វាមិនគ្រប់គ្រាន់ទេក្នុងការខិតខំប្រឹងប្រែង ដើម្បីឲ្យមើលឃើញរចនាសម្ព័ន្ធសង្គមកែប្រែ និងស្តាឡើងវិញ។ យើងត្រូវតែនិយាយអំពីសេចក្តីពិតនៃដំណឹងល្អ ឬយើងគ្រាន់តែនាំសិរីល្អមកកាន់ខ្លួនឯង ហើយទុកឲ្យពួកគេនៅក្នុងអំពើបាប និងកំហុសរបស់ពួកគេ។

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំ (ម៉ៃ) អង្គុយផឹកកាហ្វេជាមួយនឹងមិត្តចាស់នៅមហាវិទ្យាល័យ ហើយស្តាប់គាត់ពន្យល់ពីរបៀបដែលទស្សនៈចំពោះព័ន្ធកិច្ចរបស់គាត់បានផ្លាស់ប្ដូរតាំងពីយើងនៅជានិស្សិតមកម៉្លេះ។ ឥឡូវនេះ គាត់ស្ថិតក្នុងភាពជាអ្នកដឹកនាំលើព័ន្ធកិច្ចមហាវិទ្យាល័យនៅក្នុងទីស្នាក់ការសាកលវិទ្យាល័យក្នុងស្រុកមួយចំនួន ហើយគាត់កំពុងពន្យល់ពីការសម្រេចចិត្តរបស់ពួកគេថាមិនមានលក្ខណៈ «ការយកឈើឆ្កាងជាចំណុចស្នូល» (ពាក្យរបស់គាត់) ដូចដែលយើងទាំងពីរធ្លាប់មានកាលពី ១៥ ឆ្នាំមុនទៀតឡើយ៖ «ម៉ៃ! អ្នកដឹងទេ យើងប្រាថ្នាមិនចង់បានបែបដូច្នេះទេ...គោលលទ្ធិ។ ឈើឆ្កាងពិតជាមានសារៈសំខាន់ គឺពិតប្រាកដ។ ប៉ុន្តែយើងមិនចង់ជាប់គាំងក្នុងជម្លោះនៅសតវត្សរ៍ទីដប់ប្រាំមួយអំពីដង្វាយធួននឹងបាបនោះទេ។ យ៉ាងណាមិញ ព្រះយេស៊ូវ បានប្រើរូបភាពផ្សេងៗជាច្រើន ដើម្បីពណ៌នាអំពីសេចក្ដីសង្គ្រោះរបស់ទ្រង់ ដែលដូចជាគ្រាប់ពូជតូចល្អិតដែលកំពុងលូតលាស់។ យើងចង់ពង្រីកនគររបស់ព្រះ ដោយប្រកាសដំណឹងល្អដល់ជនក្រីក្រ និងសេរីភាពដល់អ្នកជាប់ឃុំឃាំង។ មានការងារល្អដែលយើងត្រូវធ្វើ ហេតុដូច្នេះ យើងមិនអាចវង្វេងក្នុងទេវវិទ្យាទេ»។
សូមទុកដោយឡែកមួយភ្លែតសិន តើសាវ័ក ប៉ុល នឹងយល់ព្រមជាមួយអាទិភាពរបស់មិត្តខ្ញុំឬអត់ (ចាប់តាំងពីគាត់បានប្រកាសទៅកាន់ពួកកូរិនថូសថា គាត់មិនបានព្រមស្ដាប់រឿងអ្វីទៀតក្នុងចំណោមពួកគេទេ ក្រៅពីនគររបស់ព្រះរីករាលដាលដូចជាគ្រាប់ពូជតូចល្អិត...អូចាំសិន មិនថ្វីទេ [១កូរិនថូស ២:២]) ចុះចំពោះចំណុចធំរបស់គាត់យ៉ាងណាវិញ? តំណែងរបស់គាត់មិនមែនគ្មានគុណធម៌ទេ។
សូមលើកជាឧទាហរណ៍ ដើម្បីជាការបង្ហាញថា លោកអ្នកនៅលើកប៉ាល់ដែលកំពុងធ្វើដំណើរទៅកាន់ទីប្រជុំជនឆ្ងាយ ដើម្បីព្រមានប្រជាជនអំពីសេចក្តីវិនាសដែលនឹងមកដល់។ បើសិនជាលោកអ្នកមិនបានទៅដល់ឲ្យទាន់ពេលវេលាទេ មនុស្សទាំងអស់គ្នានឹងត្រូវស្លាប់។ មិនចាំបាច់និយាយទេ លោកអ្នកចង់ឲ្យកប៉ាល់របស់ខ្លួនបើកឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ លោកអ្នកនឹងជៀសវាងផ្ទុកទំនិញលើសចំណុះដែលអាចធ្វើឲ្យការធ្វើដំណើររបស់លោកអ្នកយឺតយ៉ាវ។ លោកអ្នកមិនខ្ជះខ្ជាយពេលវេលាខ្វល់ខ្វាយអំពីកម្រាលស្អាត ឬលង្ហិនប៉ូលាឡើយ។ ភាពបន្ទាន់នៃកិច្ចការតម្រូវឲ្យលោកអ្នកធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងភាពស្ដួចស្ដើងបំផុត។
មនុស្សដូចជាមិត្តរបស់ខ្ញុំនឹងប្រកែកថា ភាពបន្ទាន់នៃបេសកកម្មរបស់គ្រីស្ទបរិស័ទតម្រូវឲ្យយើងកាត់កប៉ាល់នៃទ្រឹស្ដីរបស់យើង និងត្រូវធ្វើការទម្លាក់ចោលនូវបន្ទុកធ្ងន់នៃភាពជាក់លាក់ខាងគោលលទ្ធិ។ ការដឹកជញ្ជូនទំនិញបែបនេះនាំមកនូវការបាក់បែក និងការឈ្លោះប្រកែកគ្នារវាងមនុស្សដែលគួរតែធ្វើការជាមួយគ្នាតែប៉ុណ្ណោះ។ ប្រសិនបើមនុស្សរងទុក្ខ អ្នកក្រត្រូវគេជិះជាន់ ឈ្លើយសឹកត្រូវជាប់ចំណង ហេតុអ្វីត្រូវសរសេរសៀវភៅ និងធ្វើសន្និបាត ហើយជជែកគ្នាអំពីអត្ថន័យនៃពាក្យតែប៉ុន្មានម៉ាត់នោះ?
មានចំណុចស្របគ្នានៅទីនេះ។ ក្រុមជំនុំនឹងបានប្រសើរជាង ប្រសិនបើគ្រីស្ទបរិស័ទចំណាយពេលតិចក្នុងការឈ្លោះប្រកែកគ្នានៅលើអ៊ីនធឺណិតអំពីគោលជំនឿដែលថាព្រះជាម្ចាស់បានឃើញថាមនុស្សនឹងធ្លាក់ក្នុងអំពើបាប ហើយបន្ទាប់មកព្រះអង្គក៏បានមានផែនការសង្គ្រោះ ហើយចំណាយពេលកាន់តែច្រើននិយាយជាមួយអ្នកជិតខាងរបស់ពួកគេអំពីព្រះយេស៊ូវ។ ប៉ុន្តែ នោះមិនមែនមានន័យថា ក្រុមជំនុំដែលចង់ឈោងចាប់ដល់ជនក្រីក្រ និងអ្នកដែលមានតម្រូវការ ត្រូវតែទម្លាក់ចោលនូវការលើកឡើងពីទោសកំហុស និងការសន្ទនាអំពីទេវវិទ្យានោះទេ។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
គោលលទ្ធិមិនមែនជាការដឹកជញ្ជូនទំនិញនៅលើកប៉ាល់ទេ។ វាគឺជាកប៉ាល់ និងបង្គោល។
គោលលទ្ធិរបស់ក្រុមជំនុំនឹងកំណត់អំពីចរិតលក្ខណៈ និងគុណភាពនៃសាក្សីរបស់ខ្លួន។ ទេវវិទ្យារបស់ក្រុមជំនុំកំណត់គោលដៅរបស់ខ្លួន និងវិធីដែលវាព្យាយាមសម្រេចគោលដៅទាំងនោះ។
ហេតុដូច្នេះ សំណួរគឺថា៖ តើការបង្កើតសិស្សទាមទារឲ្យក្រុមជំនុំយល់ដឹង និងបង្រៀនអំពីគោលលទ្ធិដែរឬទេ? តើយើងអាចសម្រេចបាននូវគោលដៅទាំងពីរនោះដោយគ្រាន់តែបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ និងធ្វើការដើម្បីស្ដារសហគមន៍របស់យើងតាមរយៈ សកម្មភាពនៃការបម្រើដែរឬទេ? ពិតប្រាកដណាស់ វាដូចជាមិនទំនងទេ។
ផ្ទុយទៅវិញ អ្វីដែលយើងឃើញនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺថា ទេវវិទ្យាគឺពិតជាសំខាន់សម្រាប់គ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ក្រុមជំនុំ។ សូមពិចារណាលើចំណុចពីរយ៉ាង៖ សេចក្តីសង្គ្រោះ និងការញែកជាបរិសុទ្ធ។
សេចក្តីសង្គ្រោះទាមទារឲ្យមានគោលលទ្ធិ
ពួកអ្នករិះគន់អំពីភាពចាំបាច់ខាងគោលលទ្ធិ ពេលខ្លះបានលើកឡើងដោយមិនសមរម្យថា ប្រាកដណាស់ ព្រះនឹងមិនបើកក្បាលមនុស្សនៅថ្ងៃចុងក្រោយ ដើម្បីធានាឲ្យប្រាកដថា មានរូបមន្តនៃគោលលទ្ធិត្រឹមត្រូវនៅខាងក្នុងនោះឡើយ។ ទេ ប្រហែលជាមិនមែនបែបនោះទេ។ ប៉ុន្តែទ្រង់ទំនងជានឹងសួរពួកគេបែបដូច្នេះថា «តើអ្នកទុកចិត្តយើងទេ? គឺយើងនិងភាពពិតរបស់យើង និងមិនមែនជាភាពចម្លងចេញពីយើងនោះទេ? ម្យ៉ាងទៀត ព្រះជាម្ចាស់ទ្រង់ចាប់អារម្មណ៍ជាខ្លាំងណាស់ថា តើយើងជឿទុកចិត្តលើសេចក្ដីពិតឬអត់ ពីព្រោះនៅចំពោះព្រះ សេចក្ដីពិតខាងគោលលទ្ធិគឺជាសេចក្ដីពិតផ្ទាល់ខ្លួន។
ដើម្បីទទួលបានបទពិសោធន៍អំពីសេចក្តីសង្គ្រោះរបស់ព្រះគ្រីស្ទ បុគ្គលម្នាក់ត្រូវតែជឿ ហើយទុកចិត្តលើសេចក្តីពិតអំពីព្រះដ៏ពិត។ ប្រសិនបើអ្នកណាម្នាក់មិនបានបែរទៅរកព្រះ ហើយបានទុកចិត្តលើទ្រង់ដោយអស់ពីចិត្តនោះទេ នោះគាត់ក៏មិនអាចទទួលបានសេចក្តីសង្គ្រោះឡើយ (រ៉ូម ១០:១៣-១៧)។ គោលលទ្ធិគឺពិតជាត្រូវបានទាមទារសម្រាប់សេចក្ដីសង្គ្រោះពិតមែន!
ហេតុនេះហើយ បានជានៅពេលដែលពួកសាវ័កចេញទៅបង្កើតសិស្ស ពួកគេមិនខ្មាសអៀនក្នុងការផ្សាយដំណឹងអំពីគោលលទ្ធិឡើយ។ សូមមើលលើប្រធានបទនៃគោលលទ្ធិទាំងអស់ដែលពួកគាត់ និងអ្នកដទៃទៀតបានលើកឡើងសម្រាប់ហ្វូងមនុស្សដែលមិនទាន់ជឿនៅក្នុងកណ្ឌគម្ពីរកិច្ចការ៖
ពួកសាវ័កបានយល់ថា ដើម្បីឲ្យអស់អ្នកដែលមិនជឿធ្វើការប្រែចិត្ត និងមានជំនឿលើព្រះគ្រីស្ទ នោះពួកគេត្រូវយល់ពីសេចក្ដីពិតអំពីព្រះ និងសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈព្រះគ្រីស្ទ។
តាមការពិត នៅពេលយេស៊ូវបានលេចមកឯសាវ័ក ប៉ុល ដែលកំពុងតែបាក់ទឹកចិត្តបានឃើញនៅក្នុងសុបិន នោះទ្រង់បានប្រាប់គាត់ថា៖ «ចូរសង្ឃឹមឡើង ប៉ុលអើយ ដ្បិតអ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូម ដូចជាបានធ្វើបន្ទាល់សព្វគ្រប់ពីខ្ញុំ នៅក្រុងយេរូសាឡឹមដែរ» (កិច្ចការ ២៣:១១)។ ព្រះយេស៊ូវសង្ខេបពីព័ន្ធកិច្ចផ្សាយដំណឹងល្អទាំងស្រុងរបស់សាវ័ក ប៉ុល ទាំងដល់សាសន៍យូដា និងសាសន៍ដទៃថា ជាការថ្លែងទីបន្ទាល់អំពីការពិតអំពីទ្រង់។ ហើយនោះគឺជាអ្វីដែលសាវ័ក ប៉ុល បានធ្វើ គឺគាត់បានចេញពីទីក្រុងមួយទៅទីក្រុងមួយទៀតប្រកាសប្រាប់សេចក្តីពិតអំពីព្រះយេស៊ូវថាជានរណា និងអំពីអ្វីដែលទ្រង់បានធ្វើ។
វាពិតជាពិបាកក្នុងការផ្សះផ្សារូបភាពនៃកិច្ចការផ្សាយដំណឹងល្អរបស់ក្រុមជំនុំជាមួយនឹងការអះអាងថា ទីបន្ទាល់របស់យើងគួរតែត្រូវបានជំរុញជាចម្បងដោយទង្វើនៃសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាចំពោះអ្នកខ្វះខាត។ ការពិតគឺថា ពិភពលោកអាចមើលការផ្គត់ផ្គង់របស់គ្រីស្ទបរិស័ទតាមរយៈវែកសម្ល ឬតាមរយៈការលាបពណ៌លើរូបគំនូរអស់រយៈពេលជាងមួយពាន់ឆ្នាំ ហើយពួកគេមិនដែលមកដល់ចំនុចសន្និដ្ឋានថា ព្រះយេស៊ូវបានសុគតសម្រាប់អំពើបាបរបស់ពួកគេ ហើយបានរស់ឡើងវិញនោះឡើយ។ យើងត្រូវតែបើកមាត់របស់យើង ហើយនិយាយខ្លឹមសារនៃដំណឹងល្អទៅកាន់ពិភពលោក បើមិនដូច្នេះទេ គ្មាននរណាម្នាក់នឹងបានសង្គ្រោះឡើយ។
ការញែកជាបរិសុទ្ធទាមទារឲ្យមានគោលលទ្ធិ
មនុស្សមួយចំនួនអាចនឹងត្រូវបានល្បួងឲ្យជឿថា មនុស្សម្នាក់ៗត្រូវការគោលលទ្ធិជាមូលដ្ឋាន ដើម្បីក្លាយជាគ្រីស្ទបរិស័ទ ប៉ុន្តែ «គោលលទ្ធិ» ភាគច្រើនគឺមិនចាំបាច់ ដើម្បីរីកចម្រើនជាគ្រីស្ទបរិស័ទនោះឡើយ។ ផ្ទុយទៅវិញ យើងត្រូវស្វែងយល់អំពីរបៀបនៃការរស់នៅដូចជាព្រះយេស៊ូវនៅក្នុងសហគមន៍របស់យើង។
ប៉ុន្តែវាផ្ទុយពីនោះគឺថា អ្នកនិពន្ធនៃបទគម្ពីរនេះមិនបានចែករំលែកទស្សនៈបែបនេះនោះទេ។ ម្តងហើយម្តងទៀត ព្រះគម្ពីរបានបន្សល់ទុកនូវទង្វើ ឥរិយាបថ និងអាកប្បកិរិយាដ៏ត្រឹមត្រូវសម្រាប់រាស្ដ្ររបស់ព្រះនៅក្នុងគោលលទ្ធិដ៏ត្រឹមត្រូវ។
សូមក្រឡេកមើលឧទាហរណ៍ទាំងនេះ៖
ការស្តាប់បង្គាប់របស់គ្រីស្ទបរិស័ទ រួមបញ្ចូលទាំងការលះបង់ក្នុងការឈោងចាប់អ្នកខ្វះខាត ត្រូវតែបានបោះយុថ្កា និងជំរុញដោយចរិតលក្ខណៈ និងសកម្មភាពរបស់ព្រះជាម្ចាស់។ ការដកយុថ្កាចេញ លោកអ្នកប្រហែលជាអាចនឹងនៅកន្លែងដដែលមួយរយៈ ប៉ុន្តែមិនយូរប៉ុន្មានខ្យល់ និងរលកនឹងរុញច្រានលោកអ្នកចេញ។ សកម្មភាពនៃការលះបង់បែបនេះក៏នឹងត្រូវបញ្ឈប់ក្នុងពេលឆាប់ៗដែរ។
កាលណាយើងស្គាល់ព្រះកាន់តែច្រើន នោះយើងនឹងកាន់តែជំរុញឲ្យមានការស្តាប់បង្គាប់កាន់តែច្រើនដូចគ្នាផងដែរ។ តើមានមនុស្សប៉ុន្មាននាក់បានអធិស្ឋាននៅក្នុងក្រុមជំនុំ ឬសាលបេសកកម្ម ប៉ុន្តែបន្ទាប់មកមិនបានបោះជំហានបន្តទៅមុខទៀត ដោយសារតែពួកគេមិនត្រូវបានបង្រៀនអំពីគោលលទ្ធិត្រឹមត្រូវមួយចំនួននៃសេចក្តីជំនឿ? តើមានគ្រីស្ទបរិស័ទប៉ុន្មាននាក់ដែលជាប់គាំងនៅក្នុងគំរូនៃភាពអាត្មានិយម ខ្ជិលច្រអូស និងអំពើបាប ដោយសារពួកគេមិនបានជំរុញជាមួយការពិចារណាអំពីចរិតលក្ខណៈរបស់ព្រះ និងឥទ្ធិពលវែងឆ្ងាយចំពោះជីវិតរបស់ពួកគេ?
ប៉ុន្តែ សូមចាំបន្តិចសិន...
ការជំទាស់មួយដែលខ្ញុំឮម្តងហើយម្តងទៀតគឺថា ជាធម្មតា សហគមន៍ក្រីក្រមិនសូវទទួលបានការអប់រំប្រកបដោយគុណភាពទេ នេះមានន័យថា ប្រជាជននៅក្នុងសហគមន៍ទាំងនោះមិនមានឧបករណ៍ចាំបាច់ ដើម្បីរៀនអំពីគោលលទ្ធិឡើយ។ ប្រសិនបើមនុស្សមិនរស់នៅក្នុងបរិយាកាសដែលការអាន និងការសិក្សាមានលក្ខណៈធម្មតា ឬប្រសិនបើការចេះអក្សរមិនបានរីករាលដាលទេ នោះលោកអ្នកមិនអាចបង្រៀនពួកគេអំពីទេវវិទ្យាដែលស្មុគស្មាញបានទេ។ ប្រសិនបើលោកអ្នកព្យាយាមធ្វើ នោះប្រៀបដូចជាលោកអ្នកបាញ់ពីលើក្បាលរបស់ពួកគេ ហើយពួកគេនឹងបាត់បង់ចំណាប់អារម្មណ៍ជាមិនខាន។
និយាយតាមត្រង់ទៅ អាកប្បកិរិយាបែបនេះបានវាយខ្ញុំដូចជាភាពនិយម និងការមើលងាយ។ អ្នកក្រីក្រគឺពួកគេក្រ តែគេមិនល្ងង់ទេ។ ពួកគេមានសមត្ថភាពយល់ពីចរិតលក្ខណៈ និងមាគ៌ារបស់ព្រះជាម្ចាស់ដូចអ្នកដទៃដែរ។ សាវ័ក ប៉ុល មិនបានសរសេរសំបុត្ររបស់គាត់ទៅកាន់គ្រូនៃសាលាជាន់ខ្ពស់នោះទេ។ អ្នកអានរបស់គាត់ជាទូទៅមិនមានទ្រព្យសម្បត្តិ ឯកសិទ្ធិ ឬមានការអប់រំបានខ្ពង់ខ្ពស់នោះទេ។ ហើយជនជាតិអ៊ីស្រាអែលដែលចាកចេញពីស្រុកអេស៊ីព្ទក៏មិនមានសញ្ញាប័ត្រជាន់ខ្ពស់ខាងទេវវិទ្យាដែរ ប៉ុន្តែព្រះមិនស្ទាក់ស្ទើរក្នុងការប្រាប់ពួកគេអំពីរឿងស៊ីជម្រៅ និងស្មុគស្មាញគ្រប់យ៉ាងអំពីអង្គទ្រង់នោះឡើយ។
មនុស្សក្រីក្រក៏អាចចាប់សេចក្តីពិតយ៉ាងជ្រាលជ្រៅបានដែរ។ ខ្ញុំបានឃើញថា វាគឺជាការពិតនៅក្នុងក្រុមជំនុំដែលខ្ញុំបម្រើនៅក្នុងសហរដ្ឋអាមេរិក ហើយខ្ញុំបានឃើញរឿងដដែលនេះកើតឡើងនៅកន្លែងផ្សេងមួយទៀត។
សូមគិតពិចារណាពីលោក កុសល។ គាត់ស្ថិតនៅក្នុងវ័យ៤០ឆ្នាំរបស់គាត់។ គាត់មិនដែលរៀនចប់វិទ្យាល័យ ហើយមិនដែលអានសៀវភៅសោះនៅក្នុងជីវិតរបស់គាត់មុនពេលគាត់ប្រែចិត្តជឿព្រះជាម្ចាស់។ គាត់មិនដែលមានបទពិសោធន៍ពីមុនជាមួយក្រុមជំនុំ ឬជំនឿរបស់គ្រីស្ទបរិស័ទឡើយ។ គាត់ចេះអក្សរ ប៉ុន្តែនៅក្នុងកម្រិតមួយដែលអាចជួយឲ្យគាត់អានកាសែតបានតែប៉ុណ្ណោះ។ នៅពេលដែលលោក កុសល បានមកដល់ក្រុមជំនុំមួយ ជាលើកដំបូងគាត់បាននិយាយថា ការបង្រៀនជ្រៅពេកសម្រាប់គាត់។ ខ្ញុំនឹងឲ្យគាត់ពន្យល់តាមពាក្យរបស់គាត់៖
មុនពេលខ្ញុំទទួលបានការសង្គ្រោះ ខ្ញុំមិនអាចយល់ពីអ្វីដែលបានលើកឡើងនៅក្នុងព្រះគម្ពីរឡើយ។ ឥឡូវនេះ វាហាក់ដូចជាហៅឈ្មោះខ្ញុំ ហើយទាញខ្ញុំឲ្យចូលជិតវាអញ្ចឹង។ ខ្ញុំគិតថា នោះគឺជាព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំឃើញខ្លួនឯងគិតអំពីសំណួរដ៏ស៊ីជម្រៅនៃជីវិតតាមរបៀបដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមកឡើយ។ ខ្ញុំគ្រាន់តែចង់អានគ្រប់ពេលវេលា។ ទោះបីជាខ្ញុំមិនយល់ពាក្យទេវវិទ្យាធំៗក៏ដោយ ក៏ខ្ញុំតាំងចិត្តដើម្បីរៀនពីវាដែរ។ ខ្ញុំចង់ស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង។ ខ្ញុំចង់ស្គាល់ទ្រង់បន្ថែមទៀត។ អ្វីដែលបានជួយខ្ញុំគឺមានមនុស្សល្អៗនៅជុំវិញខ្ញុំដែលអាចជួយពន្យល់គ្រប់យ៉ាងដល់ខ្ញុំដោយមិនបានបន្ទាបខ្ញុំចុះឡើយ។ នៅសាលា បើសិនជាមានអ្វីដែលពិបាកខ្លាំងពេក នោះខ្ញុំនឹងបោះបង់ចោលហើយ។ ឥឡូវនេះ ទោះបីជាការរៀនអំពីចំណុចមួយចំនួនបានធ្វើឲ្យខ្ញុំឈឺក្បាលក៏ដោយ ក៏ខ្ញុំបានរៀនតស៊ូ និងអត់ធ្មត់ជាមួយខ្លួនឯងដែរ។
មុនពេលមានជំនឿលើព្រះគ្រីស្ទ លោក កុសល មិនអាចធ្វើការងារពេញម៉ោងបានទេ។ គាត់បានញៀនថ្នាំយ៉ាងខ្លាំង ហើយមានជីវិតវឹកវរជាខ្លាំង។ គាត់បាននិយាយថា គាត់មិនអាចអង្គុយនៅស្ងៀមលើសពីពីរនាទីបានឡើយ។ ឥឡូវនេះ គាត់អង្គុយស្តាប់ការអធិប្បាយរយៈពេលសែសិបនាទីដោយគ្មានបញ្ហា ហើយគាត់ចូលចិត្តសិក្សាព្រះគម្ពីរនៅគ្រប់ឱកាសទាំងអស់។
យើងមិនគួរបង្រួមមនុស្សឲ្យរួញខ្លី ដោយព្រោះពួកគេមិនមានការអប់រំ ឬអានមិនបានល្អឡើយ។ វាជាការប្រសើរជាងដែលលោកអ្នកត្រូវធ្វើការកែសម្រួលវិធីសាស្ត្រគរុកោសល្យរបស់ខ្លួន ប្រសិនបើអ្នកកំពុងធ្វើការជាមួយមនុស្សដែលមិនចេះអក្សរសោះ ឬពិការភាពខាងសតិបញ្ញា។ ប៉ុន្តែ គ្រប់គ្រូបង្រៀនដែលល្អ ពួកគាត់ធ្វើការកែសម្រួលវិធីសាស្ត្ររបស់ខ្លួនទៅកម្រិតនៃអ្នកស្តាប់របស់ពួកគាត់។ នៅក្នុងបទពិសោធន៍របស់យើង យើងមិនទាន់បានជួបប្រទះជាមួយនឹងប្រធានបទខាងគោលលទ្ធិ ដែលស្មុគស្មាញពេកសម្រាប់ឲ្យមនុស្សខ្វះខាតយល់ដឹងបាននៅឡើយទេ។ ប្រសិនបើលោកអ្នកបង្រៀនគោលលទ្ធិយ៉ាងច្បាស់ និងបានល្អ ដោយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ នោះរាស្ដ្ររបស់ព្រះនឹងចង់រៀនអំពីវា ហើយរីកចម្រើនពីវាផងដែរ។
សរុបសេចក្តី
តើការតាំងចិត្តចំពោះការបង្រៀន និងជឿលើគោលលទ្ធិរារាំងដល់ការផ្សព្វផ្សាយដំណឹងល្អនៅកន្លែងពិបាកដែរឬទេ? ស្ទើរតែមិនអាច។ តាមពិត បេសកកម្មរបស់យើងក្នុងការបង្កើតសិស្ស និងការបង្រៀនពួកគេឲ្យស្ដាប់បង្គាប់តាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺមិនអាចសម្រេចបានដោយគ្មានការតាំងចិត្តបែបនោះឡើយ។ វាមិនគ្រប់គ្រាន់ឡើយ ក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវដល់សហគមន៍ដែលខ្វះខាត។ វាមិនគ្រប់គ្រាន់ទេក្នុងការខិតខំប្រឹងប្រែង ដើម្បីឲ្យមើលឃើញរចនាសម្ព័ន្ធសង្គមកែប្រែ និងស្តាឡើងវិញ។ យើងត្រូវតែនិយាយអំពីសេចក្តីពិតនៃដំណឹងល្អ ឬយើងគ្រាន់តែនាំសិរីល្អមកកាន់ខ្លួនឯង ហើយទុកឲ្យពួកគេនៅក្នុងអំពើបាប និងកំហុសរបស់ពួកគេ។
កំណត់សម្គាល់របស់អ្នកកែសម្រួល៖ អត្ថបទនេះគឺជាការដកស្រង់ដែលបានកែសម្រួលចេញពីសៀវភៅថ្មីរបស់លោក Mike និងលោក Mez, “Church in Hard Places” ©២០១៦។ ប្រើដោយមានការអនុញ្ញាតពី Crossway ដែលជាព័ន្ធកិច្ចបោះពុម្ពផ្សាយ Good News Publishers, Wheaton, IL ៦០១៨៧, www.crossway.org
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។