
មានមនុស្សជាច្រើនកំពុងតែចោទសួរថា តើមានព្រះដែរឬទេ? ហើយបើមាន តើព្រះមួយណាជាព្រះពិតទៅ? ហើយបើពិតជាមានព្រះមែន ហេតុអ្វីបានជាព្រះអង្គនោះអនុញ្ញាតឲ្យមានអំពើអាក្រក់កើតឡើងនៅលើផែនដីនេះ ដូចជាមានជំងឺរាតត្បាតជាដើម? តើព្រះពិតមួយនោះជាព្រះដែលមានពេញទៅដោយក្ដីស្រឡាញ់ដែរឬទេ? បើមាន ហេតុអ្វីមិនព្យាបាលជំងឺអញ្ចឹង?
គ្រប់ទាំងសំណួរសុទ្ធតែល្អៗ ប៉ុន្តែគេភ្លេចថា ព្រះអង្គគឺជាព្រះអាទិករ ជាព្រះដែលបានបង្កើតរាល់គ្រប់អ្វីៗទាំងអស់ ដែលនេះមានន័យថា ព្រះអង្គគឺជាម្ចាស់លើអ្វីៗដែលទ្រង់បានបង្កើតមក។ ការនោះមានន័យថា ព្រះអង្គមានសិទ្ធិក្នុងការធ្វើនូវអ្វីដែលទ្រង់សព្វព្រះហឫទ័យនឹងធ្វើ។ ពីព្រោះព្រះអង្គមិនស្ថិតក្រោមច្បាប់ដែលយើងស្ថិតក្រោមនេះនោះទេ ដ្បិតព្រះអង្គជាព្រះដែលបង្កើតច្បាប់ទាំងនោះ ពោលគឺព្រះអង្គគឺជាច្បាប់ផ្ទាល់ ដែលនេះមានន័យថា ទ្រង់ខ្ពស់លើសជាងច្បាប់នោះទៅទៀត និងលើសអ្វីៗទាំងអស់។
ថ្ងៃនេះ យើងនឹងសិក្សាជាមួយគ្នាលើប្រធានបទនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងទំនួលខុសត្រូវរបស់មនុស្សលោក (លោកុប្បត្ដិ ១:១; ១របាក្សត្រ ២៩:១១-១២; ទំនុកតម្កើង ៨:១; ទំនុកតម្កើង ២៤:១-២; ទំនុកតម្កើង ៩០:២; ទំនុកតម្កើង ៩៧:៩; ទំនុកតម្កើង ១៤៧:៥; អេសាយ ៤៦:១០; សុភាសិត ១៦:៤; យេរេមា ៣២:២៧; ម៉ាថាយ ១៩:២៦; ហេព្រើរ ១:៣; កូឡូស ១:១៧)។
I. អធិបតេយ្យភាពរបស់ព្រះជាម្ចាស់
យោងតាមសម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «អធិបតេយ្យភាព» មានន័យថា «មានសិទ្ធិអំណាចគ្រប់បែបយ៉ាង»។ ដែលនេះ យោងតាមលោកគ្រូ A.W. Pink មានន័យថា «ព្រះជាម្ចាស់ខ្ពង់ខ្ពស់ ឧត្ដុង្គឧត្ដមជាងគេទាំងអស់ ហើយគ្មានខ្នាតណាមួយដែលអាចវាស់វែងពីភាពដ៏ខ្ពង់ខ្ពស់របស់ទ្រង់បានឡើយ។ ទ្រង់ជាព្រះដែលខ្ពស់ជាងគេបង្អស់ ហើយទ្រង់ក៏ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីដែរ។ នៅលើពិភពលោកនេះ គ្មានបុគ្គលណាម្នាក់ដែលអាចធ្វើឲ្យព្រះជាម្ចាស់ចុះចូលក្រោមគាត់បានឡើយ ហើយក៏គ្មានបុគ្គលណាម្នាក់អាចជះឥទ្ធិពលលើទ្រង់បានដែរ។ ទ្រង់មិនចាំបាច់ពឹងលើបុគ្គលណាម្នាក់នោះទេ ដ្បិតទ្រង់ជាព្រះដែលមានឯករាជ្យភាព។ ព្រះជាម្ចាស់ធ្វើគ្រប់ការទាំងអស់តាមដែលទ្រង់សព្វព្រះហឫទ័យ ហើយគ្មានអ្នកណាម្នាក់អាចបញ្ឈប់ ឬបង្អាក់ទ្រង់បានឡើយ» (ដកស្រស់ចេញពីសៀវភៅ «លក្ខណសម្បត្តិព្រះជាម្ចាស់»)។
យើងអាចពន្យល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ថា «ជាការដែលទ្រង់អនុវត្តភាពដ៏ឧត្តុង្គឧត្តមរបស់ទ្រង់»។ កណ្ឌគម្ពីរ ទំនុកដំកើង ១៣៥:៦ បានចែងថា «ការអ្វីក៏ដោយ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យចង់ធ្វើ
នោះក៏បានធ្វើទៅ ទាំងនៅលើមេឃ នៅផែនដីនៅក្នុងសមុទ្រហើយនៅទីជំរៅទាំងប៉ុន្មានផង»។ យើងអាចកាន់តែមើលឃើញពីការពិតមួយនេះនៅក្នុងកណ្ឌគម្ពីរ អេសាយ ៤៦:១០ ដែលបានចែងថា តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមក ខាងចុងបំផុត [អញ សំដៅលើព្រះជាម្ចាស់ ] គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ។ កណ្ឌគម្ពីរ ដានីយ៉ែល ៤:៣៥ ក៏បានចែងផងដែរថា ទ្រង់ធ្វើតាមតែព្រះហឫទ័យក្នុងពួកពលបរិវារនៃស្ថានសួគ៌ ហើយនៅកណ្ដាលពួកមនុស្សលោកផង ឥតមានអ្នកណាអាចនឹងឃាត់ទប់ព្រះហស្តទ្រង់ ឬនឹងទូលសួរទ្រង់ថា “ទ្រង់ធ្វើអ្វីដូច្នេះ?” បានឡើយ។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ឃ្លា «ព្រះអង្គជាព្រះដែលប្រកបដោយអធិបតេយ្យភាព» មានន័យថា «ព្រះអង្គគឺជាព្រះដ៏ពិត ហើយព្រះនាមទ្រង់ក៏ជាព្រះដែរ។ ទ្រង់ជាព្រះដែលសោយរាជ្យលើចក្រវាលទាំងមូល ជាព្រះដែលត្រួតត្រា និងចាត់ចែងលើគ្រប់អ្វីៗទាំងអស់ «តាមដែលគាប់ព្រះហឫទ័យទ្រង់» (អេភេសូរ ១:១១)។ ព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ថា ព្រះជាម្ចាស់របស់យើង គឺជាព្រះមហាក្សត្រដែលកំពុងគ្រងរាជ្យ។ គ្មានអ្វីដែលអាចប្រៀបផ្ទឹមនឹងអានុភាពដ៏អស្ចារ្យរបស់ទ្រង់បានឡើយ។ ទ្រង់មានអំណាចឥតព្រំដែន ហើយក៏គ្មានអ្វីដែលអាចជះឥទ្ធិពលលើទ្រង់ ឲ្យទ្រង់ផ្លាស់ប្ដូរបានផងដែរ។
សរុបសេចក្ដីទៅ ទំនួលខុសត្រូវរបស់មនុស្ស គឺពឹងផ្អែកលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយទំនួលខុសត្រូវរបស់មនុស្ស គឺជាលទ្ធផលនៃអធិបតេយ្យភាពរបស់ទ្រង់៖
ទោះបើព្រះអង្គមានពេញទៅដោយអធិបតេយ្យភាពក៏ដោយ ក៏ព្រះអង្គនៅឲ្យមនុស្សយើងមានទំនួលខុសត្រូវផងដែរ។ ព្រះអង្គមិនបានបង្កើតយើងមកដូចជាមនុស្សយន្ត ឬក៏ជាអាយ៉ងដែលថា ពេលដែលទ្រង់ថា ឆ្វេង ឆ្វេង ស្ដាំ ស្ដាំនោះទេ ប៉ុន្តែព្រះអង្គអនុញ្ញាតឲ្យយើងមានឆន្ទៈនៃការជ្រើសរើស។ ទោះបើព្រះអង្គជ្រាបថា លោក អ័ដាម និងនាង អេវ៉ា នឹងប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គក៏ដោយ ក៏ព្រះអង្គនៅតែបង្កើតពួកគេ ហើយឲ្យពួកគេមានជម្រើសជ្រើសរើសថា នឹងដើរតាមព្រះអង្គ ឬក៏បះបោរទាស់ប្រឆាំងនឹងទ្រង់។ បងប្អូនអាចអានបន្ថែមទៀតអំពីដំណើររឿងមួយនេះនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិជំពូក១-៣ ទោះបើព្រះអង្គជ្រាបថា មួយភាគបីនៃពួកទេវតានឹងបះបោរទាស់ប្រឆាំងនឹងព្រះអង្គ ហើយធ្លាក់ក្នុងអំពើបាបក៏ដោយ ក៏ព្រះអង្គនៅតែបង្កើតពួកគេ ហើយឲ្យពួកគេមានជម្រើសដែរ។ បងប្អូនអាចអានបន្ថែមទៀតអំពីដំណើររឿងមួយនេះនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៥:២១; កូឡូស ២:១០; ២ពេត្រេស ២:៥; វិវរណៈ ១២។ល។
II. ទំនួលខុសត្រូវរបស់មនុស្សលោក
ដោយសារព្រះជាម្ចាស់មានពេញទៅដោយអធិបតេយ្យភាព ហើយយើងក៏នៅមានទំនួលខុសត្រូវ ដូច្នេះតើយើងគួររស់នៅយ៉ាងដូចម្ដេច?
ចំពោះបងប្អូនដែលមិនទាន់ជឿលើព្រះយេស៊ូវនៅឡើយ ខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនបើកចិត្តទទួលជឿលើព្រះអង្គ។ ព្រះដែលប្រកបដោយអធិបតេយ្យភាព ដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ ដែលពោរពេញទៅដោយអំណាចព្រះចេស្ដា គឺជាព្រះដែលបានគ្រោងឲ្យព្រះយេស៊ូវយាងមកផែនដីនេះ ដើម្បីឲ្យទ្រង់សុគតនៅលើឈើឆ្កាងជំនួសអំពើបាបរបស់យើង ត្រូវបានគេបញ្ចុះក្នុងផ្នូរ ហើយបីថ្ងៃក្រោយមកព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ ដូចដែលយើងបានអបអរសាទរនៅថ្ងៃនោះជាមួយគ្នាដើម្បីជាការរំឭកអំពីកិច្ចការដែលទ្រង់បានធ្វើដែលបានចែងក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៥។
ក្នុងភាពជាព្រះត្រៃឯក ព្រះយេស៊ូវបានមានឆន្ទៈក្នុងការជ្រើសរើសសម្រេចព័ន្ធកិច្ចនេះ ដោយព្រះអង្គ «....ព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោមអំណាចនៃក្រឹត្យវិន័យ ដើម្បីនឹងលោះពួកអ្នកដែលក្រោមក្រឹត្យវិន័យ....»(កាឡាទី ៤:៤-៥)។ តាមរយៈការទទួលជឿលើព្រះយេស៊ូវ នោះបងប្អូននឹងអាចមានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងទ្រង់បាន។ចំពោះបងប្អូនដែលជឿលើព្រះយេស៊ូវរួចហើយ លក្ខណសម្បត្តិនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ គឺជាការលួងលោម និងជាការកម្សាន្តចិត្ត។ លោកគ្រូ ស៊ី. អេឆ. ស្ពើចិន (C.H. Spurgeon) បានបកស្រាយកណ្ឌគម្ពីរ ម៉ាថាយ ២០:១៥ ដូចតទៅ៖
«គ្មានលក្ខណសម្បត្តិណាមួយ ដែលអាចលួងលោមចិត្តបុត្រាបុត្រីរបស់ព្រះជាម្ចាស់ជាងលក្ខណសម្បត្តិដែលថា ទ្រង់ជាព្រះដែលប្រកបដោយអធិបតេយ្យភាពនោះឡើយ។ ទោះបើស្ថិតនៅក្នុងកាលៈទេសៈអវិជ្ជមាន ឬទុក្ខលំបាកបែបណាក៏ដោយ ក៏គ្រីស្ទបរិស័ទពិតប្រាកដនៅជឿថា៖ “ព្រះដែលប្រកបដោយអធិបតេយ្យភាព ជាព្រះដែលបានគ្រោងទុកនូវទុក្ខលំបាកនោះសម្រាប់ពួកគេ ទ្រង់ជាព្រះដែលគ្រប់គ្រងលើជីវិតរបស់ពួកគេ ហើយទ្រង់ក៏ជាព្រះដែលនឹងញែកពួកគេចេញទុកជាបរិសុទ្ធផងដែរ”»។
មិនថាយើងកំពុងតែប្រឈមមុខនឹងទុក្ខលំបាកដ៏ខ្លាំងប៉ុណ្ណាក៏ដោយ ក៏យើងនៅដឹងថាព្រះអង្គមានផែនការល្អៗសម្រាប់ជីវិតយើងដែរ។ មិនថា ទោះបើពិភពលោកយើងប្រឈមមុខនឹងជំងឺរាតត្បាតដ៏កាចសាហាវខ្លាំងប៉ុណ្ណាក៏ដោយ ក៏យើងនៅដឹងថា ព្រះអង្គនៅបន្តសោយរាជ្យលើបល្ល័ង្ករបស់ទ្រង់ដដែល ហើយនឹងប្រើប្រាស់ជំងឺមួយនេះ ក្នុងលក្ខណៈដែលនាំឲ្យទ្រង់ទទួលបានសិរីល្អ ទោះបើថាយើងមិនយល់ថា ទ្រង់នឹងធ្វើវាក្នុងរបៀបណាក៏ដោយ។
ក្នុងនាមជាអ្នកជឿ ជំងឺរាតត្បាត និងទុក្ខលំបាកនៅក្នុងជីវិតនេះគឺគ្រាន់តែជាការរម្លឹកយើងអំពីការធ្លាក់ក្នុងអំពើបាបនៅឯសួនច្បារអេដែន និងជាការរម្លឹកឲ្យយើងទន្ទឹងរងចាំការយាងមកវិញជាលើកទី២របស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ។
ការអនុវត្ត
១. រស់នៅដោយបង្ហាញពីក្ដីសង្ឃឹម
ដោយសារព្រះអង្គមានពេញដោយអធិបតេយ្យភាព ក្នុងនាមជាអ្នកជឿ យើងគួររស់នៅដោយបង្ហាញពីក្ដីសង្ឃឹម ដែលខុសពីក្ដីសង្ឃឹមរបស់លោកីយ៍នេះ។ ដោយសារព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ នោះយើង ដែលជាគ្រីស្ទបរិស័ទ អាចមានសង្ឃឹមបាន។ ដោយសារសេចក្ដីសង្ឃឹមរបស់យើងគឺមិនមែននៅលើលោកនេះ ប៉ុន្តែគឺនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទផ្ទាល់ ដូច្នេះយើងមិនចាំបាច់ភ័យខ្លាចនោះទេ។
ត្រង់នេះ ខ្ញុំមិនចង់មានន័យថា ប្រសិនបើយើងជាអ្នកជឿលើព្រះយេស៊ូវ នោះជំងឺនឹងរំលង ឬក៏ថាវាមិនអាចឆ្លងមកយើងបាននោះទេ។ ទេ! ខ្ញុំមិនមានន័យដូច្នោះទេ! យើងនៅអាចឆ្លង ហើយក៏អាចស្លាប់ដោយសារជំងឺមួយនេះបានដែរ។ ប៉ុន្តែ យើងមិនភ័យខ្លាច ព្រោះក្ដីសង្ឃឹមរបស់យើងគឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ គឺថាយើងនឹងទៅនៅជាមួយព្រះអង្គនៅឯនគរស្ថានសួគ៌ នៅពេលដែលយើងស្លាប់ទៅ។ សេចក្ដីស្លាប់គឺគ្រាន់តែជាយានយន្តដែលដឹកយើងចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ យើងមិនចាំបាច់ភ័យខ្លាចឡើយ ព្រោះក្ដីសង្ឃឹមរបស់យើងគឺមិនមែននៅលើផែនដីនេះនោះទេ។
ដូច្នេះបងប្អូន ចូរយើងយកឱកាសនៃការដែលកំពុងតែប្រឈមមុខនឹងទុក្ខលំបាក ដើម្បីពង្រឹងជីវិតរស់នៅដោយបង្ហាញពីក្ដីសង្ឃឹម ដែលខុសពីក្ដីសង្ឃឹមរបស់លោកីយ៍នេះ។
២. ចំណាយពេលអធិស្ឋាន
ឱ! បងប្អូនរួមជំនឿអើយ! អធិបតេយ្យភាពរបស់ព្រះជាម្ចាស់គួរកម្សាន្តចិត្តយើង មិនថាសព្វថ្ងៃនេះយើងស្ថិតក្នុងកាលៈទេសៈនៃជីវិតបែបណាក៏ដោយ។ លក្ខណសម្បត្តិមួយនេះរបស់ព្រះអង្គគួរតែជំរុញយើងឲ្យកាន់តែចំណាយពេលអធិស្ឋានទៅកាន់ព្រះអង្គ។ កណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:១៧ បានរំឭកយើងឲ្យ «អធិស្ឋានឥតឈប់ឈរ»។
តើយើងអាចចាប់ផ្ដើមអធិស្ឋានយ៉ាងដូចម្ដេចទៅ? កណ្ឌគម្ពីរ អេភេសូរ ៦:១៨ បានប្រាប់ថាឲ្យយើង «អធិស្ឋានដោយព្រះវិញ្ញាណ គ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់»។
នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៦:៥-១៥ ព្រះយេស៊ូវបានបង្រៀនយើងហើយថា តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច៖ ពោលគឺមិនត្រូវអធិស្ឋានដូចមនុស្សមានពុតឡើយ តែឲ្យយើងធ្វើនៅក្នុងបន្ទប់ដោយបិទទ្វារ។ ហើយពេលដែលយើងចាប់ផ្ដើមអធិស្ឋាន យើងធ្វើឡើងដោយសរសើរព្រះវរបិតា ព្រោះព្រះអង្គបរិសុទ្ធ។ ទូលសូមឲ្យព្រះរាជ្យរបស់ទ្រង់បានមកដល់ និងឲ្យព្រះរាជ្យរបស់ទ្រង់បានសម្រេច។ សូមឲ្យព្រះអង្គផ្គត់ផ្គង់យើង អត់ទោសយើង និងការពារយើងពីសេចក្ដីល្បួង។
ដូច្នេះបងប្អូន ចូរយើងយកឱកាសដែលយើងកំពុងតែស្ថិតនៅក្នុង ដើម្បីពង្រឹងជីវិតអធិស្ឋានរបស់យើង។
៣. ចំណាយពេលក្នុងព្រះបន្ទូល
ដោយសារព្រះអង្គមានពេញដោយអធិបតេយ្យភាព ក្នុងនាមជាអ្នកជឿ នោះយើងក៏គួរចំណាយពេលក្នុងព្រះបន្ទូលរបស់ព្រះអង្គផងដែរ។ កណ្ឌគម្ពីរ ២ធីម៉ូថេ ៣:១៦-១៧ បានចែងថា «គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរម្លឹកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក»។
ដូច្នេះបងប្អូន ចូរយើងយកគ្រប់ឱកាសនៃជីវិតយើង ដើម្បីពង្រឹងជីវិតរបស់យើងក្នុងការអាន ការស្ដាប់ ការសិក្សា ការរៀនសូត្រ និងការទន្ទេញឲ្យចាំមាត់នូវព្រះគម្ពីរ។
៤. ប្រកាសដំណឹងល្អ
ដោយសារព្រះអង្គមានពេញដោយអធិបតេយ្យភាព ក្នុងនាមជាអ្នកជឿ យើងក៏គួរយកគ្រប់ឱកាស ដើម្បីប្រកាសដំណឹងល្អ ដោយមិនមានភាពភ័យខ្លាច។ កណ្ឌគម្ពីរ ម៉ាថាយ ១០:២៨-៣១ បានចែងថា «កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។ តើគេមិនលក់ចាបពីរថ្លៃមួយសេនទេឬ? តែគ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតារបស់អ្នករាល់គ្នាមិនយល់ព្រមនោះឡើយ។ សូម្បីតែសក់របស់អ្នករាល់គ្នានៅលើក្បាល ក៏ព្រះអង្គរាប់ទាំងអស់ដែរ។ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃវិសេសជាងចាបជាច្រើនទៅទៀត»។
ដូច្នេះបងប្អូន ចូរយើងមានភាពក្លាហានក្នុងការប្រកាសដំណឹងល្អ។ ចូរយើងប្រកាសដំណឹងល្អមកកាន់ខ្លួនឯងជារៀងរាល់ថ្ងៃជាមុនសិន និងទៅកាន់អស់អ្នកដែលនៅជុំវិញយើង ជាពិសេសអស់អ្នកដែលមិនទាន់ជឿលើព្រះយេស៊ូវនៅឡើយ។
៥. ស្រឡាញ់អ្នកដទៃ
ដោយសារព្រះអង្គមានពេញដោយអធិបតេយ្យភាព ក្នុងនាមជាអ្នកជឿ យើងក៏គួរស្រឡាញ់អ្នកដទៃនៅជុំវិញយើងដែរ ជាពិសេសស្រឡាញ់គ្រីស្ទបរិស័ទដូចគ្នា ដោយមានការលះបង់ ដូចជាព្រះយេស៊ូវបានស្រឡាញ់យើង ដោយលះបង់ព្រះជន្មរបស់ទ្រង់ផ្ទាល់ជំនួសអំពើបាបរបស់យើងបានផងដែរ (ខយោង៖ យ៉ូហាន ៣:១៦)។
៦. រៀបចំផែនការសម្រាប់ជីវិត
ដោយសារព្រះអង្គមានពេញដោយអធិបតេយ្យភាព ក្នុងនាមជាអ្នកជឿ យើងក៏គួររៀបចំផែនការសម្រាប់ជីវិតយើង ដោយមានទំនុកចិត្តដឹងថា ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ នោះវានឹងកើតឡើងជាមិនខាន (ខយោង៖ យ៉ាកុប ៤:១៣-១៦)។ នៅមានចំណុចអនុវត្តជាច្រើនទៀតដែលយើងអាចលើកឡើងបាន ប៉ុន្តែខ្ញុំនឹងបញ្ចប់ត្រឹមនេះ។
«ឱ! ព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ! កូនអរព្រះគុណព្រះអង្គដែលទ្រង់បានប្រទានឱកាស និងអភ័យឯកសិទ្ធិឲ្យយើងបានសិក្សាអំពីអធិបតេយ្យភាពរបស់ព្រះអង្គ និងអំពីទំនួលខុសត្រូវរបស់យើង។ សូមព្រះអង្គកម្សាន្តចិត្តយើង ដោយសារយើងដឹងថា ទ្រង់កំពុងតែគ្រងរាជ្យលើគ្រប់អ្វីៗទាំងអស់។ សូមព្រះអង្គជួយយើងឲ្យអនុវត្តនូវអ្វីដែលយើងបានលើកឡើង។ អាម៉ែន។
និពន្ធដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និងលោកស្រី ឡូញ ស្រីរដ្ឋ
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។