។ យើងទទូចចង់បានសេចក្តីទាំងនេះ ដើម្បីឲ្យអ្នកជឿនឹងបានធ្វើការល្អ។ ប៉ុន្តែ តើ «សេចក្តីទាំងនេះ» ជាអ្វី? តើអ្វីទៅជា «ពាក្យនេះគួរជឿ»? យើងអាចរកឃើញចម្លើយនៅក្នុងខខាងដើម៖
«តែកាលសេចក្ដីសប្បុរស របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងសេចក្ដីស្រឡាញ់ របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច» (ខ ៤-៧)។
មានសារតែមួយគត់ដែលយើងអាចទុកចិត្តបាន ដើម្បីនាំឲ្យមានការធ្វើការល្អបាន គឺសារដែលប្រាប់យើងថាការធ្វើការល្អរបស់យើងមិនអាចជួយសង្គ្រោះយើងបានទេ។ ពេលស្តាប់មើលទៅ វាហាក់ដូចជាប្រឆាំងនឹងគំនិត ប៉ុន្តែនេះគឺជាដំណឹងល្អ។ ប្រសិនបើយើងចង់មានផ្ទះមួយដែលមានពេញដោយការល្អ នោះជាដំបូងយើងចាំបាច់ត្រូវចាក់គ្រឹះឲ្យបានរឹងមាំសម្រាប់ការទាំងនោះសិន។
អ្នកដែលផ្ដោតលើដំណឹងល្អជាចំណុចស្នូល ពេលខ្លះងាយនឹងខ្ជិលធ្វើការល្អ។ យើងគិតថា គ្រាន់តែប្រកាសដំណឹងល្អ នោះការធ្វើការល្អវានឹងកើតឡើងដោយខ្លួនឯងៗ ដោយមិនចាំបាច់ផ្ដោតលើវាឡើយ។ ប៉ុន្តែ នេះមិនមែនជាអ្វីដែលយើងឃើញនៅក្នុងកណ្ឌគម្ពីរ ទីតុស ជំពូក៣ នោះឡើយ។ ផ្ទុយទៅវិញសាវ័ក ប៉ុល បានមានប្រសាសន៍បែបដូច្នេះថា «ត្រូវឲ្យពួកយើងហាត់ធ្វើការល្អឲ្យអស់ពីចិត្ត» (ខ១៤) ហើយ «ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត» (ខ៨)។ មានភាពបន្ទាន់នៅទីនេះ ដែលជារឿយៗយើងបានខកខានក្នុងការអធិប្បាយរបស់យើង។
ការធ្វើការល្អទាមទារឲ្យមានការខំប្រឹងពីយើង។ យ៉ាងណាមិញ វាគឺជាអ្វីដែលយើងត្រូវបាន «បង្កើតនៅក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់» ឲ្យធ្វើ (អេភេសូរ ២:១០)។ ដាច់ខាត យើងត្រូវតែ «រៀន» យ៉ាងសកម្មក្នុងការធ្វើវា។ សមត្ថភាពក្នុងការធ្វើការល្អបានបញ្ចូលមកក្នុងខ្លួនយើង នៅពេលដែលយើងបានកើតជាថ្មី—ដូច្នេះសក្ដានុពលនៃការធ្វើគឺមានជាស្រេចហើយ។ ប៉ុន្តែ សកម្មភាពជាក់ស្ដែងនៃការធ្វើវា គឺជាការហាត់រៀន (ដូចជាការជិះកង់ ឬការអាន) ហើយផ្នែកមួយនៃមហាបេសកកម្មបង្កើតសិស្សគឺការបង្រៀនមនុស្សឲ្យចេះប្រព្រឹត្តការល្អ (ម៉ាថាយ ២៨:២០)។
ដូចគ្នាទៅនឹងការអភិវឌ្ឍដែរ ដំណឹងល្អតែផ្ដោតលើការជួយសង្គមច្រើនតែផ្ដោតលើការធ្វើការល្អ ដោយមិនរាប់បញ្ចូលដំណឹងល្អផ្ទាល់ ហើយចំណែកឯកំណែទម្រង់ដែលផ្ដោតលើដំណឹងល្អជាចម្បង។ ពេលខ្លះចង់ផ្ដោតលើដំណឹងល្អ ដោយមិនរាប់បញ្ចូលការជំរុញមនុស្សឲ្យខំប្រឹងប្រព្រឹត្តការល្អវិញ។ ក្រុមដំណឹងល្អតែផ្ដោតលើការជួយសង្គមចង់សង់ផ្ទះដោយមិនបានការចាក់គ្រឹះ ខណៈក្រុមកំណែទម្រង់ដែលផ្ដោតលើដំណឹងល្អចង់ចាក់គ្រឹះដោយមិនមានសង់អ្វីបន្ថែមពីលើសោះ។ ទាំងពីរមានការផ្ទុយគ្នាពីកណ្ឌគម្ពីរទីតុស ជំពូក៣ ហើយទាំងពីរក៏នឹងមិនតុបតែងគោលលទ្ធិរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះរបស់យើង ដូចដែលសាវ័ក ប៉ុល ប្រាថ្នាចង់បានផងដែរ។
មកដល់ចំណុចនេះ ប្រហែលជាមាននរណាម្នាក់អាចនឹងនិយាយថា «បាន ខ្ញុំយល់ហើយ។ ការធ្វើការល្អវាពិតជាសំខាន់មែន។ ប៉ុន្តែ តើវាជាអ្វីឲ្យប្រាកដទៅ?»។ អរព្រះគុណព្រះដែលកណ្ឌគម្ពីរ ទីតុស ជំពូក៣ បានផ្តល់ឲ្យយើងនូវនិយមន័យជាមូលដ្ឋានយ៉ាងសាមញ្ញមួយ។ ការធ្វើការល្អគឺជាសកម្មភាពអនុវត្តនៃសេចក្តីស្រឡាញ់ ដែលឆ្លើយតបនឹងតម្រូវការរបស់មនុស្ស។
ខ្ញុំបានប្រមូលនិយមន័យនេះចេញមកពីកន្លែងផ្សេងៗគ្នានៅក្នុងកណ្ឌគម្ពីរ ទីតុស ជំពូក៣។ នៅក្នុងខ៨ ដោយកំពុងនិយាយអំពីការធ្វើការល្អ នោះសាវ័ក ប៉ុល ក៏បានសរសេរថា «នោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស»។ មិនដូច «សេចក្តីដេញដោលយ៉ាងល្ងីល្ងើ» និង «សេចក្ដីជជែកពីក្រឹត្យវិន័យ» (ខ៩) គឺថា៖ ការធ្វើការល្អជួយដល់មនុស្សម្នា។ បន្ទាប់មក នៅក្នុងខ១៤ សាវ័ក ប៉ុល បានលើកឡើងថា «ហើយត្រូវឲ្យពួកយើងហាត់ធ្វើការល្អឲ្យអស់ពីចិត្ត សម្រាប់បំពេញកិច្ចដែលខ្វះខាត ដើម្បីកុំឲ្យគេនៅតែឥតផលប្រយោជន៍នោះឡើយ»។ ពេលលោកអ្នកមើលឃើញតម្រូវការ ហើយលោកអ្នកព្យាយាមឆ្លើយតបបំពេញតម្រូវការដោយសេចក្តីស្រឡាញ់—នោះហើយជាការធ្វើការល្អ។ ការធ្វើការល្អគឺជាលំហរនៃសេចក្តីស្រឡាញ់ចំពោះព្រះគ្រីស្ទ ដែលបំពេញតម្រូវការរបស់អ្នកដទៃ។
យើងឃើញឧទាហរណ៍ជាក់ស្ដែងមួយនៅក្នុងខ១៣ ពេលសាវ័ក ប៉ុល បានសរសេរថា «ចូរខំជួយដំណើរឲ្យលោក សេន៉ាស ជាស្មាក្តី និងអ្នក អ័ប៉ុឡូស ឲ្យបានទៅខាងមុខ ដើម្បីមិនឲ្យខ្វះខាតអ្វីឡើយ»។ នៅពេលអ្នកបញ្ជូននរណាម្នាក់ពីក្រុមជំនុំរបស់អ្នកសម្រាប់ជាប្រយោជន៍នៃដំណឹងល្អ សូមប្រាកដថាគ្រប់តម្រូវការរបស់ពួកគេត្រូវបានបំពេញ។ នេះគឺជាអ្វីដែលពួកជំនុំនៅក្រុងភីលីពបានធ្វើសម្រាប់សាវ័ក ប៉ុល (ភីលីព ៤:១៥-១៨) ហើយនេះក៏ជាអ្វីដែលសាវ័ក ប៉ុល ចង់ឲ្យក្រុមជំនុំនៅកោះក្រេតបានធ្វើសម្រាប់លោក សេន៉ាស និងលោក អ័ប៉ុឡុស ផងដែរ។ នេះគឺជាការធ្វើការល្អ។
ការល្អអាចបំពេញគ្រប់តម្រូវការ ទោះបើធំឬតូច ទោះបើសំភារៈ ឬព្រលឹងវិញ្ញាណ ហើយអ្នកទទួលគឺស្ទើរតែគ្រប់គ្នា។ នេះគឺជាឧទាហរណ៍មួយចំនួន៖
ប្រាកដណាស់ថា «ការប្រព្រឹត្តល្អ» វាមិនមែនជាប្រភេទនៃការតូចតាចដែលយើងត្រូវខំប្រឹង ដើម្បីរកឃើញឡើយ។ ចម្រូតទុំហើយ តម្រូវការក៏ធំធេងណាស់ដែរ ហើយឱកាសគឺមាននៅគ្រប់ទីកន្លែង។ លោក វីល្លាម វីលបើហ្វស បានធ្លាប់មានប្រសាសន៍ថា «គ្មាននរណាម្នាក់មានសិទ្ធិក្នុងការនៅស្ងៀមឡើយ»។ នៅក្នុងពិភពលោកដូចនេះ លោកអ្នកតែងតែអាចរកឃើញ «មនុស្សល្ងង់ខ្លៅ ដើម្បីបង្ហាត់បង្រៀន កំហុសឆ្គងក្នុងការកែតម្រូវ តម្រូវការខ្លះក្នុងការបំពេញ ទុក្ខសោកខ្លះ ដើម្បីសម្រាល»។
ការធ្វើអំពើល្អមិនចាំបាច់ទាល់តែជារឿងដែលធ្វើឲ្យលោកអ្នកល្បីនោះឡើយ។ មិនមែនគ្រប់គ្រីស្ទានទាំងអស់សុទ្ធតែអាចក្លាយដូចជាលោក វីលបើហ្វស នោះទេ។ គេនឹងភ្លេចយើងជាច្រើននាក់នៅក្នុងជីវិតនេះ។ ដូចដែលលោក ចច អ៊ីឡុត (George Eliot) ដែលជាអ្នកនិពន្ធប្រលោមលោកបានសរសេរថា «អំពើល្អនៃលោកីយ៍នេះ ខ្លះគឺពឹងផ្អែកលើសកម្មភាពដែលគ្មានប្រវត្តិសាស្ត្រ ហើយការទាំងនោះវាមិនឈឺខ្លាំងដល់អ្នកហើយនិងខ្ញុំ ដែលវាគ្រាន់តែប្រហែលជាពាក់កណ្ដាលនៃអ្វីដែលកើតឡើងដល់មនុស្សជាច្រើនដែលបានរស់នៅយ៉ាងស្មោះត្រង់ក្នុងជីវិតដែលលាក់កំបាំង ហើយបានសម្រាកនៅក្នុងផ្នូរដែលគ្មានអ្នកណាទៅអើតមើល»។
ប៉ុន្តែ ដំណឹងល្អបានប្រាប់យើងថា នៅថ្ងៃណាមួយផ្នូរទាំងនោះនឹងនៅទទេ ហើយជីវិតដែលលាក់កំបាំងទាំងនោះនឹងត្រូវបានទទួលស្គាល់នៅចំពោះមុខនៃសកលលោកទាំងមូល ដោយព្រះវរបិតានៃយើងរាល់គ្នាដែលគង់នៅស្ថានសួគ៌។ នៅពេលថ្ងៃនោះមកដល់ នោះលោកអ្នកនឹងឮព្រះយេស៊ូវមានបន្ទូលថា៖
ប្រពៃណាស់បាវបម្រើល្អ ហើយស្មោះត្រង់អើយ។ ខ្ញុំបានឃ្លាន ហើយអ្នកបានចម្អែតខ្ញុំ។ ខ្ញុំបាននៅអាក្រាតហើយអ្នកបានបំពាក់ឲ្យខ្ញុំ។ ខ្ញុំបានឈឺហើយអ្នកបានសួរសុខទុក្ខខ្ញុំ។ ខ្ញុំមានការភ័យខ្លាចហើយអ្នកបានកំសាន្តចិត្តខ្ញុំ។ ខ្ញុំបានកខ្វក់ហើយអ្នកបានសម្អាតខ្ញុំ។ ខ្ញុំល្ងង់ល្ងើហើយអ្នកបានបង្រៀនខ្ញុំ។ ខ្ញុំត្រូវបានគេគំរាមកំហែងហើយអ្នកបានការពារខ្ញុំ។ ខ្ញុំបានកំព្រាហើយអ្នកបានទទួលចិញ្ចឹមខ្ញុំ។ ខ្ញុំគ្មានគោលដៅហើយអ្នកបានប្រឹក្សាដល់ខ្ញុំ។ ខ្ញុំគ្មានការងារធ្វើហើយអ្នកបានជួលខ្ញុំ។ ខ្ញុំបានបាត់បង់ហើយអ្នកបានផ្សាយដំណឹងល្អដល់ខ្ញុំ។ ខ្ញុំមិនមានឈ្មោះល្បីល្បាញហើយអ្នកបានធ្វើជាសម្លាញ់របស់ខ្ញុំ។
ហើយលោកអ្នកនឹងដឹងថា ជីវិតរបស់លោកអ្នកមិនបានឥតប្រយោជន៍ ហើយការខិតខំប្រឹងប្រែងរបស់លោកអ្នកក៏មិនអសារឥតបានការនោះដែរ។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានសុគត ដើម្បីបង្កើតឡើង៖ «មនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ» (ទីតុស ២:១៤)។ ដូច្នេះ សូមកុំឲ្យយើងនឿយហត់ក្នុងការធ្វើការល្អឡើយ។ ផ្ទុយទៅវិញ សូមឲ្យយើងបានរៀនក្នុងការខំប្រឹងបង្ហាត់ខ្លួនឲ្យចេះធ្វើការល្អវិញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។