ប្រសិនបើលោកអ្នកមិនមានរនាំងទប់ស្កាត់ខ្លួនឯងពីការមើលរូបភាព ឬក៏វីដេអូអាសអាភាសនៅពេលអនាគតទេ នោះលោកអ្នកប្រាកដជានឹងមើលវាម្ដងទៀតជាមិនខាន។

រប្រឹក្សាភាគច្រើនរបស់គ្រីស្ទបរិស័ទទាក់ទងនឹងការញៀនមើលរូបភាព ឬក៏វីដេអូអាសអាភាស មិនសូវជាមានប្រយោជន៍ប៉ុន្មានទេ។ ត្រង់ចំណុចនេះ ខ្ញុំចង់មានន័យថា៖ ការប្រឹក្សាទាំងនោះមិនបានជួយបង្កើតឲ្យមានការប្រែចិត្តពិតប្រាកដ ការព្យាបាលឲ្យជាសះស្បើយ ការស្ដារឡើងវិញ និងការត្រឡប់ទៅរកភាពដើមវិញទាំងស្រុងនោះទេ។ លើសពីនោះទៅទៀត ការប្រឹក្សាទាំងនេះមិនបានលើកឡើងពីមូលហេតុនៃការកុហកដ៏ចម្បងទាក់ទងនឹងការមើលរូបភាព ឬក៏វីដេអូអាសអាភាសដល់យើងនោះទេ។ សរុបមក ការប្រឹក្សាទាំងនោះមានចំណុចរួមពីរ៖ ចំណុចទីមួយគឺទាក់ទងនឹងគំនិតអំពីទេវវិទ្យា និងខគម្ពីរច្រើនពេកដែលគ្រាន់តែជាចំណេះដឹងក្នុងខួរក្បាល ហើយមិនអាចយកមកអនុវត្តបាន។ ចំណុចទីពីរ៖ ការប្រឹក្សានោះគ្រាន់តែលើកឡើងពីច្បាប់ឲ្យទៅធ្វើនេះ ធ្វើនោះនៅតែខាងសម្បកក្រៅ ហើយច្បាប់ទាំងនោះមិនអាចជួយយើងក្នុងជីវិតរស់នៅ ពោលគឺពីភាពបរាជ័យ និងពីការតស៊ូ ដើម្បីឲ្យបានសេចក្ដីសង្ឃឹម។ តើដំណឹងល្អមានប្រយោជន៍អ្វីទាក់ទងនឹងភាពបរាជ័យរបស់យើង និងការព្យាយាមជាថ្មីដែលកើតឡើងម្ដងហើយម្ដងទៀត?
ពេលដែលយើងជឿថា គ្មានបុគ្គលណាម្នាក់ក្នុងក្រុមជំនុំដែលកំពុងតែតយុទ្ធនឹងអំពើបាបទេ នោះយើងក៏នឹងមិនហ៊ាននិយាយពីអំពើបាបក្នុងក្រុមជំនុំ ឬក៏និយាយជាមួយបុគ្គលដែលកំពុងតែតយុទ្ធ ក៏ដូចជានិយាយមកកាន់ខ្លួនឯងនោះឡើយ។ តើវាជាការត្រឹមត្រូវដែរឬទេ ក្នុងការនិយាយអំពីអ្វីដែលព្រះគ្រីស្ទអាចធ្វើបាន (និងអំពីអ្វីដែលយើងអាចធ្វើបាន) បន្ទាប់ពីយើងបានបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូអាសអាភាស? ឬក៏យើងគ្រាន់តែអង្គុយធ្វើហៃៗ ដោយសង្ឃឹមថា គ្មាននរណាម្នាក់ប្រព្រឹត្តបាបនោះឡើយ? មានអ្នកខ្លះបានលើកឡើងថា ∩ហេតុអ្វីបានជាយើងនៅគួរគិតថា យើងស័ក្តិសមនឹងឲ្យព្រះជាម្ចាស់នឹងមកជួបយើង ទាំងខ្លួនយើងបានប្រព្រឹត្តបាបដ៏អាស្រូវដូចនេះ? តាមពិត យើងមិនគួរទាំងបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូអាសអាភាសផង។∪ ប៉ុន្តែ តាមពិតទៅ មនុស្សជាច្រើនតែងតែធ្លាក់ជាប់នៅក្នុងកាលៈទេសៈបែបនោះ ហើយព្រះជាម្ចាស់អាចនឹងប្រើកាលៈទេសៈនៃភាពសោកស្ដាយទាំងនោះឲ្យទៅជាប្រយោជន៍ដល់យើង។
បន្ទាប់ពីយើងបានបិទទ្វារ បិទភ្លើងនៅក្នុងបន្ទប់តែម្នាក់ឯង ហើយបានមើលរូប ឬក៏រឿងមិនគួរគប្បី ពេលនោះឯងជាពេលដែលអារក្សសាតាំងនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យផែនការរបស់វាបានសម្រេច៖ វាគម្រាមកំហែងដល់របៀបគិតគូរបស់យើង វានាំឲ្យយើងគិតថា យើងអាចធ្វើអ្វីមួយដើម្បីឲ្យព្រះអង្គអត់ទោសបាបយើង បាន (ដូចជាសន្យាថានឹងកាន់តែបម្រើព្រះអង្គ កាន់តែអធិស្ឋាន អានព្រះគម្ពីរ តែធាតុពិត ការទាំងនេះមិនមែនជាមធ្យោបាយដែលនាំឲ្យព្រះជាម្ចាស់អត់ទោសបាបយើងទេ តែគឺជាព្រះគុណរបស់ព្រះទៅវិញទេតើ) ហើយអារក្សសាតាំងថែមទាំងមួលបង្កាច់ ដើម្បីឲ្យយើងស្អប់ខ្លួនឯងផងដែរ។ បន្ទាប់ពីយើងបានធ្លាក់ទៅក្នុងការមើលរូបភាព ឬក៏វីដេអូអាសអាភាស នោះឯងជាពេលដែលអារក្សសាតាំងព្យាយាមយ៉ាងខ្លាំងក្នុងការរារាំងយើងពីមាគា៌របស់ព្រះជាម្ចាស់។ ខាងក្រោមនេះគឺជាចំណុចដ៏ជាក់លាក់មួយចំនួនដែលយើងអាចប្រើប្រាស់បានក្នុងការស្វែងរកព្រះគុណ បន្ទាប់ពីយើងបានភ្លាត់ស្នៀតនៅក្នុងការបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូមិនគួរគប្បី៖
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
បន្ទាប់ពីលោកអ្នកបានបណ្ដោយខ្លួនឲ្យទៅមើលរូបភាព ឬក៏រឿងអាសអាភាសហើយ នោះមានការពីរយ៉ាងដែលលោកអ្នកទំនងនឹងធ្វើ៖ ទីមួយ ស្អប់ខ្លួនឯង ឬក៏ ទីពីរ គេចចេញពីខ្លួនឯង។ ទោះបីជាលោកអ្នកជ្រើសរើសដើរផ្លូវមួយណាក៏ដោយ ក៏អារក្សសាតាំងនៅតែសប្បាយចិត្តដែរ។ ជម្រើសនៃគន្លងទាំងពីរនោះ គឺជាការជឿលើការចោទប្រកាន់របស់អារក្សសាតាំង (ម៉ាថាយ ១៦:២៣; ២កូរិនថូស ៧:១០)។ ចូរទទួលស្គាល់ថា លោកអ្នកមានខ្មាំងសត្រូវផ្ទាល់ខ្លួនដ៏ពូកែ ហើយការងារជាចម្បងរបស់វា គឺបំផ្លាញលោកអ្នកចោល (យ៉ូប ១:៧; អេភេសូរ ២:២; យូដាស ១:១៩)។ ចូរទទួលស្គាល់ ហើយដឹងថា អារក្សសាតាំងកំពុងតែធ្វើការទាក់ទងនឹងរាល់បទពិសោធន៍ដែលលោកអ្នកមាន ឧទាហរណ៍៖ គំនិតគិត សម្អប់ ការប្រឡូកប្រឡាក់ អារម្មណ៍ ផែនការ។ល។ ប្រសិនបើលោកអ្នកងាយនឹងភ្លេចពីការនេះ នោះលោកអ្នកនឹងងាយក្នុងការទទួលជឿលើសេចក្ដីកុហកដ៏ពោរពេញដោយការបំផ្លាញ ការលាក់បាំង ការផ្ដួលរំលំ និងល្បិចកិច្ចកល។ នៅពេលដែលព្រះយេស៊ូវមានបន្ទូលប្រាប់ពួកផារិស៊ីថា អារក្សសាតាំងដែលជាមេកុហកគឺជាឪពុករបស់ពួកគេ វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលពួកគេមិនដឹងអំពីការនោះ។ អារក្សសាតាំងមិនចង់ឲ្យពួកគេដឹងថា វាជាឪពុករបស់ពួកគេទេ ព្រោះអំពើអាក្រក់នឹងកាន់តែកើនឡើង នៅពេលដែលយើងភ្លេចវា (យ៉ូហាន ៨:៤៤)។ ចូរកុំភ្លេច៖ ក្រោយពេលដែលលោកអ្នកបណ្ដោយខ្លួនឲ្យទៅមើលរូបភាព ឬក៏វីដេអូអាសអាភាស គឺការតយុទ្ធទើបតែដល់ពាក់កណ្ដាលទីប៉ុណ្ណោះ ហើយបុគ្គលដែលលោកអ្នកកំពុងតយុទ្ធជាមួយនោះ គឺជាបុគ្គលដ៏អាក្រក់ ដែលមិនងាយបោះបង់ការព្យាយាមបំផ្លាញជីវិតរបស់លោកអ្នកចោលនោះឡើយ ប៉ុន្តែវាមិនទាន់យកជីវិតរបស់លោកអ្នកបាននៅឡើយទេ។
ព្យាយាមកុំស្អប់ខ្លួនឯង
យើងមិនចាំបាច់សួរដើម្បីឲ្យដឹងថា៖ ការមើលរូបភាព ឬក៏វីដេអូអាសអាភាសគឺជាការបញ្ចុះបញ្ចូលដ៏អាក្រក់ដើម្បីឲ្យយើងជឿថា ការត្រេកត្រអាលចង់បានអ្វីមួយដែលប្លែក គឺជារឿងគ្មានទោសនោះទេ។ ការមានសតិបញ្ញាដែលឈឺចាប់ គឺជាចំណុចដ៏ល្អមួយ។ ប៉ុន្តែ នៅពេលដែលលោកយូដាសដឹងខ្លួនថា «ខ្ញុំបានធ្វើបាប ព្រោះខ្ញុំបានបានក្បត់នឹងឈាមដែលឥតទោស» គឺវាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលគាត់ «ចេញទៅក្រៅ រួចចងកសម្លាប់ខ្លួន» (ម៉ាថាយ ២៧:៤-៥ គកស)។ នេះគឺជាអារម្មណ៍ធម្មតាទេ ដែលយើងចង់ដាក់ទោសខ្លួនឯងនៅពេលដែលយើងក្បត់នឹងមនុស្សដែលឥតទោស។ តាមរយៈការដែលយើងមួលបង្កាច់មនុស្សដែលគ្មានទោស នោះយើងក៏ដាក់ទោសខ្លួនឯងដែរ។ ហេតុដូច្នេះហើយបានជាមានមនុស្សជាច្រើនសម្លាប់ខ្លួនដោយសារការមើលរូបភាព ឬក៏វីដេអូមិនត្រឹមត្រូវ។ មនុស្សមួយចំនួនទំនងជាគិតថា «ខ្ញុំមិនល្អដូចជាអ្វីដែលគ្រូគង្វាល ឬក៏អ្នកនិពន្ធមួយចំនួនចង់ឲ្យខ្ញុំល្អនោះទេ»។ នៅទីបំផុត ការបង្ខូចភាពថ្លៃថ្នូររបស់មនុស្សនឹងកាន់តែបង្ខូចអស់អ្នកដែលមើលរូបភាព និងវីដេអូអាសអាភាស ហើយក៏នឹងនាំពួកគាត់ឲ្យកាន់តែស្អប់ខ្លួនឯង ក៏ដូចជានាំពួកគាត់ឲ្យខ្ពើមរអើមខ្លួនឯងដែរ។ យើងស្អប់ យើងរិះគន់ យើងឆ្អើម ហើយយើងខ្ពើមខ្លួនឯងយ៉ាងខ្លាំង! ភាពសោកសង្រេងចំពោះការទាស់នឹងខ្លួនឯង ហើយមានអារម្មណ៍ថា យើងត្រូវតបស្នងទៅកាន់ព្រះជាម្ចាស់វិញ ចំពោះអំពើបាបដែលយើងបានប្រព្រឹត្តិ គឺជារឿងខូចចិត្តយ៉ាងខ្លាំង ហើយក៏ជាការធ្វើទារុណកម្មខ្លួនឯងដ៏ព្រៃផ្សៃបំផុតដែរ។
ហេតុដូច្នេះហើយបានជាស្ដេច ដាវីឌ ប្រើការប្រៀបធៀបដ៏ស៊ីជម្រៅអំពីសាច់ឈាម នៅពេលដែលទ្រង់ទូលអង្វរសូមព្រះគុណរបស់ព្រះជាម្ចាស់ក្នុងការលុបអំពើបាបខាងផ្លូវភេទរបស់គាត់៖ «សូមលុបអំពើរំលងរបស់ទូលបង្គំចេញ» «សូមលាងទូលបង្គំ» «សូមសម្អាតទូលបង្គំ» «ទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយ» «សូមជម្រះទូលបង្គំ» «សូមលាងសម្អាតទូលបង្គំ (ម្ដងទៀត)» «សូម...លុបបំបាត់អំពើទុច្ចរិតទាំងប៉ុន្មានរបស់ទូលបង្គំ» «សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ» (ទំនុកតម្កើង ៥១:១, ២, ៥, ៧, ៩, ១០)។ នេះជាការស្រែកអង្វរដ៏សាមញ្ញ៖ «បាបនោះនៅក្នុងទូលបង្គំ! សូមដកវាចេញទៅ!» «សូមបញ្ឈប់ទូលបង្គំ!» «ទូលបង្គំស្អប់វាណាស់!» «ទូលបង្គំស្អប់ខ្លួនឯងណាស់!» «សូមលាងទូលបង្គំនឹងទឹកអូសាវែល។» ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលទ្រង់ដល់យើង ដែលមានទាំងការឈឺចាប់ និងសេចក្ដីសង្ឃឹមក្នុងជំពូកតែមួយ។ ចូរតយុទ្ធដូចដែលស្ដេច ដាវីឌ បានធ្វើ។ ចូរស្រែកយំដូចដែលស្ដេច ដាវីឌ បានយំ។ ចូរដូរសម្រែកថ្ងួចថ្ងូរនៃការស្អប់ខ្លួនឯងជាមួយនឹងក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលគ្មានលក្ខខណ្ឌ។
ប្រសិនបើលោកអ្នកត្រូវល្បួងឲ្យលិចលង់នៅក្នុងការឈឺចាប់តែម្នាក់ឯង ចូរកុំអនុញ្ញាតឲ្យការស្អប់ខ្ពើមអំពើបាបនោះ នាំឲ្យលោកអ្នកស្អប់ខ្លួនឯងឡើយ។ ចូរមានការអត់ធ្មត់ចំពោះខ្លួនឯង ដ្បិតព្រះជាម្ចាស់ទ្រង់អត់ធ្មត់។ ព្រះអង្គកំពុងតយុទ្ធ ដើម្បីជីវិតរបស់លោកអ្នក (លោកុប្បត្តិ ៣២:២៤; យ៉ូហាន ១០:១០)។ ព្រះអង្គមិនភ្លេចលោកអ្នកទេ ហើយព្រះអង្គក៏មិនបានចាកចេញពីលោកអ្នកដែរ។ ចូរបន្តជាមួយទ្រង់នៅក្នុងការតយុទ្ធ។ ចូរបន្តដេញចាប់ខ្យល់ដង្ហើមនៃជីវិតរបស់ព្រះជាម្ចាស់ ព្រោះទ្រង់ជាវិញ្ញាណដែលប្រទានជីវិត (១កូរិនថូស ១៥:៤៥)។
តយុទ្ធនឹងការយល់ឃើញមិនច្បាស់លាស់
ក្រោយពេលដែលយើងបានបណ្ដោយខ្លួនឲ្យទៅមើលរូបភាព ឬក៏វីដេអូអាសអាភាសហើយ នោះយើងនឹងមានភាពស្រពិចស្រពិលនៅក្នុងការយល់ឃើញរបស់យើង។ ព្រះយេស៊ូវបានជ្រាបពីការនេះ «មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ» (ម៉ាថាយ ៥:៨)។ ភាពបរិសុទ្ធ គឺជាការទទួលយកគុណធម៌ដ៏ត្រចះត្រចង់។ ចុះភាពមិនបរិសុទ្ធវិញ? វាគឺជាការដែលធ្វើឲ្យយើងកាន់តែជក់ចិត្តក្នុងការលួចលាក់ធ្វើបាបម្នាក់ឯង និងជាការគេចចេញពីព្រះជាម្ចាស់ ពីអ្នកដទៃ និងពីខ្លួនឯង និងវាធ្វើឲ្យយើងមានភាពស្ពឹកស្រពន់ វង្វេងស្មារតី ស្លាប់ និងលែងដឹងខុសត្រូវ។ អំពើបាបខាងផ្លូវភេទតែងតែកាត់បន្ថយការយល់ឃើញខាងឯព្រលឹងវិញ្ញាណ។ ជាថ្មីម្ដងទៀត នេះគឺជាអារម្មណ៍ដែលមនុស្សគ្រប់គ្នាធ្លាប់មាន៖ ការលុបចោលនូវអ្វីៗដែលលោកអ្នកបានមើលនៅលើប្រព័ន្ធអ៊ីនធឺណិត ការខំប្រឹងធ្វើនេះធ្វើនោះដោយមិនអស់ចិត្ត ហើយម្ដងទៅធ្វើការនេះ ម្ដងទៅធ្វើការនោះ ម្ដងទៅនិយាយជាមួយអ្នកនេះ ម្ដងទៅនិយាយជាមួយអ្នកនោះ គឺយើងស្ទើរតែមានអារម្មណ៍ថា ជីវិតយើងគ្មានន័យអ្វីទាំងអស់ ហើយស្ទើរតែថាខ្លួនឯងលែងជាមនុស្សទៀតផង ពោលគឺគ្មានការឆេះឆួលសល់ទៀតទេ។ យើងមានអារម្មណ៍បែបនោះ ព្រោះធាតុពិតនៃការបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូអាសអាភាសបានបង្កប់ដោយការមានអារម្មណ៍បែបនោះ។
និយាយឲ្យចំទៅ ការមានអារម្មណ៍បែបនោះ គឺគ្មានអ្វីដែលយើងអាចធ្វើបាននោះទេ លើកលែងតែបន្តរស់នៅក្នុងភាពស្មុគស្មាញ និងការវង្វេងស្មារតីរហូតដល់វារសាយបាត់ទៅ។ ចូរបន្តអធិស្ឋាន (អេភេសូរ ៦:១៨)។ ចូរបន្តព្យាយាមដកដង្ហើម។ ចូរប្រុងស្មារតីជានិច្ច។ ខណៈពេលដែលយើងកំពុងជាប់នៅក្នុងអារម្មណ៍នៃការបណ្ដោយខ្លួនទៅមើលរូបភាព ឬរឿងមិនគប្បី គឺយើងត្រូវតែពឹងលើព្រះគុណដែលព្រះជាម្ចាស់បានប្រទានដល់យើងជារៀងរាល់ថ្ងៃ (បរិទេវ ៣:២២-២៤)។ នៅត្រង់ចំណុចនេះ យើងឃើញថា អ្នកយំសោកកំពុងតែព្យាយាម ហើយគាត់អធិស្ឋានពីអ្វីដែលគាត់មិនអាចធ្វើបាន។ «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះ ខ្ញុំនឹងសង្ឃឹមដល់ព្រះអង្គ» (បរិទេវ ៣:២៤ គកស)។ តើពិតមែនឬ? តើលោកអ្នកនឹងសង្ឃឹមលើទ្រង់ឬទេ? ការអធិស្ឋានគឺជាការបង្ហាញពីសេចក្ដីសង្ឃឹម។ សេចក្ដីអធិស្ឋានមួយនេះ គឺជាចំណែករបស់អ្នកយំសោក ចំពោះព័ន្ធកិច្ចរបស់ព្រះជាម្ចាស់។ ចូរបន្តឈានទៅមុខ! ចូរបន្តដកដង្ហើម! ប្រសិនបើលោកអ្នកឈប់បន្តបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូអាសអាភាស មិនយូរមិនឆាប់ លោកអ្នកនឹងលែងមានភាពស្រពិចស្រពិលនៅក្នុងការយល់ឃើញតទៅទៀតជាមិនខាន។
ការពារអ្នកដទៃ
ការមើលរូបភាព ឬក៏វីដេអូអាសអាភាស គឺជាការបង្ហាត់បង្រៀនខ្លួនឯងឲ្យចេះប្រើអ្នកដទៃ ដើម្បីបំពេញការត្រេកត្រអាលរបស់ខ្លួន។ ចូរដឹងថា ចាប់ពីពេលដែលលោកអ្នកបានមើលរូបភាព ឬក៏រឿងមិនគួរគប្បីមក នោះ លោកអ្នកនឹងងាយធ្លាក់ទៅក្នុងការប្រើប្រាស់មនុស្ស ដែលនៅជិតលោកអ្នកតាមរបៀបមួយដូចដែលលោកអ្នកប្រើរូបភាព ឬក៏វីដេអូអាសអាភាស ដើម្បីបំពេញសេចក្ដីអរសប្បាយរបស់ខ្លួនយ៉ាងនោះដែរ។ ពោលគឺ ដោយភាពអាត្មានិយម ដោយឥរិយាបថដែលព្រងើយកន្តើយ និងការមិនកែប្រែចិត្ត។ ការមើលរូបភាព ឬក៏វីដេអូអាសអាភាស ធ្វើឲ្យយើងខ្វាក់ភ្នែកនៅក្នុងទំនាក់ទំនងរបស់យើងជាមួយមិត្តភក្ដិ ហើយវារារាំងយើងមិនឲ្យស្រឡាញ់អ្នកដទៃឡើយ។ ដូច្នេះ វិធីដ៏ល្អបំផុតគឺយើងត្រូវដើរដោយចេះការពារខ្លួន៖ ដើរមួយៗដោយទទួលស្គាល់ថា ខ្លួនកំពុងឈឺ ហើយងាយនឹងធ្វើបាបអ្នកដទៃដោយយកគេមកប្រើប្រាស់ទុកដូចជារបស់ប្រើប្រាស់ ពោលគឺចាត់ទុកគេអន់ជាងសត្វទៅទៀត។ ក្រោយពេលដែលលោកអ្នកធ្លាក់ចុះ វាជាការចាំបាច់ណាស់ដែលលោកអ្នកត្រូវទទួលស្គាល់ថា មនុស្សដែលនៅជុំវិញខ្លួនលោកអ្នក (មិនមែននៅលើអេក្រង់គ្រឿងអេឡិចត្រូនិករបស់លោកអ្នកទេ) ស័ក្តិសមនឹងទទួលបានការគោរព និងសេចក្ដីថ្លៃថ្នូរដែលលោកអ្នកមិនបានផ្ដល់ឲ្យដល់អស់អ្នកដែលនៅលើអេក្រង់ដែលលោកអ្នកទើបនឹងមើល។
ការមើលរូបភាព ឬក៏វីដេអូអាសអាភាស គឺប្រៀបដូចជាមើលខ្សែភាពយន្តមួយរឿង ដែលមានតួឯក មានពាក្យសម្ដីដែលគេរៀបចំឲ្យនិយាយ ហើយក៏មានការសម្ដែងផងដែរ៖ មានបុគ្គលដែលទទួលបានសេចក្ដីអរសប្បាយ មានបុគ្គលដែលជាអ្នកផ្ដល់សេចក្ដីអរសប្បាយឲ្យគេ មានបុគ្គលដែលជាអ្នកលះបង់ និងមានបុគ្គលដែលជាអ្នកទទួលបានការលះបង់ពីអ្នកដទៃ មានបុគ្គលដែលធ្វើខ្លួនអន់ជាងសត្វ និងបុគ្គលដែលតាំងខ្លួនជាព្រះ ជាអ្នកដែលរកតែប្រយោជន៍ខ្លួនឯង។ យើងត្រូវចេះគ្រប់គ្រងខ្លួនឯង ដើម្បីឲ្យចាំថា ការមើលរូបភាព ឬក៏វីដេអូអាសអាភាស គឺជាខ្សែភាពយន្តដែលពោរពេញទៅដោយការកុហក ហើយប្រសិនបើយើងចង់តយុទ្ធជាមួយការកុហកនេះ គឺយើងមិនត្រូវគិតអំពីខ្លួនឯងច្រើនពេកនោះទេ តែត្រូវគិតពីអ្នកដទៃវិញ៖ យើងត្រូវចាំពីសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សដែលនៅជុំវិញយើង ពោលគឺមិនត្រូវតាំងខ្លួនជាព្រះ ដែលគិតតែពីប្រយោជន៍ខ្លួនឯងនោះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតរបស់យើង ដើម្បីកុំឲ្យសាច់ឈាមយើងត្រួតត្រាលើយើង (កាឡាទី ៥:១៧)។ ព្រះជាម្ចាស់ដ៏ជាអង្គដែលថែរក្សាយើង ទ្រង់ការពារអ្នកដទៃកុំឲ្យទទួលផលអាក្រក់ពីយើង នៅពេលដែលយើងគិតថា ខ្លួនជាព្រះ។
សារភាពទៅកាន់មិត្តភក្ដិ
ចូរសារភាពបាបរបស់លោកអ្នកទៅកាន់មិត្តភក្តិណាម្នាក់របស់លោកអ្នក ដែលនឹងមិនរកលេសដោះសារឲ្យលោកអ្នក ហើយក៏នឹងមិនស្ដីបន្ទោសលោកអ្នកធ្ងន់ធ្ងរដែរ ព្រោះចំណុចទាំងពីរនេះសំខាន់ដូចគ្នា។ ពេលខ្លះ នៅពេលដែលយើងរកមនុស្សមកជួយយើង (ក្រោយពេលដែលយើងបានធ្លាក់ទៅក្នុងការបណ្ដោយខ្លួនទៅមើលរូបភាព ឬក៏វីដេអូអាសអាភាស) អ្នកដែលយើងចង់ឲ្យជួយ បែរជាមកជាន់ពន្លិចយើងថែមទៀតទៅវិញ (សុភាសិត ២៤:១៦)។ ចូររកមិត្តភក្តិដែលនឹងជួយផ្ដល់សេចក្ដីសង្ឃឹមដល់យើង ជួយព្យាបាលយើងនៅពេលដែលគាត់ឮការសារភាពបាបរបស់យើង។ ចំណុចស្នូលនៃការសារភាពគឺ «ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ»«ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង» (យ៉ាកុប ១:១៦ គកស)។ ពិតណាស់ តម្លៃនៃ «ពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់» (យ៉ាកុប ៥:១៦ គកស)។ ជាការល្អណាស់ប្រសិនបើលោកអ្នកសារភាពបាបនេះទៅកាន់មនុស្សដែលមានភេទដូចគ្នា។ ការសារភាពបែបនេះ មិនមែនជារនាំងខណ្ឌផ្ដាច់មនុស្សដែលប្រព្រឹត្តិបាបពីព្រះគ្រីស្ទនោះទេ ប៉ុន្តែវាជាវិធីមួយក្នុងការព្យាបាលការឈឺចាប់។ មនុស្សមានបាបដែលមានប្រាជ្ញាប្រាកដជាសារភាពបាបរបស់ខ្លួនទៅកាន់មិត្តភក្ដិដែលនឹងមិន «សង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុង» ហើយក៏នឹងមិន «រាប់សេចក្ដីអាក្រក់ថាជាល្អ» (សុភាសិត ២២:២២; អេសាយ ៥:២០)។ ប្រសិនបើនៅកន្លែងដែលលោកអ្នករស់នៅមានការប្រជុំគ្នា ដើម្បីជួយដោះស្រាយបញ្ហាបែបនេះ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យទៅចូលរួមជាមួយគេដែរ ឧទាហរណ៍៖ ក្រុមតូចដែលក្រុមជំនុំលោកអ្នកមាន។
ប្រើការយល់ឃើញដ៏ច្បាស់លាស់របស់លោកអ្នក ដើម្បីជាប្រយោជន៍
ប្រាកដណាស់ លោកអ្នកនឹងមានភាពស្រពិចស្រពិលក្នុងការយល់ឃើញ ក្រោយពេលដែលបានធ្លាក់ទៅក្នុងការមើលរូបភាព ឬក៏វីដេអូអាសអាភាស។ ប៉ុន្តែ លោកអ្នកក៏អាចនឹងមានការយល់ឃើញយ៉ាងច្បាស់លាស់ដែរ ព្រោះនោះជាលក្ខណៈមួយនៃការក្រឡេកមើលក្រោយដោយមានការសោកស្ដាយ។ «កាលយូដាស...ឃើញថាព្រះអង្គជាប់ទោស គាត់សោកស្ដាយជាខ្លាំង» (ម៉ាថាយ ២៧:៣ គកស)។ ការយល់ឃើញដ៏ច្បាស់របស់លោក យូដាស បាននាំគាត់ទៅកាន់ផ្លូវខុស។ ប៉ុន្តែ លោកអ្នកអាចប្រើការយល់ឃើញដ៏ច្បាស់របស់លោកអ្នក ដើម្បីចូលទៅកាន់ផ្លូវត្រឹមត្រូវវិញ។ ដូចគ្នាដែរសាវ័ក ប៉ុល ក៏បានសរសេរអំពីការបះបោររបស់សាសន៍អ៊ីស្រាអែលថា «ហេតុការណ៍ទាំងនោះបានកើតឡើងជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ដូចជាពួកលោក (ឡើយ)។» (១កូរិនថូស ១០:៦ គកស)។ បើនិយាយឲ្យខ្លីទៅ ពេលខ្លះយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់។ ហើយនៅក្នុងករណីនោះ គឺយើងជាគំរូដល់អ្នកដទៃហើយ។
ប្រសិនបើលោកគ្រូ ចន ផាបភ័រ (John Piper) មកនិយាយជាមួយនឹងអ្នក គាត់ទំនងជាលើកឡើងថា ∩កុំឲ្យការសោកស្ដាយរបស់យើងក្លាយជាការឥតប្រយោជន៍នោះឡើយ∪។ ចូរប្រើវាសម្រាប់សិរីល្អរបស់ព្រះជាម្ចាស់ និងសម្រាប់អំណររបស់លោកអ្នក។ ចូររៀនដាក់រនាំងទប់ស្កាត់ខ្លួនឯង។ ចូរប្រើការយល់ឃើញដ៏ច្បាស់លាស់នោះ (មុនវារសាយបាត់ទៅ) មុនពេលដែលលោកអ្នកប្រឈមមុខនឹងសេចក្ដីល្បងនោះម្ដងទៀត ដើម្បីនឹងរៀបចំរនាំងទប់ស្កាត់ខ្លួនឯង។ ប្រសិនបើលោកអ្នកគ្រាន់តែអង្គុយគិតថា រនាំងនេះ ឬក៏រនាំងនោះល្អ ឬមិនល្អ ឬក៏ថាវាមាន ឬមិនមានប្រសិទ្ធភាព ប៉ុណ្ណេះ ឬប៉ុណ្ណោះ នោះចូរចាំថា មូលដ្ឋាននៃសេចក្ដីពិតគឺ៖ ប្រសិនបើលោកអ្នកមិនមានរនាំងទប់ស្កាត់ខ្លួនឯងពីការមើលរូបភាព ឬក៏វីដេអូអាសអាភាសនៅពេលអនាគតទេ នោះលោកអ្នកប្រាកដជានឹងមើលវាម្ដងទៀតជាមិនខាន។ ប្រសិនបើលោកអ្នកមិនទាន់មានរនាំងការពារនៅឡើយទេ នោះចូរកុំបន្តនៅអែអង់ដោយគិតថា យកវិធីមួយណានោះឡើយ តែត្រូវជ្រើសរើសវិធីមួយភ្លាម។ ខាងក្រោមនេះគឺជាកម្មវិធីមួយចំនួនដែលលោកអ្នកអាចជ្រើសរើសយកទៅប្រើ ដើម្បីការពារខ្លួនបាន៖
ស្គាល់ព្រះជាម្ចាស់
ចូរចងចាំចំណុចនេះ៖ ព្រះជាម្ចាស់ស្រឡាញ់លោកអ្នកខ្លាំងណាស់! ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចំពោះអំពើបាបដែលយើងធ្វើទេ (លោកុប្បត្ដិ ៦:៦) ហើយទ្រង់ក៏ឈឺព្រះហឫទ័យនឹងយើងដែរ ប៉ុន្តែអំណាចរបស់ព្រះអង្គគឺសម្រាប់ជាប្រយោជន៍ដល់យើង (ទំនុកដំកើង ៣៤:១៧-១៩)។ ជាការពិតណាស់ ការដែលយើងមានភាពស្រពិចស្រពិលនៅក្នុងការយល់ឃើញ អាចនឹងខណ្ឌផ្ដាច់យើងចេញពីព្រះជាម្ចាស់បាន៖ «មនុស្សកំរោលមិនដឹងអ្វីទេ ហើយមនុស្សឆោតល្ងង់ក៏មិនយល់សេចក្ដីនេះដែរ» (ទំនុកដំកើង ៩២:៦ គកស)។ ប៉ុន្តែ ទោះជាពេលដែលយើងមិនអាចមើលទ្រង់ឃើញ ហើយទោះបីជាពេលដែលយើងបរាជ័យនៅក្នុងការស្ដាប់បង្គាប់ទ្រង់ក៏ដោយ ក៏យើងនៅតែអាចអធិស្ឋានបែបនេះបានដែរថា៖ ឱព្រះជាម្ចាស់អើយ! សូមរំលាយផែនការរបស់យើងខ្ញុំ ដើម្បីកុំឲ្យយើងមិនស្ដាប់បង្គាប់ទ្រង់ (នេហេមា ៤:១៥) ហើយក៏គ្មានអ្នកណាអាចឃាត់ព្រះតម្រិះរបស់ព្រះអង្គបានឡើយ (យ៉ូប ៤២:២)។ លើសពីនោះទៅទៀត ឱព្រះជាម្ចាស់អើយ! សូមជួយយើងខ្ញុំក្នុងការផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់យើងខ្ញុំទៅលើទ្រង់ ព្រោះទ្រង់យកព្រះហឫទ័យទុកដាក់នឹងយើងខ្ញុំ (១ពេត្រុស ៥:៦-៧)។
ព្រះជាម្ចាស់មិនបោះបង់មនុស្សមានបាបចោលឡើយ។ ព្រះអង្គក៏មិនដើរចេញពីអស់អ្នកដែលបណ្ដោយខ្លួនឲ្យទៅមើលរូបភាព ឬក៏វីដេអូអាសអាភាសដែរ។ ចូររង់ចាំនៅក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់។ «ចូរស្អាងខ្លួននៅក្នុង...ព្រះវិញ្ញាណបរិសុទ្ធ៖ ចូររក្សាជំនឿនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលនាំទៅរកជីវិតអស់កល្បជានិច្ចផង» (យូដាស ១:២០-២១)។ ចូរស្គាល់ចំណុចខុសគ្នារវាងព្រះជាម្ចាស់ និងការដែលអារក្សសាតាំងបន្លំខ្លួនធ្វើដូចជាព្រះជាម្ចាស់ ដើម្បីនឹងបោកបញ្ឆោតលោកអ្នក៖ ភាពស្អប់ខ្ពើម ការដើរចេញ ការគ្មានពេលវេលា និងការមិនចាប់អារម្មណ៍។ ចូរស្គាល់ព្រះភក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់៖ មានពេញដោយសេចក្ដីស្រឡាញ់ ការអត់ធ្មត់ ព្រមទាំងធ្វើការនៅក្នុងលោកអ្នក គ្មានអ្វីមួយធ្វើឲ្យទ្រង់ភ្ញាក់ផ្អើល គ្មានការបន្ទន់ចិត្ត ក៏គ្មានការរាថយនៅក្នុងការឈោងចាប់លោកអ្នកផងដែរ។ ព្រះអង្គនឹងមិនបោះបង់លោកអ្នកចោលឡើយ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។